អានតួអត្ថបទ

រដ្ឋាភិបាល​ប្រកាស​ស្តារ ​និង​ជំរុញ​ការ​វិនិយោគ​ក្នុងខេត្ត​ព្រះសីហនុ​ឆ្នាំ​២០២៤

«​កម្មវិធី​ពិសេស​ជំរុញការ​វិនិយោគ​ក្នុងខេត្ត​ព្រះសីហនុ ​ឆ្នាំ​២០២៤​» ​ត្រូវបាន​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​នៅថ្ងៃ​ទី​៣១​ ខែ​មករា ​ឆ្នាំ​២០២៤​នេះ ​នៅ​ខេត្ត​ព្រះសីហនុ​។ ​ជាមួយ​គ្នានេះ ​រដ្ឋាភិបាល​ក៏បាន​បង្កើត​ក្រុម​ការងារ​មួយ​ ដើម្បី​ជំរុញ​វិនិយោគ​នៅក្នុង​ខេត្ត​ដែល​មាន​សមាសភាព​ចម្រុះ​៣០​រូប ​ដឹកនាំ​ដោយ​រដ្ឋលេខាធិការ​មួយរូប​មកពី​ក្រសួង​ហិរញ្ញវត្ថុ​។

អគារមួយចំនួននៅខេត្តព្រះសីហនុ ដែលសាងសង់មិនទាន់រួច ហើយត្រូវបោះបង់ចោល
អគារមួយចំនួននៅខេត្តព្រះសីហនុ ដែលសាងសង់មិនទាន់រួច © សហការី
ផ្សាយពាណិជ្ជកម្ម

នៅចំពោះមុខ​មន្ត្រី ​និង​ប្រជាពលរដ្ឋ​ជាច្រើននាក់​នៅខេត្ត​ព្រះសីហនុ​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​បានថ្លែងថា ​ការ​ប្រកាសដាក់​ឲ្យអនុវត្ត​ «កម្មវិធី​ពិសេសជំរុញ​ការវិនិយោគ​ក្នុងខេត្ត​ព្រះសីហនុឆ្នាំ​២០២៤​» អាចចាត់ទុក​ជា​ជំហានជាក់ស្តែង​ថ្មីមួយ​ទៀត​នៅក្នុង​ទិសដៅ​ស្តារ​ឡើងវិញ​នៅក្នុង​ខេត្ត​នេះ​។

ទន្ទឹមគ្នានេះ ​រដ្ឋាភិបាល​កម្ពុជា​ក៏បាន​បង្កើត​ក្រុមការងារ​ជំរុញ​ការវិនិយោគ​ក្នុងខេត្ត​ព្រះសីហនុ ​ដែលមាន​សមាសភាព​មកពី​ស្ថាប័ន​ចម្រុះ​របស់រដ្ឋ​ចំនួន​៣០រូប ​ដឹកនាំដោយ​លោក ​ហ៊ាន សាហ៊ីប ​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​។

យោងតាម​ឯកសារ​លម្អិត ​កម្មវិធី​ពិសេសជំរុញ​ការវិនិយោគ​ក្នុងខេត្ត​ព្រះសីហនុ​ឆ្នាំ២០២៤ ​នឹងត្រូវ​អនុវត្តចំពោះ​គម្រោងវិនិយោគ ​ឬសកម្មភាព​ធុរកិច្ចក្នុង​ឆ្នាំ​២០២៤ ​ចំនួន៣ប្រភេទ ​រួម​មាន ទី១ ​គម្រោង​វិនិយោគ ឬសកម្មភាព​ធុរកិច្ចជាប់ពាក់ព័ន្ធ​នឹង​អគារកំពុងជាប់គាំង ​និង​ការចាប់ផ្តើម​អនុវត្តន៍នៅក្នុង​ឆ្នាំ​២០២៤ ​ទី២ គឺគម្រោង​វិនិយោគ ឬ​សកម្មភាពធុរកិច្ច​មិនជាប់ពាក់ព័ន្ធនឹង​អគារជាប់គាំង ​តែចាប់ផ្តើម​ដំណើរការ​បានភា្លម​នៅឆ្នាំ​២០២៤ និង​ទី៣ គឺគម្រោង​វិនិយោគ ឬ​សកម្មភាពធុរកិច្ច​មានស្រាប់ ​ស្របតាម​លក្ខណៈវិនិច្ឆ័យ​ជាក់លាក់ ដែលត្រូវ​​ផ្តើម​ដំណើរការ​នៅក្នុងឆ្នាំ​២០២៤​។

តាមរយៈ​គម្រោង​ស្តារឡើងវិញ​ទាំងបី​ខាងលើ ​រដ្ឋក៏បង្ហាញ​នូវភាពអនុគ្រោះ​ជាច្រើន ​ដូចជា​ការអនុគ្រោះពន្ធ ​អាករបន្ថែម ​មិនយកថ្លៃ​សេវាសាធារណៈ ​សម្រួលដល់​បែបបទធុរៈកិច្ច ​និង​មានជំនួយ​ផ្លូវច្បាប់​ក្នុងការដោះស្រាយ​វិវាទក្រៅ​ប្រព័ន្ធតុលាការ​ជាដើម​។

សូមរំលឹកថា​ចាប់តាំងពីឆ្នាំ ​២០១៦មក ​ការវិនិយោគក្នុង​ខេត្តព្រះសីហនុ ​មានសន្ទុះកើនឡើង​យ៉ាងគំហុក ​ជាពិសេសមានការរីក​ដុះដាលយ៉ាងលឿន​ក្នុងចំនួនដ៏ច្រើន​នូវសំណង់អគារ ​ជាសណ្ឋាគារ​ ភោជនីយដ្ឋាន ​ហាងលក់ទំនិញ ​និង​កន្លែងស្នាក់នៅ​។ល​។តែចាប់តាំង​ពីឆ្នាំ ​២០១៩​មក ការផ្លាស់ប្តូរ​តាមរយៈការវិវត្តន៍​នៃ​ស្ថានភាពសង្គម ​សេដ្ឋកិច្ច ​គួបផ្សំនឹងការ​មកដល់នៃ​វិបត្តិកូវីដ-១៩ ​និងបញ្ហាប្រឈម​ជាសកលផ្សេងៗ​ទៀតបាន​ធ្វើឲ្យសំណង់​អគារជាច្រើន​ត្រូវបានផ្អាក ​ឬបញ្ឈប់​ដំណើរការ​សាងសង់។ ​នេះបើតាមការ​លើកឡើង​របស់រដ្ឋមន្ត្រី​ក្រសួងហិរញ្ញវត្ថុ ​លោក អូនព័ន្ធ មុន្នីរ័ត្ន​។

បច្ចុប្បន្ន ​អគារដែល​ត្រូវបាន​ផ្អាកដំណើរការ​សាងសង់នៅខេត្ត​ព្រះសីហនុមាន​ចំនួន ៣៦២​អគារ ដែល​ត្រូវការ​ទុនវិនិយោគ​បន្ថែម ប្រមាណ​ជាង ១ ១០០​លានដុល្លារ ​ដើម្បី​បញ្ចប់ការ​សាងសង់​។ ​ចំណែក​អគារដែល​បានសាងសង់​រួច តែ​ពុំទាន់បាន​ប្រើប្រាស់​មានចំនួន ​១៧៦​អគារ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ