អានតួអត្ថបទ

បោះឆ្នោត​ព្រឹទ្ធសភា​៖ ​អង្គ​បោះឆ្នោត​បក្ស​ប្រឆាំង​ជាង​៥០០​នាក់​ បាន​បោះឲ្យ​បក្ស​កាន់​អំណាច

លទ្ធផល​បណ្តោះអាសន្ន​នៃ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី៥ ​កាលពី​ថ្ងៃ​អាទិត្យ ​ទី២៥​ កុម្ភៈ ​ឆ្នាំ​២០២៤ ​ឲ្យដឹងថា ​គណបក្ស​ប្រជាជន​ទទួលបាន​អាសនៈ​ចំនួន​៥៥ ​និង​គណបក្ស​ឆន្ទៈខ្មែរ​ទទួលបាន​ ៣​អាសនៈ​។ ​តាមរយៈ​លទ្ធផល​បឋមនេះ ​អង្គបោះឆ្នោត​បក្ស​ប្រឆាំង​ជាង​៥០០នាក់​បាន​បោះឲ្យ​បក្ស​កាន់អំណាច​។ តែ​លោក សម រង្ស៊ី ​បាន​សរសើរ​ដល់​អង្គបោះឆ្នោត​បក្ស​ប្រឆាំង ​និង​យល់ថា ​ជាបរិយាកាស​នយោបាយ​ដ៏​លំបាក​បំផុត​។

វិមានព្រឹទ្ធសភាកម្ពុជា
វិមានព្រឹទ្ធសភាកម្ពុជា © FB
ផ្សាយពាណិជ្ជកម្ម

លទ្ធផល​បណ្ណោះអាសន្ន ​ដែលចេញផ្សាយ​ដោយគណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត​(គ.ជ.ប) បង្ហាញថា ​គណបក្ស​ប្រជាជនកម្ពុជា​ទទួលបានអាសនៈ​ព្រឹទ្ធសភា​ចំនួន៥៥ ​ជាមួយនឹង ​សំឡេង​គាំទ្រ ១០ ០៥២ ​សម្លេង។ ​រីឯ​គណបក្សឆន្ទៈខ្មែរ​ ដែលជាបក្ស​ប្រឆាំង​ទទួលបាន​ត្រឹមតែ ៣​អាសនៈ ​ជាមួយនឹង​សម្លេងគាំទ្រ ​១ ៣៩៤ ​សម្លេង​។ ដោយឡែក​ គណបក្ស​កម្លាំងជាតិ​ ដែលមានការ​គាំទ្រ ២៣៤​សម្លេង និង​គណបក្ស​ហ្វុនស៊ិនប៉ិច​ដែលមានការគាំទ្រ ​១៩​សម្លេង​មិនទទួលបាន​អាសនៈអ្វី​ទាំងអស់​។

លទ្ធផល​បណ្តោះអាសន្ននេះ​ បង្ហាញថា ​អង្គបោះឆ្នោត​របស់គណបក្ស​ភ្លើងទៀនសរុប ​២ ១៩៨នាក់​ ដែលមាន​គណបក្សឆន្ទៈខ្មែរ​ជាតំណាង​ ត្រូវបាន​បែងចែក​ជាបី​ចំរៀក​។ ​ក្រៅពីបោះឲ្យ​បក្សឆន្ទៈខ្មែរ​ សម្លេងនេះ​ក៏បានច្រៀក​ទៅឲ្យ​បក្សកម្លាំងជាតិ ​និងបក្សកាន់​អំណាចផងដែរ​។ ដូច្នេះ ​ការសង្ឃឹមរបស់​បក្សប្រឆាំងថា​នឹងអាចឈ្នះ​អាសនៈ​ព្រឹទ្ធសភា​ពី៨ ទៅ ​៩អាសនៈនោះ​បានធ្លាក់មក​នៅត្រឹម​តែ ៣​អាសនៈ​ប៉ុណ្ណោះ​។

ទោះយ៉ាងណា ​លោក សម រង្ស៊ី ​ប្រធានស្តីទី​អតីតគណបក្ស​សង្គ្រោះជាតិ​បានបញ្ចេញប្រតិកម្ម​តាមហ្វេសប៊ុក​ដោយ​សរសើរ និង​បានហៅការ​ទទួលបាន ៣​អាសនៈព្រឹទ្ធសភា​របស់គណបក្ស​ឆន្ទៈខ្មែរថា​ជាជោគជ័យមួយ​សម្រាប់កម្លាំង​ប្រជាធិបតេយ្យខ្មែរ​យោងទៅតាម​ស្ថានភាពនយោបាយ​ដ៏លំបាក​ជាទីបំផុត​នៅពេលនេះ​។ ស្ថានភាព​លំបាកដែល​លោក សម រង្ស៊ី ​លើកឡើង គឺ​ជាការបោះឆ្នោត​មួយ​ដែលប្រព្រឹត្តទៅ​ក្នុងបរិយាកាស​គំរាមកំហែង ​និង​ទិញដូរ​សន្លឹកឆ្នោត​ដ៏អាប់អួរ​ជាទីបំផុត​។

បន្ថែមពីនេះ ​លោក លី សុធារ៉ាយុត្តិ ​អគ្គលេខាធិការ​គណបក្សភ្លើងទៀន​បានប្រាប់វិទ្យុបារាំង​ RFI នៅថ្ងៃចន្ទ ​ទី២៦ ​កុម្ភៈ នេះដែរ​ថា ទោះលទ្ធផលនៃ​ការបោះឆ្នោតនេះ​ខុសពីអ្វី​ដែលជាការរំពឹងទុក​ក៏ដោយ ក៏វាជា​មោទនភាពមួយ​សម្រាប់គណបក្ស​ភ្លើងទៀន ក៏ដូចជា​គណបក្សឆន្ទៈ​ខ្មែរដែរ។ ​តាមលោក ​លី សុធារ៉ាយុត្តិ ​លទ្ធផលនេះ​បានឆ្លុះបញ្ចាំង​ពីភាពស្មោះត្រង់​របស់អង្គបោះឆ្នោត​គណបក្សភ្លើងទៀន​។ ដោយលើកឡើង​ពីការគំរាមកំហែង ​និង​ការទិញទឹកចិត្ត​ពីអ្នក​មានឥទ្ធិពល​នៅមុនបោះឆ្នោត ​លោក លី សុធារ៉ាយុត្តិ​បានបន្តថា ​លោកគាំទ្រ​សិទ្ធិអង្គបោះឆ្នោត​ដែលបោះឲ្យ​គណបក្ស​កម្លាំងជាតិ និងថា​លោកមិនគាំទ្រ​អង្គបោះឆ្នោតណា​ដែលលក់​សន្លឹកឆ្នោតខ្លួន​ដើម្បី​លាបសក្ការៈទេ​។

ក៏ប៉ុន្តែ ​អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​លោក សុខ ឥសាន ​ក៏ដូចជា ​គ.ជ.ប បានហៅ​បរិយាកាស​នៃការបោះឆ្នោត​ព្រឹទ្ធសភា​ប្រព្រឹត្តទៅ​ដោយរលូន ​ពោលគ្មាន​ឧបសគ្គ ឬ​អំពើហិង្សាអ្វី​កើតឡើងឡើយ​។ លោក ​សុខ ឥសាន ​ទទួលស្គាល់ថា ​ពិតជាមាន​បរិយាកាសនយោបាយ​អាប់អួរ​នៃការបោះឆ្នោត​ព្រឹទ្ធសភាមែន ​តែកើត​ឡើងដោយសារ​តែ​ជម្លោះរវាង​បក្សប្រឆាំង ​និង​បក្សប្រឆាំង ​ពោលមិនទាក់ទង​នឹង​គណបក្សប្រជាជន​ទេ​។

រីឯការ​ទិញលក់​សន្លឹកឆ្នោត​វិញត្រូវបាន​អ្នកនាំពាក្យ​បក្សកាន់អំណាច​រូបនេះ​បញ្ជាក់ថា ​ជារឿង​មិនពិត​ព្រោះការដែល​មានអង្គ​បោះឆ្នោត​បក្សប្រឆាំង​មួយចំនួន​បានបោះឲ្យ​គណបក្ស​ប្រជាជន​ដោយសារតែ​ពួកគេ​ធុញទ្រាន់​នឹង​ជម្លោះផ្ទៃក្នុង​បក្ស​ប្រឆាំង​។

សូមបញ្ជាក់​ថា ​សមាជិក​ព្រឹទ្ធសភា​នីតិកាលទី៥​នេះ​មានចំនួន​ដូចនឹង ​អាណត្តិមុនៗ​ដែរ​ ពោលមាន ​សរុបចំនួន ​៦២រូប ​ក្នុងនោះ ​មានមកពី​គណបក្ស​ដែលជាប់ឆ្នោត​ចំនួន​៥៨រូប ​២រូប​ជ្រើសតាំង​ដោយ​រដ្ឋសភា​ និង​២រូបទៀត​ជ្រើសតាំង​ដោយ​ព្រះហាក្សត្រ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ