អានតួអត្ថបទ
កម្ពុជា-សង្គម

ក្រសួងមហាផ្ទៃបណ្តេញមន្ត្រីនគរបាលជិត៦០នាក់ចេញពីក្របខ័ណ្ឌនៅទូទាំងប្រទេស

មន្ត្រីនគរបាលចំនួន៥៩នាក់ត្រូវបានដកហូតមុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌរបស់អគ្គស្នងការនគរបាលជាតិ ក្រោយពួកគេល្មើសវិន័យកងកម្លាំងនគរបាលជាតិ។ នេះបើយោងតាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃកាលពីថ្ងៃទី០១ មីនា។ តាមក្រសួងមហាផ្ទៃ មន្ត្រីដែលត្រូវបណ្តេញចេញទាំងនោះ ភាគច្រើនមានតួនាទីចាប់ពីនាយរងផ្នែក រហូតដល់អធិការរងស្រុក រួមនឹងមន្ត្រីអន្តោប្រវេសន៍។

កងកម្លាំងប្រដាប់អាវុធចុះល្បាតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ (រូបតំណាង)
កងកម្លាំងប្រដាប់អាវុធចុះល្បាតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

នៅក្នុងសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ ការបណ្តេញមន្ត្រីនគរបាលទាំង៥៩នាក់បានធ្វើឡើងនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ ក្នុងចំណោមមន្រ្តីនគរបាលបណ្តេញទាំង ៥៩នាក់ មាន ១៣នាក់នៅស្នងការនគរបាលរាជធានីភ្នំពេញ ៦នាក់នៅខេត្តបាត់ដំបង ៦នាក់នៅខេត្តរតនគិរី ៥នាក់នៅខេត្តសៀមរាប ៤នាក់នៅខេត្តកណ្តាល ៤នាក់នៅខេត្តតាកែវ ៣នាក់នៅខេត្តឧត្តរមានជ័យ ៣នាក់នៅខេត្តស្ទឹងត្រែង ៣នាក់នៅខេត្តក្រចេះ ៣នាក់នៅខេត្តកំពង់ស្ពឺ  ២នាក់នៅខេត្តពោធិ៍សាត់ ២នាក់នៅខេត្តកំពត ១នាក់នៅខេត្តព្រះវិហារ ១នាក់នៅខេត្តបន្ទាយមានជ័យ ១នាក់នៅខេត្តត្បួងឃ្មុំ ១នាក់នៅខេត្តព្រះសីហនុ និង១នាក់នៅក្នុងខេត្តកំពង់ធំ។

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៨ មីនានេះថា មន្ត្រីដែលក្រសួងមហាផ្ទៃបណ្តេញចេញពេលនេះមានជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុញៀនទាំងអស់។ តាមលោក ទូច សុឃៈ ចំនួននេះមិនច្រើនពេកទេ ខណៈវិធានការបោសសម្អាតមន្ត្រីជាប់ពាក់ព័ន្ធនឹងសារធាតុញៀនសម្រេចបាន ៨០%ហើយ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃរូបនេះដដែលបានបន្ថែមថា បច្ចុប្បន្ន ក្រសួងមហាផ្ទៃកំពុងបន្តតេស្តរកសារធាតុញៀនទៅលើមន្ត្រីកងកម្លាំងនគរបាលនៅទូទាំងប្រទេសជាបន្តទៀត និងសង្ឃឹមថា តួលេខនេះនឹងកាន់តែតិចជាងមុន។

សូមជម្រាបថា គិតចាប់តាំងពីថ្ងៃបើកយុទ្ធនាការតេស្តរកសារធាតុញៀនលើមន្ត្រីនគរបាលចំណុះឱ្យអគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃមក មន្ត្រីចំនួនជាង១៦០នាក់ត្រូវបានបញ្ចប់មុខតំណែង និងបណ្តេញពីក្របខ័ណ្ឌ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ