អានតួអត្ថបទ

បារាំងផ្ដល់ហិរញ្ញប្បទានឲ្យកម្ពុជា ២៣៥លានដុល្លារសម្រាប់វិស័យទឹកស្អាត ថាមពល វិជ្ជាជីវៈ

នៅថ្ងៃទី ១៨ មករា ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឈន៍(AFD) បានផ្ដល់កញ្ចប់ហិរញ្ញប្បទានឲ្យកម្ពុជាប្រមាណ ២៣៥លានដុល្លារ ដែលជាទំហំទឹកប្រាក់ដ៏ច្រើនមិនធ្លាប់មានពីមុនមក។ ហិរញ្ញប្បទានក្នុងចំនួនដ៍ធំនេះ នឹងត្រូវផ្ដោតលើវិស័យចំនួន៣របស់កម្ពុជា គឺទឹកស្អាត ថាមពល និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ 

ការផ្ដល់ហិរញ្ញប្បទានរបស់ទីភ្នាក់ងារអភិវឌ្ឈន៍បារាំង(AFD)
ការផ្ដល់ហិរញ្ញប្បទានរបស់ទីភ្នាក់ងារអភិវឌ្ឈន៍បារាំង(AFD) © Internet
ផ្សាយពាណិជ្ជកម្ម

តាមសេចក្ដីប្រកាសព័ត៌មានមួយចេញផ្សាយនៅថ្ងៃទី១៩ មករា កិច្ចព្រមព្រៀងហិរញ្ញប្បទាននេះ ត្រូវបានចុះហត្ថលេខាជាផ្លូវការ នៅក្នុងដំណើរទស្សនកិច្ចដំបូងរបស់នាយករដ្ឋមន្រ្តីកម្ពុជាក្នុងប្រទេសបារាំង។ នៅក្នុងចំនួនទឹកប្រាក់ទាំងប្រមាណ ២៣៥លានដុល្លារ មានរហូតដល់ប្រមាណ១៣១លានដុល្លារ ត្រូវបានគ្រោងចំណាយទៅលើវិស័យទឹកស្អាតរបស់កម្ពុជា។ ហិរញ្ញប្បទាននេះត្រូវបានគេជឿជាក់ថា នឹងផ្ដល់លទ្ធភាពឲ្យរោងចក្រចម្រោះទឹកស្អាតបាក់ខែងរបស់កម្ពុជា បង្កើនការផ្គត់ផ្គង់ទឹកស្អាតដល់៦០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើងរបស់ប្រជាពលរដ្ឋ។ 

ចំណែកវិស័យថាមពលវិញ ត្រូវបានគ្រោងប្រើហិរញ្ញប្បទានប្រមាណ៧៨លានដុល្លារ  ក្រោមរូបភាពជាកម្ចីរបស់AFD។ គម្រោងហិរញ្ញប្បទាននេះ មានគោលបំណងបង្កើនសមត្ថភាពស្តុកថាមពលរបស់អគ្គិសនីកម្ពុជា រហូតដល់៧៥មេហ្កាវ៉ាត់ម៉ោង ដើម្បីពន្លឿនសមារណកម្មប្រភពថាមពលកកើតឡើងវិញ ដូចជាថាមពលព្រះអាទិត្យ និងថាមពលខ្យល់ជាដើម។ ធ្វើដូចនេះ គឺដើម្បីឲ្យបណ្ដាញអគ្គិសនីជាតិកម្ពុជាកាន់តែចូលរួមការពារបរិស្ថាន និងបង្កើនទំនុកចិត្តដល់អ្នកប្រើប្រាស់។

រីឯហិរញ្ញប្បទាន ២៧លានដុល្លារទៀតក្នុងរូបភាពជាកម្ចីរបស់AFDដែរ នឹងត្រូវប្រើប្រាស់ក្នុងការបណ្ដុះបណ្ដាញជំនាញវិជ្ជាជីវៈ តាមរយៈក្រសួងការងារ។ គម្រោងហិរញ្ញប្បទាននេះ មានគោលបំណងពង្រឹងការបណ្ដុះបណ្ដាញវិជ្ជាជីវៈនិងធនធានមនុស្សកម្ពុជា ក្នុងកម្រិតខ្ពស់មួយ សំដៅប្រែ ក្លាយជាប្រទេសមានសេដ្ឋកិច្ចផ្ដោតលើឧស្សាហកម្ម ដែលគាំទ្រដោយបច្ចេកវិទ្យានិងវិទ្យាសាស្រ្ត។ 

គួរបញ្ជាក់ថា ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឈន៍(AFD) បានផ្ដើមដំណើរការក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩៣ ដោយបានផ្ដល់ហិរញ្ញប្បទានសរុបជាង១ពាន់៥រយលានអឺរ៉ូគិតត្រឹមឆ្នាំ២០២៤នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ