អានតួអត្ថបទ

VN Express៖វៀតណាម​កំពុង​ពិចារណា​ទិញ​ខ្សាច់ និង​គ្រួស​ពី​កម្ពុជា

វៀតណាម​សម្លឹង​ឃើញ​ខ្សាច់ និង​គ្រួស​របស់​កម្ពុជា​ដើម្បី​បំពេញ​កង្វះ​ខាត​នៅ​ក្នុង​គម្រោង​អភិវឌ្ឍ​ផ្លូវ​ល្បឿនលឿន​របស់​ខ្លួន។ តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន VN Express វៀតណាម​កំពុង​ពិចារណា​បញ្ជា​ទិញវត្ថុធាតុ​ដើម​ទាំងនេះ​ពី​ប្រទេស​កម្ពុជា។ ការ​លើក​ឡើង​របស់​ VN Express នៅ​មិន​ទាន់​មាន​បញ្ជាក់​ពី​ភាគីកម្ពុជា​នៅ​ឡើយ​ទេ។ តែមន្ត្រី​អង្គការ​សង្គមស៊ីវិល​ដែល​ធ្វើការទាក់​ទង​នឹង​កិច្ច​គាំពារ​បរិស្ថាន​ស្នើ​ឲ្យ​កម្ពុជាពិចារណា​ឲ្យ​ល្អិតល្អន់​បន្តិច​មុន​នឹង​សម្រេច​ចិត្ត​លក់​ខ្សាច់ទៅ​ឲ្យភាគី​វៀតណាម។ 

VN Express៖វៀតណាមកំពុងពិចារណាទិញខ្សាច់ និងគ្រួសពីកម្ពុជា
VN Express៖វៀតណាមកំពុងពិចារណាទិញខ្សាច់ និងគ្រួសពីកម្ពុជា © AFP
ផ្សាយពាណិជ្ជកម្ម

ការ​ចុះ​ផ្សាយរបស់​សារព័ត៌​មាន VN Express កាល​ពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ​បាន​ឲ្យ​ដឹង​លម្អិត​ថា ព័ត៌មាន​ស្តី​ពីគម្រោង​ទិញ​ខ្សាច់ និង​គ្រួស​ពី​កម្ពុជា​ធ្លាក់​មក បន្ទាប់​ពី​ក្រុមហ៊ុន TNT Group បាន​ស្នើ​ទៅ​នាយករដ្ឋ​មន្ត្រី​វៀតណាម​កាល​ពី​ខែ​តុលា​ឆ្នាំ២០២៣។ នៅក្នុង​សំណើ  TNT Group បាន​សុំ​សិទ្ធិ​នាំ​ចូល​ខ្សាច់​ពីក​ម្ពុជា​ដើម្បី​យក​ទៅ​ក្រាល​ធ្វើ​ជា​ទ្រនាប់​បាត​ផ្លូវល្បឿនលឿន​នានា ខណៈ​គម្រោង​ផ្លូវ​ល្បឿនលឿន​មួយ​ចំនួន​នៅ​វៀតណាម​ត្រូវ​បាន​ពន្យារ​ពេល​ដោយ​សារ​ខ្វះ​ខ្សាច់។ 

 

តាមVN Express សំណើ​របស់ TNT Group នេះត្រូវបាន​ភាគី​កម្ពុជា​អនុម័ត​ឱ្យ​បូម​ខ្សាច់​ផ្នែក​មួយ​នៃ​ទន្លេមេគង្គ​ដែល​មាន​រាប់​រយលាន​ម៉ែត្រ​គូប។ បន្ទាប់​ពី​ទទួល​បាន​ការអនុញ្ញាត​ពី​ភាគី​កម្ពុជា TNT Group ធានាពី​ការ​ដែល​ខ្លួននឹងអាច​បំពេញ​តាមតម្រូវ​ការ​សម្រាប់​គម្រោង​ផ្លូវល្បឿន​លឿន។ 

 

តែការអះអាង​របស់វៀត​ណាម​ស្តីពី​ការ​យល់​ព្រម​របស់​កម្ពុជា​លើសំ​ណើរ​សុំ​ទិញ​ខ្សាច់​នេះ​នៅ​មិន​ទាន់​មានការឆ្លើយ​ពី​យ៉ាង​ណា​ពីក្រសួងរ៉ែ និងថាមពល​កម្ពុជា​នៅឡើយទេ។ វិទ្យុបារាំង​អន្តរជាតិ​បាន​ព្យាយាមទាក់ទង​ទៅ​កាន់​អ្នក​នាំពាក្យ និង​រដ្ឋមន្ត្រីក្រសួងរ៉ែ និង​ថាមពល តែ​មិនមាន​អ្នក​លើក​ទូរសព្ទ។ 

 

សម្រាប់​លោក ហេង គឹមហុង ប្រធានផ្នែក​កម្មវិធី​ស្រាវជ្រាវ និង​តស៊ូមតិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជាយល់​ថា មុន​នឹង​សម្រេច ឬ​បន្ថែម​បរិមាណ​លក់​ខ្សាច់​ទៅ​ឲ្យ​វៀតណាម រដ្ឋាភិបាលគួរ​ជជែក​ជាមួយ​អ្នកជំនាញ​ដូច​យ៉ាង​គណៈកម្មការ​ទន្លេមេគង្គ។ តាមលោក ហេង គឹមហុង ក្រៅទី​ផ្សារ​វៀត​ណាម កម្ពុជា​គួរសម្លឹង​មើល​ទីផ្សារ​សាំងហ្គាពួល តៃវ៉ាន់ ហុងកុង ដែល​សុទ្ធសឹង​ជា​ប្រទេស​មាន​តម្រូវការ​ទី​ផ្សារ​ខ្សាច់​ខ្ពស់ដូចគ្នា។ អ្នកធ្វើការ​ផ្នែក​បរិស្ថាន​រូបនេះ​បន្ថែម​ថា ការបូមខ្សាច់​សមុទ្រទំនង​ជា​មិនសូវ​មានផល​ប៉ះពាល់ច្រើន​ដូចការ​បូមខ្សាច់​ចេញ​ពី​ទន្លេ​មេគង្គ​ទេ។ 

 

យ៉ាងណាក៏ដោយ ក្រសួងរ៉ែ និងថាមពល​ធ្លាប់​បានអះអាង​ថា ការ​ផ្ដល់​អាជ្ញាបណ្ណ​បូមខ្សាច់​ក៏​ជាផ្នែក​មួយ​នៃការ​ស្វែង​រក​ចំណូល​ចូល​រដ្ឋ ព្រោះ​ខ្សាច់​ក៏​ត្រូវ​បាន​រាប់​បញ្ចូល​ជាធនធាន​រ៉ែមួយ​ប្រភេទ​ដែរ។  គួរ​បញ្ជាក់​ថា​ក្នុង​រយៈ​ពេលពេញ​មួយ​ឆ្នាំ ២០២៣ កម្ពុជា​ទទួល​បាន​ចំណូល​សួយសារ​មិនមែន​សារពើពន្ធ​ពី​វិស័យ​រ៉ែសរុប​ប្រមាណ ៥០,៣០លានដុល្លារ​អាមេរិក ពោលស្មើ​នឹង ១៤៤ភាគរយ នៃ​ផែន​ការ​កំណត់​ដោយ​ច្បាប់ហិរញ្ញវត្ថុ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ