អានតួអត្ថបទ
កម្ពុជា-ពាណិជ្ជកម្ម

Vietnam Briefing៖ទំនិញខ្លះរបស់កម្ពុជានឹងត្រូវអនុគ្រោះពន្ធនាំចូលវៀតណាម

តាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកវៀតណាមឈ្មោះ Vietnam Briefing វៀតណាមនឹងបន្ធូរបន្ថយកម្រិតពន្ធនាំចេញមុខទំនិញមួយចំនួនរបស់កម្ពុជាទៅវៀតណាម។ នេះជាផ្នែកមួយនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រាប់ឆ្នាំ២០២៤។ តែភាគីវៀតណាមមិនបានបញ្ជាក់លម្អិតពីមុខទំនិញសំខាន់ៗដែលនឹងត្រូវទទួលបានការអនុគ្រោះពន្ធនៅឡើយទេ។ 

ទង់ជាតិកម្ពុជា និងវៀតណាម( រូបតំណាង)
ទង់ជាតិកម្ពុជា និងវៀតណាម( រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

យោងតាមកាសែត Vietnam Briefing ចេញផ្សាយនៅថ្ងៃទី០៦ កុម្ភៈ មុខទំនិញរបស់កម្ពុជាដែលត្រូវរួចពន្ធនាំចូលទៅវៀតណាមត្រូវអនុលោមតាមលក្ខខណ្ឌសំខាន់ៗចំនួន៣។ លក្ខខណ្ឌទី១​ វៀតណាមតម្រូវឱ្យមុខទំនិញរបស់កម្ពុជាស្ថិតក្នុងបញ្ជីអនុគ្រោះពន្ធរបស់វៀតណាម ទី២ ត្រូវមានវិញ្ញាបនបត្រប្រភពដើមចេញដោយអាជ្ញាធរកម្ពុជា និងលក្ខខណ្ឌទី៣ មុខទំនិញរបស់កម្ពុជាត្រូវដឹកតាមច្រកព្រំដែនដែលបានកំណត់ជាក់លាក់។

បើតាមតារាងមុខទំនិញរបស់អគ្គនាយកដ្ឋានគយវៀតណាម កម្ពុជានាំចេញទៅវៀតណាមភាគច្រើននូវផលិតនេសាទ បន្លែផ្លែឈើ គ្រាប់ស្វាយចន្ទី ពោត សណ្តែក ថ្នាំជក់ កៅស៊ូ ឈើ សំណល់អេតចាយ និងឧបករណ៍អេឡិចត្រូនិកមួយចំនួន។ តែក្នុងចំណោមទំនិញទាំងអស់ខាងលើ​ កៅស៊ូ និងគ្រាប់ស្វាយចន្ទីជាផលិតផលដែលនាំចេញច្រើនទៅប្រទេសវៀតណាមក្នុងមួយឆ្នាំៗ។ 

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជាមិនអាចសន្មតជារួមបានថា ការអនុគ្រោះពន្ធរបស់វៀតណាមលើមុខទំនិញមួយចំនួនរបស់កម្ពុជានឹងអាចជួយឱ្យការនាំចេញរបស់កម្ពុជាទៅវៀតណាមកើនឡើងច្រើននោះទេ។ តែលោកកត់សម្គាល់ថា មុខទំនិញរបស់កម្ពុជាជាច្រើនត្រូវបានរួចពន្ធអស់ទៅហើយ ដោយនៅសល់តែមុខទំនិញមួយចំនួនទៀតប៉ុណ្ណោះ។

ទោះជាយ៉ាណា អ្នកជំនាញសេដ្ឋកិច្ចរូបនេះមិនគិតថា ការបន្ធូរបន្ថយពន្ធអាចផ្តល់ផលចំណេញឱ្យភាគីណាមួយច្រើនជាងភាគីណាមួយទេ ដរាបណាទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរនៅតែបន្តមិនខុសគ្នាខ្លាំងនោះ។

សូមជម្រាបថា ទំហំនៃការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមកាលពីឆ្នាំ២០២៣កន្លងទៅមានជាង៨ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ កម្ពុជាទទួលបានចំណូលពីការនាំចេញទំនិញទៅវៀតណាមជាង៣ពាន់លានដុល្លារ ខណៈវៀតណាមទទួលបានចំណូលបានជាង៤ពាន់លានដុល្លារ។ មុខទំនិញភាគច្រើនដែលវៀតណាមនាំចូលកម្ពុជា​ជាផលិតផលវាយនភណ្ឌ និងដែកថែប៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ