អានតួអត្ថបទ

អាជ្ញាធរ​ខេត្តព្រះសីហនុចាប់ខ្លួនជនជាតិតៃវ៉ាន់២នាក់ ក្រោយពួកគេផលិតវីដេអូញុះញង់បង្កភាពវឹកវរ

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានចាប់ខ្លួនជនជាតិតៃវ៉ាន់ ២នាក់ នៅថ្ងៃទី១៤ កុម្ភៈ បន្ទាប់ពីរកឃើញថា ពួកគេបានផលិតវីដេអូញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានលើកឡើងនៅថ្ងៃទី១៥ កុម្ភៈនេះថា យោងតាមការស្រាវជ្រាវ ជនសង្ស័យទាំង២នាក់ពិតជាមានគំនិតមកកម្ពុជាដើម្បីថតរូបភាពវីដេអូទាក់ទងនឹងការចាប់ជំរិត និងការបង្ខាំងមនុស្សនៅខេត្តព្រះសីហនុ។

អាជ្ញាធរខេត្តព្រះសីហនុចាប់ខ្លួនជនជាតិតៃវ៉ាន់២នាក់ ក្រោយពួកគេផលិតវីដេអូញុះញង់បង្កភាពវឹកវរ
អាជ្ញាធរខេត្តព្រះសីហនុចាប់ខ្លួនជនជាតិតៃវ៉ាន់២នាក់ ក្រោយពួកគេផលិតវីដេអូញុះញង់បង្កភាពវឹកវរ © ស្នងការនគរបាលខេត្តព្រះសីហនុ
ផ្សាយពាណិជ្ជកម្ម

 

ការលើកឡើងរបស់អភិបាលខេត្តព្រះសីហនុលោកគួច ចំរើនបានធ្វើឡើងនៅក្នុងសន្និសីទកាសែតមួយនៅរសៀលថ្ងៃទី១៥ កុម្ភៈ។ តាមលោកគួច ចំរើន ជនជាតិតៃវ៉ាន់ទាំង២នាក់ត្រូវបានស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចាប់ខ្លួនក្នុងថ្ងៃទី១៤កុម្ភៈបន្ទាប់ពីរកឃើញថា ពួកគេបានផលិតវីដេអូញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ អភិបាលខេត្តព្រះសីហនុរូបនេះដដែលបានបញ្ជាក់ថា យោងតាមចម្លើយសារភាព បុរសជនជាតិតៃវ៉ាន់ទាំង ២នាក់នេះពិតជាមានគំនិតមកប្រទេសកម្ពុជាដើម្បីថតរូបភាពវីដេអូពាក់ព័ន្ធឧក្រិដ្ឋកម្ម ការចាប់ជំរិត និងការបង្ខាំងមនុស្ស ដោយបានគិតគូររៀបចំទុកជាមុនតាំងពីពាក់កណ្តាលខែមករាមកម្ល៉េះ។ ពួកគេបានមកដល់កម្ពុជានៅថ្ងៃទី១១កុម្ភៈ និងបានថតវីដេអូបំភ្លៃមួយផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គម។ តាមលោក គួច ចំរើន សំណុំរឿងនេះត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុដើម្បីចាត់ការតាមនិតិវិធីច្បាប់។

គួរបញ្ជាក់ថា ប្រតិបត្តិការតាមចាប់ជនជាតិតៃវ៉ាន់ទាំង២នាក់នេះបានធ្វើឡើង បន្ទាប់ពីពួកគេបានផ្សាយវីដេអូបន្តផ្ទាល់មួយនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយគណនីឈ្មោះ Goodnight Chicken កាលពីថ្ងៃទី១២ កុម្ភៈ។ គណនីឈ្មោះ Goodnight Chicken ជារបស់ជនសង្ស័យម្នាក់ដែលមានឈ្មោះពិត Chen Neng Chuan ក្នុងចំណោមជនសង្ស័យ២នាក់ដែលអាជ្ញាធរខេត្តព្រះសីហនុចាប់ខ្លួន។ នៅក្នុងវីដេអូដែលផ្សាយបន្តផ្ទាល់ Goodnight Chicken ដែលរាងកាយមានសភាពរងរបួសពីការវាយដំបានប្រាប់អ្នកទស្សនារាប់ពាន់នាក់ថា ខ្លួនកំពុងស្ថិតក្នុងអាគារមួយនៅខេត្តព្រះសីហនុ និងកំពុងរត់គេចចេញពីការចាប់ជំរិតដោយក្រុមជនទុច្ចរិត។

ដោយឡែក ព័ត៌មានដដែលនេះក៏ត្រូវបានចុះផ្សាយដោយសារព័ត៌មាន Taiwan News នៅថ្ងៃទី​១៤កុម្ភៈ​ និងដោយលើកឡើងថា​មិន​មែនជាលើកទី១ទេដែលបុរសជនជាតិតៃវ៉ាន់ Chen Neng Chuan ត្រូវប្រឈមនឹងបណ្តឹងផ្លូវច្បាប់ក្នុងទង្វើបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ បំភ្លើស និងបំភ្លៃសាច់រឿង ដោយធ្វើការផ្សាយវីដេអូរបស់ខ្លួនតាមបណ្តាញសង្គម។ តាម Taiwan News ជន Chen Neng Chuan ឬ Goodnight Chicken ធ្លាប់ត្រូវបានម្ចាស់អគារក្នុងក្រុង Changhua និងកោះ Kinmen ដាក់ពាក្យបណ្តឹងពីបទបានបំផ្លាញទ្រព្យសម្បត្តិរបស់ពួកគេដើម្បីថតវីដេអូផ្សេងៗសម្រាប់ផ្សាយផ្ទាល់តាមហ្វេសប៊ុក ដូចជាហេតុការណ៍ជួបខ្មោចលង ឬហេតុការណ៍គេចចេញពីឃាតុកម្មជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ