អានតួអត្ថបទ

លោក ​ហ៊ុន ម៉ាណែត៖ ​មន្ត្រីរាជការ​នឹងត្រូវ​បណេ្តញចេញ​ពី​ការងារ​បើពាក់ព័ន្ធ​គ្រឿងញៀន

នៅក្នុង​ពិធីបិទ​សន្និបាត​របស់​អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នារសៀល​ថ្ងៃ​ចន្ទ ​ទី​២០ ​ខែ​កុម្ភៈ​នេះ ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​បានថ្លែង​បញ្ជាក់ថា​មន្ត្រីរាជការ​ស៊ីវិល​នឹងត្រូវ​បណ្តេញចេញ​ពី​ក្របខណ្ឌ​ដូចជាកងកម្លាំង​ប្រដាប់អាវុធដែរ ​ប្រសិនបើ​ពួកគេ​ពាក់ព័ន្ធនឹង​គ្រឿងញៀន​។ តាម​លោក ​ហ៊ុន ម៉ាណែត ​ការពង្រីក​វិសាលភាព​ហាមប្រាម​មន្ត្រីរាជការ​ទូទាំងរដ្ឋាភិបាល​មិនឲ្យ​ពាក់ព័ន្ធ​គ្រឿងញៀន​បែបនេះ​ប្រៀបបាន​នឹង​ការសម្អាត​ចក​ដូច្នោះដែរ​។ បន្ថែម​ពីនេះ ​លោក​នាយករដ្ឋមន្ត្រី​បានឯកភាព​ឲ្យ​ក្រសួងមហាផ្ទៃ​ធ្វើបញ្ជី​ទិន្នន័យ​ឈ្មោះ​មន្រ្តី​ ដែលជាប់​ពាក់ព័ន្ធ​គ្រឿងញៀន ដើម្បី​គ្រប់គ្រង ​និង​ចែកចាយ​នៅ​តាមស្ថាប័ន​រដ្ឋ​។ ជាមួយគ្នានេះ​លោក ហ៊ុន ម៉ាណែត ក៏បាន​ស្វាគមន៍ដល់​វិស័យឯកជន​ក្នុងការ​ជ្រើសរើស​បុគ្គលិក​ឲ្យចូល​បំរើការងារ​ដែលមិន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​។យោងតាមរបាយការណ៍​ឆ្នាំ ២០២៣ របស់​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង​គ្រឿងញៀន អាជ្ញាធរបានបង្រ្កាបបទល្មើសគ្រឿងញៀន​សរុបចំនួនជាង ៨ពាន់ករណី ឃាត់ខ្លួន​ជនសង្ស័យប្រមាណ ​២ម៉ឺននាក់ ​ចាប់បានគ្រឿងញៀនជិត​ ៣តោន ព្រមទាំងរឹបអូស​សារធាតុគីមីផ្សំបាន​ជាង១តោន។ ជាមួយគ្នានោះ ​អាជ្ញាធរក៏បានដុតកម្ទេច​ បន្សាបគ្រឿងញៀន ​និងសារធាតុពាក់ព័ន្ធជាង​ ៣៤០តោនផងដែរ។​ ប៉ុន្តែនៅដើមឆ្នាំ២០២៤នេះ បទល្មើស​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំហាក់​កើតឡើង​យ៉ាងគំហុក​៕

គ្រឿងញៀនដ៏ច្រើនសន្ធឹកសន្ធាប់ ដែលសមត្ថកិច្ចរឹបអូសបានកន្លងមក
គ្រឿងញៀនដ៏ច្រើនសន្ធឹកសន្ធាប់ ដែលសមត្ថកិច្ចរឹបអូសបានកន្លងមក © FB
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ