អានតួអត្ថបទ

ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា​ឆ្នាំ ​២០២៣​ធ្លាក់ចុះ​ជិត​២%​ធៀបនឹង​ឆ្នាំ ​២០២២

នៅឆ្នាំ​២០២៣ ​កម្ពុជា​សម្រេចបាន​ទំហំពាណិជ្ជកម្ម​អន្តរជាតិ ​៤៦,៨ ​ពាន់លានដុល្លារ​ ពោលគឺ​ធ្លាក់ចុះ ១,៩​% ​ធៀបនឹង​ឆ្នាំ ​២០២២ ​ដែលមាន ​៤៧,៧ ​ពាន់លាន​ដុល្លារ​។ នេះបើតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋករ​។ ចំណែក​ការនាំចេញ​របស់​កម្ពុជា​កើនឡើង ​១,៨% ​ហើយ​ការនាំចូល​ថយចុះ​ ៥​%​។ ដោយឡែក​ ផលិតផល​ឧស្សាហកម្ម​កាត់ដេរ​នៅតែ​ជា​ទំនិញ​នាំមុខ​គេ​ក្នុងការ​នាំចេញ ​ខណៈដែល​ចិន ​អាមេរិក ​វៀតណាម ​ថៃ ​និង​ជប៉ុន ​ជាដៃគូ​ពាណិជ្ជកម្ម​ដ៏ធំ​របស់​កម្ពុជា​។

កម្មការិនី​កាត់ដេរ​កំពុង​បំពេញ​ការងារ
កម្មការិនី​កាត់ដេរ​កំពុង​បំពេញ​ការងារ Samer Muscati/Human Rights Watch
ផ្សាយពាណិជ្ជកម្ម

យោងតាម​របាយការណ៍គយ ​និង​រដ្ឋករ ​ចិន​គឺជាដៃគូ​ពាណិជ្ជកម្មដ៏​សំខាន់របស់កម្ពុជា​នៅឆ្នាំ​២០២៣ ដោយ​ទំហំពាណិជ្ជកម្ម​កម្ពុជា-ចិន ​មានជាង ​១២ពាន់​លានដុល្លារ ​ពោលកើនឡើង​៥% ​ធៀបនឹងឆ្នាំ​២០២២​។ អាមេរិក​ ជាដៃគូ​សំខាន់ទី​២ ដែលមាន​ទំហំពាណិជ្ជកម្ម​ជាង ៩​ពាន់លានដុល្លារ​ ពោល​ធ្លាក់ចុះ ​១,៤​% ធៀបនឹង​ឆ្នាំ​២០២២​។

ក្រៅពីនេះ ​មានវៀតណាម ​ថៃ ​ជប៉ុន ​ឥណ្ឌូនេស៊ី​ អាល្លឺម៉ង់ ​កាណាដា និង​ប្រទេសមួយចំនួន​ទៀត​សរុប២០​ប្រទេស ដែលជា​ដៃគូពាណិជ្ជកម្ម​ដ៏សំខាន់របស់​កម្ពុជា ក្នុងនោះ​ មានការធ្លាក់ចុះ​ខ្លាំងជាមួយ​ប្រទេសជិតខាង​ថៃដល់ទៅ​១៧% ​តែកើន​ជាមួយ​វៀតណាម​ជាង​៧% ធៀបនឹង​ឆ្នាំ ​២០២២​។

ជាមួយគ្នានេះ ​មុខទំនិញ​ចំនួន២០ ​ត្រូវបានលើក​យកមកបង្ហាញ​នៅក្នុង​របាយការណ៍របស់​គយ​ដោយវិស័យ​វាយនភណ្ឌ​នៅតែជាវិស័យ​នាំមុខគេ​ក្នុងការ​នាំចេញ​ដែលមាន​ចំណូលខ្ពស់​នៅឆ្នាំ ​២០២៣​។ ​ក្រៅពីនេះ ​មានគ្រាប់ធញ្ញជាតិ​ ម៉ាស៊ីន និង​ឧបករណ៍អគ្គិសនី​ វត្ថុធ្វើអំពីស្បែក ​បរិកា្ខរធ្វើពី​រោមសត្វ ​ស្បែកជើង កៅស៊ូ ​និង​ផលិតផល​ធ្វើពីកៅស៊ូ ​សុទ្ធសឹងជា​ទំនិញ​ដែលកម្ពុជា​នាំចេញមាន​ចំណូលខ្ពស់​។

ទាក់ទងទៅនឹង​ទំហំពាណិជ្ជកម្ម​អន្តរជាតិកម្ពុជា​ឆ្នាំ២០២៣នេះ ​លោកបណ្ឌិត ​គី សេរីវឌ្ឍន៍ ​អ្នកជំនាញសេដ្ឋកិច្ច​មួយរូប​នៃរាជបណ្ឌិតសភា​កម្ពុជា​មើលឃើញថា​ការនាំចូល​មានការថមថយ ​៥% ​ក្នុងរយៈពេល​ខ្លី បញ្ជាក់ថា​វិស័យលក់រាយ​នៅក្នុង​ស្រុកហាក់មាន​ការជាប់គាំង​ ដោយសារតែ​វិបត្តិអចលនទ្រព្យ​ក្នុងប្រទេស​កម្ពុជា​។

ដោយឡែក ​ការនាំចេញ​ដែលមាន​កំណើន១,៨% ​ជាសក្ខីកម្ម​បញ្ជាក់ថា​ សេដ្ឋកិច្ចកម្ពុជា​នៅតែមាន​សកម្មភាពជំរុញឲ្យ​មានការនាំចេញ ​ខណៈដែល​ឧស្សាហកម្ម​ធំៗ ​ផលិតនាំចេញ​មានការ​កើនឡើង​។ទីផ្សារ​ដែលជំរុញ​ឲ្យមានកំណើន​នាំចេញ​គឺ​ទីផ្សារអាមេរិក ​និង​ទីផ្សារ​នាំចេញ​ទៅកាន់​ប្រទេស​សមាជិក​RCEP ​ក៏មាន​សន្ទុះ​ឡើងវិញ​ដែរ ខណៈ​ទីផ្សារចិន ​និង​សហភាព​អឺរ៉ុប​មានការ​ថមថយ​បន្តិច​។ នេះបើតាម​លោកបណ្ឌិត ​គី សេរីវឌ្ឍន៍​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ