អានតួអត្ថបទ
កម្ពុជា-សង្គម

ក្រសួងមហាផ្ទៃ ឲ្យស៊ើបអង្កេតកន្លែងកម្សាន្ត សង្ស័យជួញដូរមនុស្ស និងគ្រឿងញៀន

លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានដាក់បទបញ្ជាឱ្យគ្រប់ស្នងការរាជធានី-ខេត្ត ចុះពិនិត្យបញ្ហាគ្រឿងញៀន និងករណីជួញដូរមនុស្សខុសច្បាប់នៅតាមទីតាំងកាស៊ីណូ ខេធីវី បៀរហ្គាឌិន និងរង្គសាល នៅទូទាំងប្រទេស។ បទបញ្ជានេះ ធ្វើឡើងក្រោយពីលោក ស សុខា សង្កេតឃើញមានករណីទិញលក់មនុស្ស ដើម្បីបម្រើសេវានៅតាមទីតាំងទាំងអស់ខាងលើ ពិសេសការជួញដូរ និងប្រើប្រាស់សារធាតុញៀន។

សមត្ថកិច្ចបានចុះបង្ក្រាបទីតាំងក្លឹបមួយកន្លែងដែលជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន
សមត្ថកិច្ចបានចុះបង្ក្រាបទីតាំងក្លឹបមួយកន្លែងដែលជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន © Freshnews
ផ្សាយពាណិជ្ជកម្ម

 

នៅក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជួញដូរមនុស្សកាលពីថ្ងៃទី២៧ ខែមីនា លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងថា សមត្ថកិច្ចជំនាញត្រូវតែចុះទៅធ្វើបច្ចុប្បន្នភាពនៅតាមទីតាំងកម្សាន្ត ខេធីវី បៀរហ្គាឌិន និងរង្គសាល​ ដើម្បីឱ្យប្រាកដថា ទីតាំងនោះមិនជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្ស ឬការប្រើប្រាស់គ្រឿងញៀន។ 

ចំណែក ខេត្តនៅជាប់ព្រំដែន ពិសេសខេត្តដែលមានកាស៊ីណូ លោក ស សុខាក៏តម្រូវឱ្យសមត្ថកិច្ចជំនាញចុះទៅធ្វើកិច្ចសន្យាជាមួយម្ចាស់កាស៊ីណូទាំងអស់ ដោយដាក់បម្រាមមិនឱ្យមានការប្រើប្រាស់ ឬលក់គ្រឿងញៀននោះទេ។

តាមលោក ស សុខា ការដាក់បទបញ្ជាទាំងនេះ ក៏ដោយសារតែប៉ុន្មានសប្តាហ៍កន្លងមកនេះសមត្ថកិច្ចបង្ក្រាបគ្រឿងញៀនបានជិត៤គីឡូក្រាមនៅតាមទីតាំងខារ៉ាអូខេ និងកាស៊ីណូមួយចំនួន ខណៈ សមត្ថកិច្ចក៏បានរកឃើញជនរងគ្រោះជាស្ត្រី ត្រូវបានមេការលក់ពីកន្លែងមួយទៅកន្លែងមួយទៀត។ ​​​

ជុំវិញរឿងនេះ លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព​សាទរចំពោះចំណាត់ការរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ប៉ុន្តែលោកមិនចង់ឃើញការអនុវត្តបានតែមួយឆាវ ហើយចុងក្រោយក៏ស្ងាត់បាត់សឹងនោះទេ។ សម្រាប់លោក យ៉ង់ គឹមអេង អាជ្ញាធរមានសមត្ថកិច្ចត្រូវតែចុះត្រួតពិនិត្យដោយផ្អែកលើមុខសញ្ញាដែលសង្ស័យ។   

អ្នកតាមដានសង្គមរូបនេះ កត់សំគាល់ថា ទីតាំងកម្សាន្តពេលរាត្រី និងកាស៊ីណូនេះខ្លះ គឺជាកន្លែងចែកចាយ និងប្រើប្រាស់គឿងញៀនដ៏សកម្មភាពមួយដែរ។ ម្ល៉ោះហើយ លោកអំពាវនាវឱ្យអាជ្ញាធរត្រូវតែចុះបង្ក្រាបឱ្យបានដិតដល់ ម៉ឺងម៉ាត់ និងមិនត្រូវឃុបឃិតជាមួយម្ចាស់ទីតាំងដើម្បីបានលាភសក្ការៈឡើយ។

សូមជម្រាបថា កាលពីថ្ងៃទី២០ ខែមីនាកន្លងទៅ ស្នងការរាជធានីភ្នំពេញបានចុះបង្ក្រាបបទល្មើសគ្រឿងញៀននៅក្លឹបកម្សាន្តមួយកន្លែងស្ថិតក្នុងខណ្ឌសែនសុខ ដោយរកឃើញថ្នាំញៀនជាង២គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យដែលជាជាតិចិន៣នាក់បញ្ចូនទៅតុលាការ។   សារធាតុញៀនដែលកម្លាំងជំនាញដកហូតបានរួមមាន៖ សារធាតុញៀនកេតាមីនចំនួនជាង៨៦១.៧៧ក្រាម និងសារធាតុញៀនប្រភេទអ៊ិចស្កាស៊ីទម្ងន់ជាង១គីឡូក្រាម៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ