អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

កិច្ចព្រមព្រៀង RCEP អនុញ្ញាតឱ្យកម្ពុជានាំទំនិញចេញជាង៨ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣

កម្ពុជាបាននាំចេញទំនិញទៅកាន់ប្រទេសជាសមាជិកRCEP ក្នុងឆ្នាំ២០២៣ចំនួនជាង៨ពាន់លានដុល្លារ ពោលមានការកើនឡើង២៨,៨% បើធៀបនឹងឆ្នាំ ២០២២។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ កំណើននៃទំហំពាណិជ្ជកម្មរបស់កម្ពុជាបញ្ជាក់ឱ្យឃើញពីផលវិជ្ជមាននៃការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារសំខាន់របស់ពិភពលោក បើទោះបីកម្ពុជាកំពុងបន្តរងផលប៉ះពាល់ផ្នែកខ្លះពីវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ។ 

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (រូបតំណាង)
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (រូបតំណាង) masayori-ishikawa
ផ្សាយពាណិជ្ជកម្ម

ផ្អែកតាមរបាយការណ៍របស់គយ  ការកើនឡើងនៃទំហំនាំចេញទំនិញរបស់កម្ពុជាក្នុងឆ្នាំ ២០២៣ ទៅកាន់ប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់មានសន្ទុះងើបលឿនបើធៀបនឹងឆ្នាំ២០២២។ តែអ្វីជាការកត់សម្គាល់  ការធ្វើពាណិជ្ជកម្មជាលក្ខណៈទ្វេរភាគីជាមួយប្រទេសសមាជិកRCEP បានថយចុះចំនួន ៥.០៧%។ ទោះបីជាយ៉ាងនេះក្តី កិច្ចព្រមព្រៀងRCEP បានចូលរួមចំណែក ៦១ភាគរយនៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាក្នុងឆ្នាំ ២០២៣ ដែលគិតជាប្រាក់មានជាង ៤៨ពាន់លានដុល្លារ។ 

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជាសង្កេតឃើញ  កិច្ចព្រមព្រៀងRCEPបានជួយជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាយ៉ាងច្រើន ពិសេសផ្តល់ឱកាសឱ្យកម្ពុជាអាចនាំចេញផលិតផលទំនិញរបស់ខ្លួនបានច្រើនប្រភេទជាងមុន។

តាមលោកបណ្ឌិត គី សេរីវឌ្ឍន៍ កម្ពុជាទទួលបានផលចំណេញច្រើនពីការប្រកួតប្រជែងផលិតផលទំនិញនៅលើទីផ្សារសំខាន់របស់ពិភពលោក ពិសេសការនាំចេញទំនិញរួចពន្ធ។

សូមជម្រាបថា កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ កំពុងដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសជាសមាជិក។ កិច្ចព្រមព្រៀងនេះក៏អនុញ្ញាតឱ្យប្រទេសជាសមាជិកទទួលបានផលប្រយោជន៍ពីឱកាសអភិវឌ្ឍន៍របស់ប្រទេសចិនដែរ។

បច្ចុប្បន្ន កិច្ចព្រមព្រៀងRCEPមានសមាជិកចំនួន១៥ប្រទេសស្ថិតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្នុងនោះ មាន  ១០ប្រទេសជាសមាជិកអាស៊ាន និង៥ប្រទេសទៀតជាប្រទេសទីផ្សារធំដូចជា ចិន ជប៉ុន កូរ៉េ អូស្រា្តលី និងនូវែលសេឡង់។

គួរបញ្ជាក់ដែរថា កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះក៏នឹងត្រូវលុបចោលពន្ធលើការនាំចូលចំនួន ៩០ភាគរយក្នុងចំណោមប្រទេសហត្ថលេខីក្នុងរយៈពេល ២០ ឆ្នាំខាងមុខ។ សព្វថ្ងៃនេះ  មុខទំនិញជាង៩០ភាគរយរបស់កម្ពុជា រួមនឹងប្រទេសជាដៃគូផ្សេងទៀតមិនតម្រូវឱ្យបង់ពន្ធនាំចេញ-នាំចូលទេ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ