អានតួអត្ថបទ

យុវជនស្នើដោះលែង លោក កើត សារ៉ាយ ខណៈសមត្ថកិច្ចត្រៀមបញ្ជួនទៅតុលាការ

ក្រុមយុវជនចំនួន១១នាក់ នៅថ្ងៃសៅរ៍នេះ បាននាំគ្នាទៅឈរលើក​បដានៅមុខស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  ដោយទាមទារឱ្យដោះលែង លោក កើត  សារ៉ាយ  ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ-KSILA ។​ សកម្មជនសង្គមរូបនេះ ត្រូវបានសមត្ថកិច្ចចុះទៅចាប់ខ្លួនដល់ក្នុងទីស្នាក់ការសមាគមនៅទីក្រុងភ្នំពេញ  កាលពីរសៀលថ្ងៃទី៥  ខែមេសា  ឆ្នាំ២០២៤ ខណៈអាជ្ញាធរខេត្តព្រះវិហារបានបង្គាប់​ឲ្យ​ លោក កើត សារ៉ាយ​ ចូលខ្លួនទៅបំភ្លឺជុំវិញជម្លោះដីធ្លីនៅស្រុក​គូលែន។ នេះបើតាម​សមាគមបណ្តាញយុវជនកម្ពុជា។

យុវជនស្នើដោះលែង លោក កើត សារ៉ាយ ខណៈសមត្ថកិច្ចត្រៀមបញ្ជួនទៅតុលាការ
យុវជនស្នើដោះលែង លោក កើត សារ៉ាយ ខណៈសមត្ថកិច្ចត្រៀមបញ្ជួនទៅតុលាការ © PED Cambodia
ផ្សាយពាណិជ្ជកម្ម

តែអ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៦ខែមេសាថា ការ​ចាប់​ខ្លួន​ លោក កើត សារ៉ាយ ​ធ្វើឡើងទៅតាមការបញ្ជាឲ្យចូលខ្លួន របស់ លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូង​រាជធានីភ្នំពេញ។ តំណាងអយ្យការបានចោទប្រកាន់ ធានសមាគមនិស្សិតបញ្ញវន្តខ្មែររូបនេះពីបទ«ញុះញង់បង្កឲ្យមានភាព​វឹក​វ​ដល់​សង្គម និង​មិនរាងចាល» ទាក់ទងនឹងជម្លោះដីធ្លីនៅស្រុកគូលែន។

ជម្លោះដីធ្លីនៅស្រុកគូលែន ដែលមានការ​បង្ក្រាប ​កាល​ពីថ្ងៃទី៦មីនា​​ ឆ្នាំ​២០២៤ ធ្វើឲ្យពលរដ្ឋមួយចំនួនរួមទាំងកុមារផង ត្រូវបានគេអះអាងថា បានរត់ចូលព្រៃគេចពីការចាប់​ខ្លួន។

លោក កើត សារ៉ាយ បានទៅជួបសម្ភាសពលរដ្ឋទាំងនោះ និងបញ្ជួនរូបភាព និង​វីដេអូទៅ​ឲ្យ​ប្រព័ន្ធផ្សព្វផ្សាយនៅក្រៅប្រទេសផ្សាយបន្ត ប៉ុន្តែ​សមត្ថកិច្ច​ចាត់ទុកថា នេះជាសកម្មភាព​ញុះញង់នាំឲ្យពលរដ្ឋ​ខឹង​សម្បារនឹង​រដ្ឋាភិបាល​។

បើតាម លោក សំ វិចិ្ឆកា សមត្ថកិច្ចកំពុងកសាងសំណុំរឿង និង​បញ្ជួនខ្លួន លោក កើត សារ៉ាយ ទៅតុលាការ​។

សូមរំឭកថា លោក កើត សារ៉ាយ ត្រូវបានចាប់ខ្លួនជាលើកទី២ហើយ។ ចាប់​ខ្លួន​លើកទី១​កាលពី​​អំឡុង​ខែ​សីហា​ ឆ្នាំ​២០២០ នៅក្នុងភេទជាសង្ឃនៅឡើយ ក្រោយ​ពេលអតីតសង្ឃអង្គនេះ​និង​ក្រុម​យុវជន​ផ្សេង​ទៀត​បាន​ចូលរួម​តវ៉ា​ដើម្បី​ឱ្យ​មាន​ការ​ដោះលែង​ លោក ​រ៉ុង ឈុន​ ដែលត្រូវបានចាប់ខ្លួនក្រោម​បទ​ចោទ​ «ញុះ​ញង់​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម»។​ ​កាលណោះ លោក កើត សារ៉ាយ ​ត្រូវបាន​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ រយៈ​ពេល​២០​ខែ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ