អានតួអត្ថបទ

អាជ្ញាធរថៃចាប់ខ្លួនពលរដ្ឋខ្មែរម្នាក់ជាមួយគ្រាប់កាំភ្លើង និងអាវុធច្រើនគ្រឿង

នៅថ្ងៃសុក្រ ទី៩ កុម្ភៈវេលាម៉ោង ៣ និង៤០នាទីទាបភ្លឺ ពលរដ្ឋខ្មែរម្នាក់ត្រូវបានប៉ូលីសថៃចាប់ខ្លួនជាមួយកាំភ្លើងវែងចំនួន ១០ដើម គ្រាប់កាំភ្លើង AK-47 ប្រមាណ 1500គ្រាប់ រួមទាំងរបស់របរមួយចំនួនទៀត។ ក្រោយទទួលបានព័ត៌មាននេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានបញ្ជាក់ប្រាប់វិទ្យុបារាំង RFI នៅថ្ងៃសៅរ៍ ទី១០ កុម្ភៈនេះថា ស្ថានអគ្គកុងស៊ុលកំពុងទំនាក់ទំនងជាមួយអាជ្ញាធរថៃ រកមេធាវីសំរាប់ការពារក្តីឲ្យពលរដ្ឋខ្មែរនេះ។

កាំភ្លើងដែលរឹបអូសបាន
កាំភ្លើងដែលរឹបអូសបាន © Bangkok Post
ផ្សាយពាណិជ្ជកម្ម

 

តាមកាសែតបាងកកប៉ុស្តិ៍នៅចេញផ្សាយថ្ងៃទី៩ កុម្ភៈ កងទ័ពល្បាតជើងទឹកថៃម្នាក់បានស្ទាក់ទូកមួយគ្រឿងដែលជិះដោយបុរសជនជាតិខ្មែរវ័យ២០ឆ្នាំម្នាក់នៅម្ដុំភូមិ Tambon Hat Lek ស្រុក Klong Yai នៃខេត្តត្រាតជាប់ខេត្តកោះកុង។ 

មេបញ្ជាការនៃអង្គភាពកងទ័ពជើងទឹកខេត្តត្រាត លោក Naruemit Suksamiti បញ្ជាក់ថា នៅក្នុង អំឡុងពេលស្ទាក់ពិនិត្យនេះ កងទ័ពបានរកឃើញកេះបិទជិតចំនួន២នៅលើទូករបស់បុរសម្នាក់នោះ។ កេះទាំងពីរមានផ្ទុកដោយកាំភ្លើងវែងប្រភេទ M16 A1 ចំនួន២ដើមជាមួយបង់កាំភ្លើងចំនួន២ កាំភ្លើងវែងប្រភេទ AK-47 ចំនួន ៨ដើមជាមួយបង់កាំភ្លើងចំនួន៤៥ គ្រាប់កាំភ្លើង AK-47 ចំនួន ១៤៤០គ្រាប់ និងសារធាតុញៀនមួយចំនួនទៀត។

បច្ចុប្បន្ន បុរសជនជាតិខ្មែររូបនេះកំពុងត្រូវបានប៉ូលិសថៃធ្វើការសួរនាំដោយ មានការចូលរួមពីអាជ្ញាធរខ្មែរក្នុងខេត្តកោះកុង។ នេះបើតាមកាសែតបាងកកប៉ុស្តិ៍ដដែល។ ទោះយ៉ាងណា លោកNaruemit Suksamiti បានបញ្ជាក់ថា ប៉ូលីសថៃកំពុងស៊ើបអង្កេតស៊ីជម្រៅដើម្បី ចង់ដឹង ថា តើអាវុធទាំងនេះមានជាប់ពាក់ព័ន្ធជាមួយនឹងករណីប៉ះទង្គិចរវាងក្រុមជនជាតិដើមភាគតិចមួយក្រុមនៅភាគខាងជើងប្រទេសថៃ ឬក៏អត់។

ប្រតិកម្មពីកម្ពុជាក្នុងបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សុន្ទរីបានលើកឡើងថា ក្រសួងបានណែនាំឲ្យស្ថានទូតខ្មែរ ប្រចាំទីក្រុងបាងកកស្រាវជ្រាវលើករណីនេះបន្ថែមទៀត។ តាមព័ត៌មានពីស្ថានអគ្គកុងស៊ុលកម្ពជានៅស្រះកែវ ជនជាប់ចោទកំពុងត្រូវបានឃុំខ្លួនដោយអាជ្ញាធរថៃដើម្បីកសាងសំណុំរឿងបញ្ជូនឡើងតុលាការ និងថា ស្ថានអគ្គកុងស៊ុលកំពុងទាក់ទងជាមួយអាជ្ញាធរថៃដើម្បី រកមេធាវីសម្រាប់ការពារជនជាប់ចោទ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ