អានតួអត្ថបទ

លោក យ៉េង វីរៈ ដកខ្លួនចេញពីប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន

ក្បាល​ម៉ាស៊ីន​ដឹក​នាំ​គណបក្ស​ប្រជា​ធិប​តេយ្យមូល​ដ្ឋាន​ត្រូវ​បាន​រុះ​រើ​ ចេញ​ជាផ្លូវ​ការ​នៅថ្ងៃ​អាទិត្យ​នេះ​ តាម​រយៈ​ការ​ធ្វើ​សមាជ​ដើម្បី​បោះឆ្នោត​ជ្រើស​រើស​ប្រធាន​គណៈ​កម្មា​ធិការ​ទាំង​៣​របស់​គណ​បក្ស​នេះ។​ លោក យ៉េង វីរៈ បាន​ដក​ខ្លួន​ចេញ​ពី​ប្រធាន​ប្រតិបត្តិ​គណ​បក្ស​នេះ ​ខណៈ ​លោកស្រី ​ប្រុក​ វ៉ាន្នី​ ដក​ខ្លួន​ចេញ​ពីប្រធាន​គណៈ​កម្មាធិ​ការ​ដោះស្រាយ​វិវាទ ​និង​វិន័យ។

ក្បាលម៉ាស៊ីនដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋានមុនពេលរុះរើ
ក្បាលម៉ាស៊ីនដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋានមុនពេលរុះរើ © GDP
ផ្សាយពាណិជ្ជកម្ម

លទ្ធផលនៃការធ្វើសមាជនៅថ្ងៃទី៧​ខែមេសានេះ គឺ លោក សេក សុខា ត្រូវបានអង្គសមាជគាំទ្រដោយសំឡេងគាំទ្រ១៤៨ លើ១៥៩​ជាប់ជាប្រធានគណៈកម្មាធិការប្របតិបត្តិគណបក្សប្រជាធិបតេយ្យមូលដ្ឋាន​ជំនួស​លោក យ៉េង វីរៈ ដែលមិនឈរឈ្មោះបន្ត។

ចំណែក ប្រធានគណកម្មាធិការនាយក ត្រូវបានជំនួស ដោយ លោក មាន អ៊ាង ទទួលបានសំឡេងគាំទ្រ១៥៤លើ១៥៩ ខណៈ លោក  ធួក បូណា ជាប់ជាប្រធានគណៈកម្មាធិការដោះស្រាយវិវាទ និង​វិន័យ ជំនួស លោកស្រី ប្រុក វ៉ាន្នី ដែលដក​ខ្លួន​ចេញ។

លោក  ធួក បូណា ប្រាប់វិទ្យុ​បារាំង​អន្តរជាតិRFI ថា មូលហេតុ​ដែល ​លោក យ៉េង វីរៈ និងលោកស្រី ប្រុក វ៉ាន្នី ដក​ខ្លួន​ចេញមិន​ឈរ​ឈ្មោះ​តទៅទៀត គឺដោយគោលការណ៍​ផ្ទៃក្នុង​គណបក្សបានកំណត់អាណត្តិត្រឹម​១០ឆ្នាំ​។

បើតាម លោក  ធួក បូណា អតីតស្ថាបនិក លោក យ៉េង វីរៈ និងលោកស្រី ប្រុក វ៉ាន្នី​នៅតែ​បន្តជួយពីក្រោយគណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន តាមរយៈ ជាគំនិត និងការគាំទ្រ។

សូមបញ្ជាក់ថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលបាន៦អាសនៈ ក្នុង​ការ​បោះឆ្នោតក្រុម​ប្រឹក្សា​ឃុំ​សង្កាត់កាលពីខែមិថុនា​ឆ្នាំ​២០២២ ខណៈការបោះឆ្នោត​តំណាងរាស្ត្រកាលពីខែកក្កដាឆ្នាំ២០២៣ គណបក្សនេះ មិនទទួលបានអាសនៈនោះឡើយ។

អតីតក្បាលម៉ាស៊ីនដឹកនាំ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដូចជា លោក បណ្ឌិត យ៉ង សាំងកុមារ និង​លោក​ បណ្ឌិត សាម អ៊ីន បានទៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា តាំងពី​ក្រោយ​ការ​បោះឆ្នោតឃុំ សង្កាត់ ​​ឆ្នាំ​២០២២  មកម្ល៉េះ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ