អានតួអត្ថបទ
កម្ពុជា-សង្គម

អាមេរិក៖តុលាការ​កាត់ទោស​បុរស​សញ្ជាតិអាមេរិកម្នាក់​ពី​បទបៀតបៀន​ផ្លូវភេទ​លើ​កុមារ​កម្ពុជា

តុលាការរដ្ឋម៉ាសាជូសេដសហរដ្ឋអាមេរិក សម្រេចផ្តន្ទាទោសលោក Scott Jameson គ្រូសៀកឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំកន្លះ ពីបទប្រព្រឹត្តិសកម្មភាពអាសអាភាសលើកុមារ និងកេងប្រវ័ញ្ចកុមារដោយខុសច្បាប់នៅកម្ពុជា។ តាមសេចក្តីប្រកាសព័ត៌មានរបស់តុលាការរដ្ឋម៉ាសាជូសេដ បុគ្គលរូបនេះក៏តម្រូវឪ្យបង់ប្រាក់ពិន័យចំនួន២ម៉ឺនដុល្លារក្នុងការវាយតម្លៃពិសេសមួយផងដែរ។

រូបតំណាង
រូបតំណាង © Internet
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃទី២៨ ខែមីនា ការិយាល័យមេធាវីសហរដ្ឋអាមេរិកនៃរដ្ឋម៉ាសាជូសេដបានកាត់ទោសលោក Scott Jameson អាយុ៤៧ឆ្នាំសញ្ជាតិអាមេរិកនិងអៀរឡង់ ដើមកំណើតអង់គ្លេសឱ្យជាប់ពន្ធនាគារចំនួន៧៨ខែក្នុងទីក្រុង Boston នៃរដ្ឋម៉ាសាជូសេដសហរដ្ឋអាមេរិក។ គ្រូសៀកដ៏ល្បីឈ្មោះរូបនេះ បានជាប់ចោទពីបទបានប្រព្រឹត្តិសកម្មភាពផ្លូវភេទខុសច្បាប់នៅកម្ពុជា និងថតរូបអាសអាភាសលើកុមារកម្ពុជា។

មាន​ភស្តុតាងជាច្រើនដែលតុលាការរដ្ឋម៉ាសាជូសេដបានដាក់បន្ទុកលើលោក Scott Jameson ដូចជារូបថតអាសអាភាសជាង១០០សន្លឹក និងវីដេអូជាង១២វីនាទីដែលក្រុមស៊ើបអង្កេតរកឃើញក្នុងកុំព្យូទ័ររបស់លោក។ មានកុមារាកម្ពុជាចំនួន២នាក់ត្រូវបានលោក Scott Jameson បង្ខំឱ្យថតរូបទាំងអាក្រាតកាយ។

តែកុមារាទាំងពីរនាក់នេះមិនបានរាយការណ៍ថា ពួកគេត្រូវបានលោក Scott Jameson រំលោភបំពានផ្លូវភេទនោះទេ ពោលដោយគ្រាន់​តែគេងឱប និងកាន់ដៃប៉ុណ្ណោះ។ នេះបើតាមឯកសារមួយរបស់មេធាវីស្តីទីអាមេរិកលោក Joshua S. Levy។

លោកស្រី ជូ ប៊ុនអេង អនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សសាទរចំពោះការផ្តល់យុត្តិធម៌ឱ្យកុមារកម្ពុជានៅពេលនេះ។ តាម លោកស្រីជូ ប៊ុនអេង ការផ្តន្ទាទោសបុគ្គលដែលរំលោភបំពានលើកុមារកម្ពុជា​ជាសក្ខីកម្មបញ្ជាក់ថា តុលាការរដ្ឋម៉ាសាជូសេដបានយកចិត្តទុកដាក់ខ្ពស់ចំពោះសិទ្ធិកុមារដែលរងការរំលោភបំពាន។

អនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សដដែលរូបនេះបានបន្ថែមថា  កម្ពុជានឹងបន្តទប់ស្កាត់សកម្មភាពរំលោភបំពានលើកុមារតាមគ្រប់រូបភាព និងមិនអត់ឱនឱ្យបុគ្គលណាដែលប្រព្រឹត្តិសកម្មភាពខុសច្បាប់លើកុមារជាដាច់ខាត។

សូមជម្រាបថា លោក Scott Jameson ត្រូវបានក្រុមសមត្ថកិច្ចFBIអាមេរិកចាប់ខ្លួននៅព្រលានយន្តហោះឡូហ្គាន Logan Airport កាលពីអំឡុងខែតុលា ឆ្នាំ២០២២។ ការចាប់ខ្លួនលោក Scott ធ្វើឡើង​ បន្ទាប់ពីអង្គការ Action Pour Les Enfants(APLE) រាយការណ៍ពីករណីបៀតបៀនផ្លូវភេទលើកុមារាកម្ពុជាកាលពីខែកុម្ភៈឆ្នាំ២០២២។

កន្លងមក​ និងដើម្បីបិទបាំងសកម្មភាពរបស់ខ្លួន បុគ្គលរូបនេះតែងផ្តល់លុយ និងកាដូទៅកាន់គ្រួសាររបស់ក្មេងៗជាថ្នូរនឹងការដេកជាមួយកុមារទាំងនោះ។ តាមអង្គការ​ APLE  ករណីនេះមិនមែនជាលើកទី១ ព្រោះបុគ្គលរូបនេះដដែលក៏ធ្លាប់កេងប្រវ័ញ្ចផ្លូវភេទលើកុមារក្នុងខេត្តក្រចះកាលពីអំឡុងខែសីហា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ