អានតួអត្ថបទ
កម្ពុជា-សង្គម

ទិវានារីអន្តរជាតិ៖សង្គមស៊ីវិលស្នើឲ្យធានាសិទ្ធិសរីភាពជូនស្រ្តី ខណៈរដ្ឋាភិបាលសម្តែងការអបអរ

ថ្ងៃសុក្រ ទី០៨មីនា ២០២៤ នេះជាខួបលើកទី១១៣ នៃទិវានារីអន្តរជាតិ។ នាឱកាសនេះ ក្រុមអង្គការសង្គមស៊ីវិលរៀបចំការជួបជុំដ៏ធំមួយនៅទីលានប្រជាធិបតេយ្យ និងស្នើឲ្យរដ្ឋាភិបាលកម្ពុជាធានាឲ្យបាននូវសិទ្ធិសេរីភាពជូនស្ត្រី និងក្មេងស្រី។ ចំណែករដ្ឋាភិបាលកម្ពុជាបានត្រឹមសម្តែងនូវការអបអរប៉ុណ្ណោះ។

ទិវានារីអន្តរជាតិ៨មីនា២០២៤ ដែលប្រារព្ធឡើងនៅទីលានប្រជាធិបតេយ្យ
ទិវានារីអន្តរជាតិ៨មីនា២០២៤ ដែលប្រារព្ធឡើងនៅទីលានប្រជាធិបតេយ្យ © GADC
ផ្សាយពាណិជ្ជកម្ម

នៅព្រឹកថ្ងៃសុក្រ ទី៨ មីនានេះ ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនបានរៀបចំទិវានារីអន្តរជាតិ៨មីនាក្រោមប្រធានបទ «ធានាសិទ្ធិសេរីភាពស្ត្រី និងក្មេងស្រីដើម្បីស្ថិរភាពសេដ្ឋកិច្ច និងយុត្តិធម៌សង្គម»។ ការរៀបចំទិវានារីអន្តរជាតិក្នុងឆ្នាំនេះត្រូវបានភាគីក្រុមអង្គការសង្គមស៊ីវិលអះអាងថា គឺដើម្បីលើកឡើងពីតម្រូវការ និងបញ្ហាដែលស្រី្ត រួមទាំងក្មេងស្រីបានជួបប្រទះ រួចស្នើឲ្យរដ្ឋាភិបាលមានដំណោះស្រាយជាក់លាក់។ នៅក្នុងន័យនេះ ក្រុមអង្គការសង្គមស៊ីវិលបានលើកករណីកញ្ញា សេង ធារីដែលជាសកម្មជនសិទ្ធិមនុស្ស និងកញ្ញា ឈឹម ស៊ីថរ ដែលជាសហជីពតំណាងណាហ្គាវើលដ៍។

ក្រុមអង្គការសង្គមស៊ីវិលបានចាត់ទុកការចាប់ខ្លួនស្រ្តីទាំងពីរជារឿងអយុត្តិធម៌ និងបានស្នើឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងកញ្ញា សេង ធារី និងកញ្ញា ឈឹម ស៊ីថរដោយឥតលក្ខខណ្ខ។

ចំណែកគណបក្សកម្លាំងជាតិ ដែលជាគណបក្សក្រៅរដ្ឋាភិបាលបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាគោរព និងលើកតម្កើងសិទ្ធិនារីនៅលើគ្រប់វិស័យ។ តាមសេចក្តីថ្លែងការណ៍ចុះថ្ងៃទី០៨មីនានេះ គណបក្សកម្លាំងជាតិបានស្នើឲ្យមានការដោះលែងកញ្ញា សេង ធារី កញ្ញា ឈឹម ស៊ីថរ និងលោកស្រី នូ សុទ្ធារីដែលជាសកម្មជននយោបាយកំពុងជាប់ឃុំដោយអយុត្តិធម៌។

ដោយឡែក រដ្ឋាភិបាលកម្ពុជាមិនបានរៀបចំពិធីជួបជុំអ្វីដើម្បីអបអរទិវានារីអន្តរជាតិទេ។ ជំនួសឲ្យការរៀបចំនេះ ទំព័រហ្វេសប៊ុករបស់ប្រមុខរដ្ឋាភិបាលបានត្រឹមសរសេរអបអរទិវានារីអន្តរជាតិ ៨មីនា ខួបលើកទី១១៣ តែប៉ុណ្ណោះ។

ចំណែកអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានសរសេរអបអរទិវានារីអន្តរជាតិក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល»។ សំណេររបស់លោក ហ៊ុន សែន បានលើកឡើងអំពីប្រវត្តិនៃទិវា៨មីនា ដែលជាការតស៊ូទាមទារសិទ្ធិសេរីភាព និងការបន្តលើកកម្ពស់សមភាពយេនឌ័រ បង្កើនភាពអង់អាចក្លាហានដល់ស្ត្រី និងក្មេងស្រី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ