អានតួអត្ថបទ
បឹងទន្លេសាប-ព្រៃលិចទឹក

ជនសង្ស័យ ៣រូបពាក់ព័ន្ធការទន្ទ្រានដីព្រៃលិចទឹកនឹងត្រូវ ACU បញ្ជូនទៅតុលាការខេត្តកំពង់ឆ្នាំង

នៅព្រឹកថ្ងៃទី០៣ ខែមេសាឆ្នាំ២០២៤ អង្គភាពប្រឆាំងអំពើពុករលួយនឹងបញ្ជូនជនសង្ស័យ ៣នាក់ដែលជាប់ពាក់ព័ន្ធនឹងករណីទន្រ្ទានយកដីព្រៃលិចទឹកទៅសាលាដំបូងខេត្តកំពង់ឆ្នាំង។ នេះបើតាមលោកសយ ច័ន្ទវិចិត្ត អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ។ អ្នកនាំពាក្យរូបនេះដដែលបានបញ្ជាក់ថា ករណីបង្ក្រាបបទល្មើសទន្ទ្រានព្រៃលិចទឹកជុំវិញបឹងទន្លេលាបនេះមានទំហំ៩ហិចតាដែលជាជម្រកត្រីពងក្នុងដែនព្រៃលិចទឹក(តំបន់២) ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង។

ជនសង្ស័យ ៣រូបពាក់ព័ន្ធការទន្ទ្រានដីព្រៃលិចទឹកនឹងត្រូវ ACU បញ្ជូនទៅតុលាការខេត្តកំពង់ឆ្នាំង
ជនសង្ស័យ ៣រូបពាក់ព័ន្ធការទន្ទ្រានដីព្រៃលិចទឹកនឹងត្រូវ ACU បញ្ជូនទៅតុលាការខេត្តកំពង់ឆ្នាំង © RFI
ផ្សាយពាណិជ្ជកម្ម

បើតាមអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយលោក សយ ច័ន្ទវិចិត្ត ក្នុងចំណោមជនសង្ស័យឃាត់ខ្លួនទាំង ៣នាក់មាន ២នាក់ជាមន្ត្រីនិងម្នាក់ទៀតជាពលរដ្ឋសាមញ្ញធម្មតា។ មន្រ្តីទាំង ២នាក់មានម្នាក់ឈ្មោះពុំ សុផលជាអភិបាលរងស្រុកកំពង់លែង និងម្នាក់ទៀតឈ្មោះលឹម ដានីនជាប្រធានការិយាល័យប្រជាពលរដ្ឋស្រុកកំពង់លែង។ ចំណែកពលរដ្ឋសាមញ្ញដែលជាជនសង្ស័យទី៣ មានឈ្មោះ ជួន តុំ មុខជាម្ចាស់សិប្បកម្មផលិតទឹកត្រពាំងពេជ្រ។

លោកសយ ច័ន្ទវិចិត្តបានបន្ថែមថា ដើម្បីដំណើរការគៃបំបាត់ដីរដ្ឋទាំងនោះ ជនសង្ស័យទាំង ៣នាក់បានប្រើឧបាយកលបន្លំធ្វើលិខិតទិញ លក់ដែលតាមពិតទៅ ដីនោះមិនដែលមានការអាស្រ័យផលឡើយ។ តែគ្រាន់តែបានលិខិតទិញ លក់ភា្លម អ្នកទាំង ៣បានដាក់ត្រាក់ទ័រចំនួន៥គ្រឿងដើម្បីធ្វើការឈូសឆាយដីព្រៃលិចទឹកនោះ​ឱ្យបានរួចរាល់តែក្នុងរយៈពេលមួយថ្ងៃ។ តែដោយតំបន់នោះមានព្រៃលិចទឹកក្នុងទំហំធំទើបការឈូសឆាយរបស់ពួកអាចសម្រេចបានត្រឹមទំហំ៤ហិចតាលើផ្ទៃដី៩ហិចតា។ តែជាអកុសល ទង្វើរបស់អ្នកទាំង ៣ បានបែកការណ៍ និងត្រូវបានមន្ត្រីជលផលស្រុកកំពង់លែងដែលជាសេនាធិការរបស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទធ្វើការឃាត់ខ្លួន និងរាយការណ៍ទៅថ្នាក់ខេត្ត ព្រមទាំងកសាងសំណុំរឿងដើម្បីចាត់ការតាមនិតិវិធី។ នេះជាការបន្ថែមរបស់លោកសយ ច័ន្ទវិចិត្ត។

នៅចំពោះមុខនៃការទន្ទ្រានដីអភិរក្សបឹងទន្លេសាបឥតឈប់ឈរ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី​៣០មករា ឆ្នាំ២០២៤ បានបញ្ជា​​ឱ្យ​អាជ្ញាធរ​​នៅតាមបណ្តោយបឹងទន្លេសាបទាំងអស់ ពិសេស​ខេត្តកំពង់ឆ្នាំង ​ឱ្យពង្រឹងការគ្រប់គ្រងដីអភិរក្សនោះឡើងវិញដោយសុក្រិត្យភាពនិងប្រសិទ្ធភាព។ តាមការអះអាងរបស់លោក ហ៊ុន ម៉ាណែត វិធានការកាត់ឆ្វៀលដីបឹងទន្លេសាបរបស់រដ្ឋាភិបាលកម្ពុជាកន្លងមក​មិនមែនសម្រាប់ប្រយោជន៍បុគ្គលកាងដោយមន្ត្រីពុករលួយទេ តែសម្រាប់ឱ្យពលរដ្ឋមួយចំនួនក្នុងការអាស្រ័យផលនៅលើដីនោះឡើងវិញ។

គួរបញ្ជាក់ថា នៅដើមខែមករា ឆ្នាំ២០២២ រដ្ឋាភិបាលបានដកហូតដីព្រៃលិចទឹកប្រមាណជា ៦ម៉ឺនហិចតា។ បន្ទាប់មកនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០២២ ដដែល រដ្ឋាភិបាលបានឱ្យអង្គភាពប្រឆាំងអំពើពុករលួយធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងចាត់វិធានការតាមច្បាប់ចំពោះអតីតអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន និងដកហូតបានដីជាង ២ ០០០ហិកតាទុកជាសម្បត្តិរដ្ឋវិញ រួមទាំងឃាត់ខ្លួនមន្ត្រីពាក់ព័ន្ធផ្សេងទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ