អានតួអត្ថបទ
គ្រាន់មីនមិនទាន់ផ្ទុះនៅកម្ពុជា

លោក ហេង រតនា៖ បញ្ហាថវិកា និងស្ថានភាពចម្ការមីន ជារឿងប្រឈមក្នុងការសម្អាតមីននៅកម្ពុជា

ថ្ងៃទី៤ មេសានេះជាទិវាអន្ដរជាតិយល់ដឹងអំពីមីនក្រោមប្រធានបទ “ការពារជីវិត កសាងសន្ដិភាព”។ អាជ្ញាធរមីនកម្ពុជាបានរៀបចំពិធីនេះនៅក្នុងខេត្តសៀមរាបដោយមានចូលរួមពីលោកលី ធុជ អនុប្រធានទី១នៃ​អាជ្ញាធរមីនកម្ពុជា។ ថ្លែងនាឱកាសនោះ លោកលី ធុជបានឡើងឡើងពីទំហំផ្ទៃដីដែលកំពុងបន្តមានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ចំណែកអគ្គនាយក CMAC លោកហេង រតនាបានលើកឡើងពីឧបសគ្គមួយចំនួនដែលមិនអាចឲ្យកម្ពុជាបោសសំអាតមីនអស់នៅត្រឹមឆ្នាំ២០២៥។

លោកហេង រតនា៖បញ្ហាថវិកា និងស្ថានភាពចម្ការមីនជារឿងប្រឈមក្នុងការសម្អាតមីននៅកម្ពុជា
លោកហេង រតនា៖បញ្ហាថវិកា និងស្ថានភាពចម្ការមីនជារឿងប្រឈមក្នុងការសម្អាតមីននៅកម្ពុជា © RFI
ផ្សាយពាណិជ្ជកម្ម

លោកលី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជាបានបញ្ជាក់ថា កម្ពុជានៅសល់ផ្ទៃដីដែលមានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណជាជាង១៨៥៤គីឡូម៉ែត្រការ៉េ និងមានប្រជាជនប្រមាណជាង១លាននាក់កំពុងរស់នៅក្នុងតំបន់ដែលសង្ស័យមានមីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។ តែអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជារូបនេះមិនភ្លេចបញ្ជាក់ថា ការសហការជាមួយដៃគូអភិវឌ្ឍន៍ប្រទេសជាមិត្ត និងភាគីពាក់ព័ន្ធអាចធ្វើឱ្យកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយលើបញ្ហាមីន និងយុទ្ធភណ្ឌដែលមិនទាន់ផ្ទុះទាំងនោះ។

ចំណែកនាយករដ្ឋមន្ដ្រីកម្ពុជាលោក ហ៊ុន ម៉ាណែតបានលើកឡើងនៅក្នុងថ្ងៃទិវាអន្ដរជាតិយល់ដឹងអំពីមីនថា គ្រាប់មីននៅតែបង្កការគំរាមកំហែងដល់ប្រជាជនស្លូតត្រង់ និងរារាំងដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។ តាមលោកហ៊ុន ម៉ាណែត ការបោសសម្អាតមីនជាមូលដ្ឋានគ្រឹះសម្រាប់បម្រើដល់ការអភិវឌ្ឍន៍។

ដោយឡែកនៅថ្ងៃទី៣ មេសា លោកហេង រតនា អគ្គនាយកCMAC បានជួបពិភាក្សាការងារជាមួយលោក Gregory Cathcart មន្ដ្រីនៃអង្គភាពគាំទ្រការអនុវត្តន៍អនុសញ្ញាមីនអន្ដរជាតិអូតាវ៉ា។  លោកហេង រតនាបានលើកឡើងនៅក្នុងជំនួបជាមួយលោក Gregory Cathcart ថា ស្ថានភាពថវិកា និងចម្ការមីនដែលមិនទាន់បានស្រាវជ្រាវកំណត់ទីតាំង និងមានព័ត៌មានគ្រប់ជ្រុងជ្រោយ ពិសេសចម្ការមីននៅតាមព្រំដែន កម្ពុជា ថៃ គឺជាបញ្ហាប្រឈមរបស់កម្ពុជាក្នុងការសម្អាតមីនឱ្យអស់នៅត្រឹមឆ្នាំ២០២៥។ តាមអគ្គនាយក CMAC រូបនេះដដែល កម្ពុជាត្រូវការពេលវេលាសមស្របដើម្បីស្រាវជ្រាវឱ្យបានគ្រប់ជ្រុងជ្រោយអំពីស្ថានភាពទីតាំងមីន និងចាំបាច់ត្រូវកត់ត្រាក្នុងទិន្នន័យជាតិឱ្យអស់ពីលទ្ធភាពនូវចំនួនគ្រាប់មីនដែលនៅសេសសល់។

បើតាមអាជ្ញាធរមីន មាន១៥រាជធានី-ខេត្តដែលទើបអស់គ្រាប់មីន រួមមានរាជធានីភ្នំពេញ ខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង ខេត្តព្រះសីហនុ ខេត្តកណ្ដាល ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំ ខេត្តតាកែវ ខេត្តកំពត ខេត្តមណ្ឌលគិរី ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ។ ចំណែក ១០ខេត្តដែលនៅសេសសល់ត្រូវបានអាជ្ញាធរមីនបញ្ជាក់ថាកំពុងបន្តយុទ្ធនាការបោសសម្អាត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ