អានតួអត្ថបទ
កម្ពុជា-បរិស្ថាន

កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៤៖ធនាគារពិភពលោកថាមាន ៥.៨% តែរដ្ឋាភិបាលថាមាន ៦.៦%

មន្ដ្រីជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនៃធនាគារពិភពលោក World Bank បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៤ នឹងទទួលបានកំណើន ៥.៨% តែនាយករដ្ឋមន្ដ្រីកម្ពុជាលោក ហ៊ុន ម៉ាណែតថានឹងមានរហូតដល់ទៅ ៦.៦%។ ទន្ទឹមគ្នានេះ លោកនាយករដ្ឋមន្ដ្រីថែមទាំងហ៊ានអះអាងថា សេដ្ឋកិច្ចកម្ពុជានឹងវិលទៅរកកំណើន ៧% វិញនៅឆ្នាំ ២០២៨ ដូចដែលកម្ពុជាធ្លាប់ទទួលបាននៅមុនពេលមានជំងឺឆ្លងកូវីដ១៩។

ធនាគារពិភពលោក៖សេដ្ឋកិច្ចកម្ពុជាប្រឹងឈានទៅមុខទោះជួបឧបសគ្គចំពោះមុខ
ធនាគារពិភពលោក៖សេដ្ឋកិច្ចកម្ពុជាប្រឹងឈានទៅមុខទោះជួបឧបសគ្គចំពោះមុខ © RFI
ផ្សាយពាណិជ្ជកម្ម

ធនាគារពិភពលោក World Bank បានព្យាករណ៍ថា កម្ពុជានឹងមានទទួលបានកំណើនសេដ្ឋកិច្ច ៥.៨% នៅឆ្នាំ ២០២៤ ពោលលើសឆ្នាំ ២០២៣ ដែលមានត្រឹម ៥.៤% ប៉ុណ្ណោះ។ នេះបើតាមការលើកឡើងរបស់លោក Aaditya Mattoo ប្រធានផ្នែកសេដ្ឋកិច្ចនៃធនាគារពិភពលោកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកក្នុងថ្ងៃចន្ទ ទី១ ខែមេសា។ តាមលោក Aaditya Mattoo កម្ពុជាបានភ្ជាប់ខ្លួនយ៉ាងស៊ីជម្រៅទៅនឹងពាណិជ្ជកម្ម និងការវិនិយោគជាមួយប្រទសចិនតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការសម្រួលឲ្យមានលំហូរវិនិយោគដោយផ្ទាល់ពីចិនមកកម្ពុជា។

ប្រធានផ្នែកសេដ្ឋកិច្ចនៃធនាគារពិភពលោកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិករូបនេះដដែលបានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនខ្ពស់រហូតដល់ ៦.១% នៅឆ្នាំ ២០២៥។ បើតាមលោក Aaditya Mattoo កំណើនសេដ្ឋកិច្ចដែលប្រទេសក្នុងតំបន់អាស៊ានមួយនេះទទួលបាន គឺបានពីវិស័យប្រពៃណីដូចជាការនាំចេញសម្លៀកបំពាក់ វិស័យទេសចរណ៍ កសិកម្ម សំណង់ និងវិស័យអចលនទ្រព្យ។ តែខុសពីធនាគារពិភពលោក នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន ម៉ាណែតបានប្រកាសក្នុងថ្ងៃអង្គារ ទី២ ខែមេសានាឱកាសចូលរួមបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាថា សេដ្ឋកិច្ចកម្ពុជាមានភាពធន់គួរឱ្យកត់សម្គាល់។

តាមលោកហ៊ុន ម៉ាណែត សេដ្ឋកិច្ចកម្ពុជាបានស្ទុះងើបឡើងវិញជាមួយនឹងអត្រាកំណើន ៥.៦% ក្នុងឆ្នាំ២០២៣ និងបានព្យាករណ៍នឹងមានកំណើន ៦.៦% ក្នុងឆ្នាំ២០២៤ ហើយនឹងអាចត្រឡប់ទៅរកកំណើនដូចនៅមុនផ្ទុះជំងឺឆ្លងរាតត្បាតកូវីដ១៩ ពោលក្នុងរង្វង់ ៧% នៅឆ្នាំ ២០២៨ខាងមុខ។ ការណ៍នេះបានបង្ហាញអំពីអនាគតសេដ្ឋកិច្ចកម្ពុជាប្រកបដោយក្តីសង្ឃឹម នេះជាការបន្ថែមរបស់នាយករដ្ឋមន្រ្តីកម្ពុជា។ ដោយឡែក របាយការណ៍របស់មូលនិធិរូបិយវត្ថុអន្ដរជាតិ IMF ចេញផ្សាយកាលពីចុងខែមករា ឆ្នាំ២០២៤ បានឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជាអាចទទួលបានកំណើនកើនឡើង ៦.០% នៅក្នុងឆ្នាំ២០២៤។ តួលេខនេះគឺដូចគ្នាបិះបិទនឹងការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៣៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ