អានតួអត្ថបទ
កម្ពុជា-សង្គម

ហិង្សាលើក្មេងប្រុសលក់អណ្តើក៖អាជ្ញាធរអប្សរាដាក់ពិន័យរដ្ឋបាល តែស្នងការខេត្តសម្រេចឃាត់ខ្លួន

នៅថ្ងៃទី១២ ខែមករា អាជ្ញាជាតិអប្សរាបានចេញសេចក្តីបំភ្លឺជុំវិញករណីមន្ត្រីរបស់ខ្លួនប្រើហិង្សាទៅលើក្មេងប្រុសដើរលក់កូនអណ្តើកក្នុងបរិវេណកសិន្ទុអង្គរវត្ត។ តាមសេចក្តីបំភ្លឺ អាជ្ញាធរជាតិអប្សរាសម្រេចដាក់ពិន័យរដ្ឋបាល និងចុះកិច្ចសន្យាទទួលស្គាល់កំហុស រួមនឹងតម្រូវឱ្យមន្ត្រីដែលបានប្រើហិង្សាលើក្មេងប្រុសសុំទោសអាណាព្យាបាលរបស់ក្មេងនោះដោយផ្ទាល់។ ផ្ទុយពីវិធានការរដ្ឋបាលរបស់អាជ្ញាធរអប្សរា ស្នងការខេត្តសៀមរាបសម្រេចឃាត់ខ្លួនមន្ត្រីអាជ្ញាធរអប្សរាចំនួន២នាក់ ដើម្បីបន្តនីតិវិធីច្បាប់។  

មន្ត្រីសណ្តាប់ធ្នាប់២រូបរបស់អាជ្ញាធរជាតិអប្សរាត្រូវបានស្នងការដ្ឋាននគរបាលខេត្តសៀមរាបចាប់ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤
មន្ត្រីសណ្តាប់ធ្នាប់២រូបរបស់អាជ្ញាធរជាតិអប្សរាត្រូវបានស្នងការដ្ឋាននគរបាលខេត្តសៀមរាបចាប់ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ © ស្នងការដ្ឋាននគរបាលខេត្តសៀមរាប
ផ្សាយពាណិជ្ជកម្ម

តាមសេចក្តីបំភ្លឺរបស់អាជ្ញាធរជាតិអប្សរា ក្រោយករណីហិង្សានេះបានកើតឡើង អាជា្ញធរជាតិអប្សរាបានរៀបចំកិច្ចប្រជុំជាបន្ទាន់មួយ និងបានតម្រូវឱ្យមន្ត្រីផ្នែកសណ្តាប់ធ្នាប់ដែលបានប្រើហិង្សាលើក្មេងប្រុសនោះត្រូវបញ្ឈប់រាល់សកម្មភាពហិង្សាបែបនេះបន្តទៀត។ ក្នុងករណីមិនរាងចាល បុគ្គលរូបនេះនឹងត្រូវបណ្តេញចេញពីការងារ និងទទួលខុសត្រូវតាមផ្លូវច្បាប់។ 

ទន្ទឹមគ្នានេះ អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ពីការមិនគាំទ្រ និងមិនអាចទទួលយកបានជាដាច់ខាតនូវរាល់អំពើហិង្សាដែលបង្កឱ្យមានផលប៉ះពាល់ដល់វិន័យ និងសីលធម៌របស់មន្ត្រីឬបុគ្គលិកសាធារណៈ។ បន្ទាប់មក អាជ្ញាធរជាតិអប្សរាក៏ស្នើឱ្យបញ្ឈប់ការលក់ ឬយកសត្វគ្រប់ប្រភេទទៅលែងក្នុងកសិន្ទុនៃរមណីយដ្ឋានអង្គរដែលអាចប៉ះពាល់ដល់សត្វ និងរុក្ខជាតិដែលមានប្រភពដើមនៅទីនោះ។ 

ផ្ទុយពីវិធានការរដ្ឋបាលរបស់អាជ្ញាធរជាតិអប្សរា ស្នងការដ្ឋាននគរបាលខេត្តសៀមរាបនៅព្រឹកថ្ងៃទី១៣ ខែមករា បានឃាត់ខ្លួនជនបង្កចំនួន២នាក់ដែលជាមន្ត្រីសណ្តាប់ធ្នាប់របស់អាជ្ញាធរជាតិអប្សរា បណ្តោះអាសន្ន ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ 

ផ្អែកតាមវីដេអូដែលបង្ហោះនៅលើបណ្តាញសង្គមក្នុងថ្ងៃទី១២ ខែមករា គេឃើញមានមន្ត្រីសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរាម្នាក់ក្នុងចំណោម៥នាក់បានទះកំផ្លៀងក្មេងប្រុសជនរងគ្រោះមួយដៃ និងស្រែកឱ្យឈប់យំ។ ក្រោយមកក៏មានវីដេអូដាច់ដោយឡែកផ្សេងទៀតភ្ជាប់ជាមួយសំណេរថា បុគ្គលិកសណ្តាប់ធ្នាប់របស់អាជ្ញាធរជាតិអប្សរាដដែលតម្រូវឱ្យក្មេងប្រុសលក់សត្វអណ្តើកនោះ ហែលទឹកក្នុងកសិន្ទុអង្គរជិតមួយម៉ោង។ 

ជុំវិញករណីនេះ លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពចាត់ទុកទង្វើរបស់បុគ្គលិកអាជ្ញាធរជាតិអប្សរាជាទង្វើព្រៃផ្សៃ និង​ថា ទង្វើហិង្សាលើកុមារនេះបានជះផលអវិជ្ជមានជាច្រើនដល់សង្គមជាតិ ពិសេសប៉ះពាល់ដល់វិស័យទេសចរណ៍ផង។ សម្រាប់អ្នកតាមដានបញ្ហាសង្គមរូបនេះ រូបភាពទាំងនេះមិនគួរកើតមាន និងថា ការដែលអាជ្ញាធរជាតិអប្សរាបានដាក់ពិន័យត្រឹមវិធានការរដ្ឋបាលមានន័យស្មើនឹងការគាំទ្រអំពើហិង្សាលើកុមារ និងការពារកំហុសរបស់មន្ត្រីខ្លួន។ 

គួរបញ្ជាក់​ថា តាមមាត្រា២១៧នៃក្រមព្រហ្មទណ្ឌ អំពើហិង្សាប្រព្រឹត្តិដោយចេតនាលើអ្នកដទៃត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀល ទៅ៦លានរៀល។ ចំណែកស្ថានទម្ងន់ទោសចំពោះបទហិង្សាដោយចេតនាត្រង់មាត្រា២១៨ដល់មាត្រា២២២ចែង​ថា ជនបង្កត្រូវផ្ទន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀល ដល់១០លានរៀល បើអំពើហិង្សានោះបានប្រព្រឹត្តិដោយមានការគិតទុកមុន និងប្រព្រឹត្តិលើបុគ្គលទន់ខ្សោយ ដោយមូលហេតុអាយុនៃបុគ្គលនោះ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ