អានតួអត្ថបទ

អ្នក​វិភាគ​៖ ជំនួប​រវាង​លោក​ ហ៊ុន ម៉ាណែត​និង​ក្រុមហ៊ុន​បារាំង​១០​ នឹង​មាន​លទ្ធផល​វិជ្ជមាន

នៅថ្ងៃ​ទី​១៥​ មករា ​ពោល​ប៉ុន្មានថ្ងៃ​មុនទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​បារាំង ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក ​ហ៊ុន ម៉ាណែត ​បាន​ទទួល​ជួប​ក្រុមហ៊ុន​ធំ​ៗ ​និង​អង្គការ​អន្តរជាតិ​របស់​បារាំង​ជាង​១០​។ ជំនួប​តែក្នុង​មួយថ្ងៃ​ត្រូវបាន​អ្នក​វិភាគ​នយោបាយ ​និង​សង្គម​យល់ឃើញថា ​នឹងមាន​លទ្ធផល​ជា​វិជ្ជមាន​សម្រាប់​វិស័យ​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក ហ៊ុន ម៉ាណែត ជួបតំណាងក្រុមហ៊ុនបារាំង ជជែកពីសក្តានុពលវិនិយោគនៅកម្ពុជា
លោក ហ៊ុន ម៉ាណែត ជួបតំណាងក្រុមហ៊ុនបារាំង © STPM
ផ្សាយពាណិជ្ជកម្ម

ថ្នាក់ដឹកនាំ​ក្រុមហ៊ុនធំៗ​របស់បារាំង ​ដែលមាន​ជំនួបជាមួយ​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​ក្នុងថ្ងៃចន្ទ ទី​១៥ មករា រួមមាន​លោក Nicolas Notebaert ​ប្រធានក្រុមហ៊ុន ​VINCI Airports ​លោក Patrick POUYANNÉ ​ប្រធានក្រុមហ៊ុន ​Total Energies ​លោក Olivier Duguet ​ប្រធាន​ក្រុមហ៊ុន ​Blue Circle លោក​ Geoffrey LADET ​នាយកប្រតិបត្តិ​ក្រុមហ៊ុន ​Puy Du Fou Asia ​លោក Philippe DELLEUR ​អនុប្រធាន​ជាន់ខ្ពស់​ក្រុមហ៊ុន ​Alstom លោក Emmanuel Rochas ​នាយកប្រតិបត្តិ​ក្រុមហ៊ុន ​Wholesale International Group ​លោកស្រី ​Maud BAILLY ​នាយិការ​ប្រតិបត្តិ ​Sofitel, MGallery ​និង​ Emblems តំណាងឲ្យ​ ACCOR Group ​លោកស្រី ​Louise MUSHIKIWABO ​អគ្គលេខាធិការ​អង្គការអន្តរជាតិ​ហ្វ្រង់កូហ្វូនី​ លោក ​Geoffroy Roux De Bezieux ​ប្រធានសម្ព័ន្ធ​និយោជក​ហ្រ្វង់កូហ្វូន​(APF)​ជាដើម​។

នៅក្នុងជំនួប​ជាមួយ​ក្រុមហ៊ុនធំៗ​របស់បារាំង​ លោក ហ៊ុន ម៉ាណែត ​តែងលើកឡើងពី​សក្តានុពល​សេដ្ឋកិច្ច និង​បរិយាកាសវិនិយោគ​នៅកម្ពុជា ​ចង្អុលបង្ហាញពី​ច្បាប់វិនិយោគ​ប្រកបដោយ​ភាពអនុគ្រោះ និង​លើកទឹកចិត្ត​ដល់សកម្មភាព​វិនិយោគ អនុវត្ត​នូវអភិក្រម​ដែលមានលក្ខណៈ​ប្រាកដនិយម​ក្នុងការគាំទ្រដល់​ការធ្វើវិនិយោគ​។ល។និង​។ល។

ជាការឆ្លើយតប​វិញ ​តំណាងក្រុមហ៊ុន​បារាំងនានា​បានសម្តែងការ​ចាប់អារម្មណ៍​ក្នុងការវិនិយោគ​លើវិស័យផ្សេងៗ​គ្នានៅក្នុង​ប្រទេសកម្ពុជា​ដូចជាផ្នែក​ថាមពល អគ្គិសនី ​ការអភិវឌ្ឍន៍​ទីក្រុង ការ​ដឹកជញ្ជូន ​ទេសចរណ៍ និង​ព្រលានយន្តហោះ​ជាដើម​។

ដោយឡែក​នៅក្នុងជំនួបរវាង​លោកស្រី ល្វីស មូស៊ីគីវ៉ាបូ​(Louise MUSHIKIWABO)​ អគ្គលេខាធិការ​អង្គការអន្តរជាតិ​ហ្វ្រង់កូហ្វូនី ​និង​ប្រមុខរដ្ឋាភិបាល​កម្ពុជា លោកស្រី ​MUSHIKIWABO ​បានបង្ហាញ​ការគាំទ្រ​បេក្ខភាពរបស់​កម្ពុជាក្នុងការ​ធ្វើជាម្ចាស់ផ្ទះ​នៃកិច្ចប្រជុំ​កំពូលហ្វ្រង់កូហ្វូនី​នៅឆ្នាំ២០២៦ ​និងបាន​ស្នើដល់កម្ពុជា​ឲ្យបន្តចូលរួម​ចែករំលែក​បទពិសោធន៍​របស់កម្ពុជា​ក្នុងការថែរក្សា​ស្ថិរភាព ​សន្ដិភាព​ដល់បណ្ដាប្រទេស​និយាយភាសាបារាំង​នៅក្នុងទ្វីបអាហ្វ្រិក ​និង​បណ្ដាទ្វីប​ដទៃទៀត ក៏ដូចជា​ប្រទេស​ដែលមិនប្រើប្រាស់​ភាសាបារាំង​។

លោក​បណ្ឌិត គិន ភា ​នាយកវិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិនៃ​រាជបណ្ឌិតសភា​កម្ពុជា​មើលឃើញថា ​ជំនួបរវាង​លោកនាយករដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត និង​ក្រុមហ៊ុនបារាំងធំៗ​ពេលនេះ នឹងមាន​លទ្ធផល​ជាវិជ្ជមាន។ ​នាយកវិទ្យាស្ថាន​ទំនាក់ទំនងអន្តរជាតិ​នៃ​រាជបណ្ឌិតសភា​កម្ពុជារូបនេះ​សង្ឃឹមថា ​ក្រុមហ៊ុនបារាំងកាន់តែ​ច្រើន​នឹងមានវត្តមាន​នៅកម្ពុជា ហើយ​ការផ្លាស់ប្តូរពាណិជ្ជកម្ម​រវាងបារាំង និង​កម្ពុជា កាន់តែ​មានទំហំធំឡើង​ទាំងនៅក្នុង​ក្របខ័ណ្ឌទ្វេភាគី ​ក៏ដូចជា​ពហុភាគី គឺ​រវាងកម្ពុជា ​និង​សហភាពអឺរ៉ុប​។

សូមរំលឹកថា ​បារាំង​ជាប្រទេសទី​១ក្នុងតំបន់អឺរ៉ុប ​ដែលបាន​វិនិយោគច្រើន​ជាងគេនៅ​កម្ពុជា ដោយ​មានក្រុមហ៊ុន​បារាំងប្រមាណ​ជា​៥០០ កំពុង​ធ្វើអាជីវកម្ម​ជាប្រភេទ​អាជីវកម្ម​ខ្នាតតូច ​មធ្យម និង​ខ្នាតធំ​។

វិស័យដែល​មានសក្តានុពល ​សម្រាប់ធុរកិច្ច​បារាំងនៅកម្ពុជា​រួមមាន វិស័យ​កាត់ដេរសម្លៀកបំពាក់ ​ផលិតស្បែកជើង ​ទេសចរណ៍ និង​សេវាកម្ម កសិកម្ម ​និង​វិស័យ​ថាមពល​បៃតងជាដើម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ