អានតួអត្ថបទ
កម្ពុជា-នយោបាយ

បោះឆ្នោតព្រឹទ្ធសភា៖បក្សកាន់អំណាចឃោសនាអ៊ូអរ រីឯបក្សប្រឆាំងជួបបញ្ហាស្មុគស្មាញ

យុទ្ធនាការឃោសនាសម្រាប់ការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៥ ត្រូវបិទបញ្ចប់នៅថ្ងៃសុក្រទី២៣កុម្ភៈនេះ។ អំឡុងពេលយុទ្ធនាការ១៤ថ្ងៃកន្លងមក  គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពដង្ហែតាមទីសាធារណៈក្នុងក្រុងភ្នំពេញ និងតាមបណ្តាខេត្ត។ ចំណែកគណបក្សប្រឆាំងវិញ កំពុងជួបបញ្ហស្មុគស្មាញដោយបានធ្វើសកម្មភាពឃោសនាជាមួយសមាជិករបស់ខ្លួនតែនៅថ្នាក់មូលដ្ឋាន។

សកម្មភាពឃោសនាបោះឆ្នោតព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា
សកម្មភាពឃោសនាបោះឆ្នោតព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា © គណបក្សប្រជាជនកម្ពុជា
ផ្សាយពាណិជ្ជកម្ម

សម្រាប់ថ្ងៃសុក្រ ទី២៣កុម្ភៈដែលជាថ្ងៃចុងក្រោយ នៃយុទ្ធនាការឃោសនាបោះឆ្នោតព្រឹទ្ធសភា គណបក្សប្រជាជនកម្ពុជាក្នុងក្រុងភ្នំពេញ បានធ្វើសកម្មភាពដោយមានការជួបជុំសមាជិករបស់ខ្លួន និងដង្ហែក្បួនឃោសនា តាមបណ្តាផ្លូវមួយចំនួន។ សកម្មភាពដង្ហែក្បួននេះមានសំឡេងស្រែកលេខរៀងទី១ របស់គណបក្សប្រជាជន សម្រាប់ការបោះឆ្នោតព្រឹទ្ធសភានៅថ្ងៃទី២៥កុម្ភៈខាងមុខ។

ទន្ទឹមគ្នានេះ ឥស្សរជនជាន់ខ្ពស់របស់គណបក្ស  ក្នុងនោះមានអនុប្រធានគណបក្ស លោក ស ខេង លោកស្រី ម៉ែន សំអន ក៏បានឃោសនានៅថ្នាក់មូលដ្ឋានដើម្បីបិទថ្ងៃយុទ្ធនាការឃោសនាចុងក្រោយនេះ។

ដោយឡែក  គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ដែលមាន៥អសនៈនៅរដ្ឋសភាបានធ្វើសកម្មភាពឃោសនា ភាគច្រើននៅតាមបណ្តាខេត្តដើម្បីជួបជុំសមាជិករបស់ខ្លួន។ ចំណែក  គណបក្សចំនួន២ផ្សេងទៀតដែលមានក្បាលម៉ាស៊ីនផ្លាស់ចេញពីគណបក្សភ្លើងទៀន គឺគណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ ក៏បានធ្វើសកម្មភាពឃោសនាដូចគណបក្សហ្វ៊ុនស៊ិនប៉ិចដែរ។ សកម្មភាពឃោសនាភាគច្រើនរបស់គណបក្សកម្លាំងជាតិដែលមានមូលដ្ឋាននៅខេត្តកំពង់ធំ  គឺការផ្សព្វផ្សាយអំពីគោលនយោបាយរបស់បក្ស។

រីឯគណបក្សឆន្ទៈខ្មែរដែលជាតំណាងគណបក្សក្នុងសម្ព័ន្ធរបស់គណបក្សចំនួន៤  សម្រាប់ការបោះឆ្នោតព្រឹទ្ធសភាលើកទី៥ មិនបានធ្វើសកម្មភាពអ៊ូអរហែក្បួនតាមដងផ្លូវក្នុងក្រុងភ្នំពេញឡើយ។ អ្វីដែលគណបក្សឆន្ទៈខ្មែរ បានធ្វើ គឺជាការជួបអង្គបោះឆ្នោតរបស់គណបក្សភ្លើងទៀននៅមូលដ្ឋាន   ដើម្បីពន្យល់ពីហេតុផលដែលខ្លួនធ្វើជាគណបក្សតំណាង សម្រាប់ការបោះឆ្នោតព្រឹទ្ធសភា។

សកម្មភាពណែនាំនេះធ្លាប់ត្រូវបានក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចាត់ទុកជាទង្វើខុសច្បាប់ ព្រោះវាជាការបង្ខំឲ្យសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ បោះឆ្នោតជូនគណបក្សនយោបាយដែលខ្លួនតម្រូវ។

តែគណបក្សភ្លើងទៀនដែលមានអង្គបោះឆ្នោតចំនួន ២១៩៨រូប បានអះអាងថា គណបក្សបានប្រកាន់ខ្ជាប់នូវស្មារតីធម្មនុញ្ញកម្ពុជា ពិសេសច្បាប់ស្តីពីគណបក្សនយោបាយ និង ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅថ្ងៃទី២៥កុម្ភៈខាងមុខ មានគណបក្សចំនួន៤បានចូលរួម  ក្នុងនោះគណបក្សប្រជាជនកម្ពុជាឈរលេខរៀងទី១ គណបក្សឆន្ទៈខ្មែរនៅលេខរៀងទី២ គណបក្សហ្វ៊ុនស៊ិនប៉ិចនៅលេខរៀងទី៣ និងគណបក្សកម្លាំងជាតិឈរលេខរៀងទី៤៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ