អានតួអត្ថបទ
កម្ពុជា-ថៃ

សមាជិករដ្ឋសភាថៃចង់ឲ្យនាយករដ្ឋមន្ត្រីខ្លួនជជែកជាមួយលោក ហ៊ុន ម៉ាណែត លើបញ្ហាបើកច្រកចូលប្រាសាទព្រះវិហារ

សមាជិករដ្ឋសភាថៃ លោក Phumin Leethiraprasert បានលើកជាសំណើទៅកាន់នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថៈវីស៊ីន ឲ្យជជែកជាមួយនាយករដ្ឋមន្ត្រីកម្ពុជា ពីការបើកច្រកចូលប្រាសាទព្រះវិហារឡើងវិញ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានBangkok Post នៅថ្ងៃទី២១មករាឆ្នាំ២០២៤។

កងទ័ពកម្ពុជាឈរជើងយាមល្បាយនៅប្រាសាទព្រះវិហារ អំឡុងពេលជម្លោះជាមួយថៃឆ្នាំ២០០៨
កងទ័ពកម្ពុជាឈរជើងយាមល្បាយនៅប្រាសាទព្រះវិហារ អំឡុងពេលជម្លោះជាមួយថៃឆ្នាំ២០០៨ ASSOCIATED PRESS - Heng Sinith
ផ្សាយពាណិជ្ជកម្ម

សំណើសុំបើកច្រកចូលប្រាសាទព្រះវិហារ ត្រូវបានសមាជិករដ្ឋសភាថៃ លោក Phumin Leethiraprasert ប្រាប់លោកនាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថៈវីស៊ីន កាលពីថ្ងៃពុធ ទី២៤ មករា។ សារព័ត៌មាន Bangkok Post បានស្រង់សម្តីលោក Phumin Leethiraprasert ដែលថា ការបើកច្រកចូលប្រាសាទព្រះវិហារដែលរង់ចាំជាយូរគឺអាស្រ័យលើការចរចារវាងលោក សេដ្ឋា ថៈវីស៊ីន និងប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែតនៅថ្ងៃទី៧កុម្ភៈខាងមុខ។ សម្រាប់ភាគីថៃ ការបើកច្រកប្រាសាទព្រះវិហារឡើងវិញនឹងអាចជំរុញឲ្យមានកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរ។

តាម Bangkok Post ការលើកឡើង របស់ សមាជិករដ្ឋសភាថៃនៅ ក្នុង រឿង នេះ ត្រូវបានទទួលស្តាប់ដោយនាយករដ្ឋមន្ត្រីថៃ ដែលចង់ដឹងពីបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ មុនទស្សនកិច្ច របស់ លោក ហ៊ុន ម៉ាណែតនៅ ក្នុងប្រទេសថៃនាដើមខែកុម្ភៈខាងមុខ។

ចំណែកកម្ពុជានៅមិនទាន់មានការឆ្លើយតបយ៉ាងណាទេចំពោះសំណើរបស់សមាជិករដ្ឋសភាថៃពេល នេះ។ តែប្រធានរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត សុខ ទូច យល់ថា កម្ពុជាមិនគួរបើកច្រកព្រះវិហារឡើងវិញជាដាច់ខាត។ មិនគួរបើក ព្រោះបើតាមលោកបណ្ឌិត សុខ ទូច កម្ពុជាធ្លាប់ភ្លក្សមេរៀនជាច្រើនរួចហើយពីបញ្ហាព្រំដែនប្រាសាទព្រះវិហារជាមួយប្រទេសថៃ។ តាម លោកសុខ ទូច ការបើកច្រកចូលប្រាសាទព្រះវិហារឡើងវិញពីខេត្តស៊ីសាកេតរបស់ថៃមិនមានចំណេញអ្វីសម្រាប់កម្ពុជាទេ។ ផ្ទុយមកវិញ គឺថៃ ដែល នឹងទទួល បាន កំណើនភ្ញៀវទេសចរបន្ថែម។

គួរបញ្ជាក់ថា ច្រកចូលប្រាសាទព្រះវិហារពីខាងខេត្តស៊ីសាកេតរបស់ថៃត្រូវបានបិទតាំងពីឆ្នាំ២០០៨ ពោលក្រោយពេលដែលកម្ពុជា និងថៃមានជម្លោះប្រដាប់អាវុធជុំវិញបញ្ហាប្រាសាទព្រះវិហារ។ កម្ពុជា បាន ប្តឹង រឿង នេះ ទៅ កាន់ តុលាការ យុត្តិធម៌អន្តរជាតិ ICJ ក្រុង ឡាអេ ក្នុង ឆ្នាំ ២០១១។ នៅ ២ឆ្នាំ ក្រោយ មក ពោល ក្នុង ឆ្នាំ ២០១៣ ICJ បាន ចេញសេចក្តីសម្រេច ដោយទាមទារឲ្យភាគីទាំងពីរដកកងទ័ពដែលឈរជើងនៅមុខប្រាសាទព្រះវិហារចេញឲ្យអស់។ ទន្ទឹមនឹងទាមទារឲ្យដកទ័ព សេចក្តីសម្រេចដដែលក៏បានអនុញ្ញាតឲ្យថៃ និងកម្ពុជាដាក់ពង្រាយកម្លាំងល្បាតតាមនៅតាមព្រំដែនខាងក្រៅ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ