អានតួអត្ថបទ

ក្រសួងរ៉ែ៖គ្មាន​កិច្ច​ព្រម​ព្រៀង​លក់​ខ្សាច់​ទៅ​ឲ្យ​វៀតណាម​ដូច​ការ​ចុះ​ផ្សាយ​របស់ VN Express

អ្នកនាំ​ពាក្យ​ក្រសួងរ៉ែ និងថាមពល​បានអះអាង​នៅ​ថ្ងៃ​ទី​១៦ ខែកុម្ភៈនេះថា គ្មានឡើយ​កិច្ច​ព្រមព្រៀង​រវាង​រដ្ឋាភិបាលកម្ពុជា និង​រដ្ឋាភិបាល​វៀតណាម​ក្នុង​ការ​លក់​ខ្សាច់​ទៅ​ឲ្យ​វៀតណាម​ដូច​ការ​ចុះផ្សាយ​របស់​កាសែត​វៀតណាម VN Expres កាល​ពី​ថ្ងៃ​ទី​៧​កុម្ភៈ​ទេ។ គួររម្លឹកថា VN Express បានចុះ​ផ្សាយ​ពី​សំណើ​របស់​ក្រុមហ៊ុន​TNT Group សុំ​សិទ្ធិនាំ​ចូល​ខ្សាច់​ពី​កម្ពុជា​ដែល​ត្រូវបាន​ភាគី​កម្ពុជា​អនុម័ត​ឱ្យ​បូមខ្សាច់​នៅ​ផ្នែក​មួយ​នៃ​ទន្លេមេគង្គ​ក្នុង​បរិមាណ​រាប់​រយលាន​ម៉ែត្រ​គូប។ 

ទិដ្ឋភាពបូមខ្សាច់
ទិដ្ឋភាពបូមខ្សាច់ © Internet
ផ្សាយពាណិជ្ជកម្ម

ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI លោកអ៊ឹង ឌីប៉ូឡា អ្នកនាំ​ពាក្យ​ក្រសួងរ៉ែ​និង​ថាមពល​បាន​ច្រាន​ចោល​យ៉ាង​ដាច់អហង្ការ​លើ​ការ​ចុះផ្សាយ​របស់ VNExpres ដែលថា កម្ពុជា​អនុម័ត​យល់​ព្រម​ឲ្យ​ក្រុមហ៊ុនវៀតណាម​បូម​ខ្សាច់​នៅ​ផ្នែកមួយ​នៃ​ទន្លេ​មេគង្គ​ក្នុង​បរិមាណ​រាប់រយ​លាន​ម៉ែត្រគូប។ តាមលោកអ៊ឹង ឌីប៉ូឡា នីតិវិធី​នៃ​ការ​លក់​ខ្សាច់​ទៅ​ឲ្យ​បរទេសត្រូវ​ធ្វើ​ឡើង​តាមរយៈ​ក្រុមហ៊ុន​និង​ក្រុម​ហ៊ុន។

 

លោកអ៊ឹង ឌីប៉ូឡា បាន​លើកជា​ឧទាហរណ៍​ថា​ បើមាន​ក្រុមហ៊ុន​មួយ​ទទួល​បាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​ខ្សាច់​នៅ​កម្ពុជា ក្រុមហ៊ុននោះ​មាន​សិទ្ធិលក់​ខ្សាច់​ដែល​ខ្លួន​ប្រមូល​បាន​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ណា ឬប្រទេស​ណា​ជា​សិទ្ធិ​របស់​គេ។ តាម​អ្នក​នាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​រូបនេះ​ដដែល ការលក់​ខ្សាច់ទៅ​បរទេស​តាមរយៈ​ក្រុម​ហ៊ុន និង​ក្រុមហ៊ុន​ធ្វើ​ឡើង​ដោយមិនមាន​ការ​រើសអើង ហើយ​អាជ្ញាធរ​ស្វាគមន៍​ប្រទេស​នានា​ដែល​ចាប់​អារម្មណ៍​ចង់​ទិញ​ខ្សាច់​ពី​កម្ពុជា។ បច្ចុប្បន្ន មានក្រុមហ៊ុន​ចំនួន​៣​ទទួល​បាន​អាជ្ញាបណ្ណពី​ក្រសួង​រ៉ែនិង​ថាមពលពល​ដើម្បីធ្វើ​អាជីវកម្ម​ខ្សាច់​នៅ​កម្ពុជា។

 

គួរជម្រាបថា តាមការ​ចុះផ្សាយ​របស់​សារព័ត៌​មាន VN Express កាល​ពី​ថ្ងៃ​ទី​៧ កុម្ភៈ វៀតណាម​សម្លឹង​ឃើញ​ខ្សាច់ និង​គ្រួស​របស់​កម្ពុជា​ដើម្បី​បំពេញ​កង្វះខាត​នៅ​ក្នុង​គម្រោង​អភិវឌ្ឍ​ផ្លូវ​ល្បឿនលឿន​របស់​ខ្លួន។ តាម VN Express ដដែល ព័ត៌មាន​ស្តីពី​គម្រោង​ទិញ​ខ្សាច់ និងគ្រួស​ពី​កម្ពុជា​ធ្លាក់​មក បន្ទាប់​ពី​ក្រុម​ហ៊ុន TNT Group បាន​ស្នើទៅ​នាយករដ្ឋមន្ត្រី​វៀតណាម​កាល​ពី​ខែ​តុលា​ឆ្នាំ​២០២៣។

 

នៅចំ​ពោះ​មុខ​ចំណាប់​អារម្មណ៍ចង់​ទិញ​ខ្សាច់​ពី​កម្ពុជា លោក ហេង គឹមហុង ប្រធាន​ផ្នែក​កម្ម​វិធី​ស្រាវជ្រាវ និង​តស៊ូមតិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា​បាន​ចោទ​ជា​សំណួរ​ថា ហេតុ​អ្វី​វៀតណាម​មិន​បូម​ខ្សាច់ខ្លួន​ឯង​ដើម្បី​បំពេញតម្រូវ​ការខ្វះ​ខាត​រប​ស់​ខ្លួន? ទោះ​ជា​យ៉ាង​ណា អ្នកធ្វើការផ្នែក​បរិស្ថានរូប​នេះ​បន្ត​ឲ្យ​ជា​យោបល់​ថា មុន​ផ្ដល់​អាជ្ញាបណ្ណ​ទៅ​ក្រុមហ៊ុន​បរទេស​បូមខ្សាច់ ក្រសួងរ៉ែ និងថាមពល​ត្រូវ​ពិចារណា​ឲ្យ​បាន​ល្អិត​ល្អន់ និង​ត្រូវ​ធានា​ថា ដំណើរការ​បូម​ខ្សាច់​មាន​កំណត់បរិមាណ មិន​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ និង​មាន​ស្តង់​ដារ​នាំចេ​ញ​ច្បាស់​លាស់។

 

គួររម្លឹក​ថាក្នុង​ឆ្នាំ​២០២៣ កម្ពុជា​ទទួល​បាន​ពន្ធសួយសារ​លើក​អាជីវកម្មខ្សាច់ និង​ពន្ធ​នាំចេញ​ក្នុង​ទំហំ​ទឹក​ប្រាក់​ជាង ៤០លាន​ដុល្លារ​សម្រាប់​បរិមាណខ្សាច់​ជាង​១០​លាន​តោន(១០,៩៦០,៧៨៩.៩៦)៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ