អានតួអត្ថបទ

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖គ្មានគោលការណ៍ឲ្យយកលុយពីពលករមកពីថៃនោះទេ

អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ ​បាន​អះអាង​នៅថ្ងៃ​អាទិត្យ​នេះ​ថា ​គ្មាន​គោល​ការណ៍​ណា​មួយ​អនុញ្ញាត​ឲ្យ​មាន​ការ​យក​លុយ​ពី​ពលរដ្ឋ​ខ្មែរ​ដែល​វិល​ត្រ​ឡប់​ពី​ប្រទេស​ថៃ​ដើម្បី​មក​ចូល​ឆ្នាំ​នៅ​កម្ពុជា​នោះ​ឡើយ​។ ​ការ​អះ​អាង​យ៉ាង​ដូ​ច្នេះ​ គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​បង្ហោះ​វី​ដេអូ​នៅ​តាម​បណ្តាញ​សង្គម​ប៉ុន្មាន​ថ្ងៃ​មក​នេះ​ ដែលពលករ​មួយ​ចំនួន​រអ៊ូ​រទាំ​ពី​ការ​រង​ចាំ​យូរ​ទម្រាំ​បាន​បោះត្រា​ចូល​មក​កម្ពុជា​ ហើយថា ​បើ​ចង់​បាន​សេវា​កម្ម​លឿន​គឺ​ត្រូវ​បង់​លុយ​ទៅ​ឲ្យ​មន្ត្រី​៤០០បាត ឬ​ប្រមាណ​១១​ដុល្លារ​។

សកម្មភាពមន្ត្រីព្រំដែនត្រួតពិនិត្យការចូលរបស់ពលករខ្មែរ
សកម្មភាពមន្ត្រីព្រំដែនត្រួតពិនិត្យការចូលរបស់ពលករខ្មែរ © Chamroen Kem
ផ្សាយពាណិជ្ជកម្ម

ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ RFI​ នៅ​ថ្ងៃទី៧​ខែ​មេសា​ លោក ទូច សុខៈ អ្នក​នាំ​ពាក្យ​រង​ក្រ​សួង​មហាផ្ទៃ បាន​បញ្ជាក់​ថា មន្ត្រី​ជំនាញ​បាន​ដោះស្រាយ​ជា​ប្រចាំ​ក្រោយពី​មាន​ការ​បង្ហោះព័ត៌​មាន​ទាក់​ទង​នឹង​ការ​យឺត​យ៉ាវ​ក្នុង​ការ​ផ្តល់​សេវា​របស់​មន្ត្រី​ច្រក​ទ្វារ​ព្រំដែនមួយចំនួន​។

បើតាម​អ្នក​នាំពាក្យ​រូប​នេះ​ ការ​កក​ស្ទះនោះ​គឺ​ដោយសារ​តែ​ចំនួន​ពលករ​សម្រុក​ចូល​ច្រើន​ក្នុង​ពេល​តែ​មួយ ខណៈ​ចំនួន​មន្ត្រី​ប្រចាំ​ការ​នៅ​ច្រកទ្វារ​ព្រំ​ដែន​មាន​ចំនួន​កំណត់​។​ ទន្ទឹម​គ្នា​នោះ ​លោក ទូច សុខៈ ​បានអះ​អាង​ថា ​គ្មាន​គោលការណ៍​ណាមួយ​អនុញ្ញាត​ឲ្យ​មាន​ការ​យក​លុយ​ពី​ពលរដ្ឋ​ខ្មែរ​ដែល​វិល​ពី​ប្រទេស​ថៃ​ដើម្បី​មក​ចូល​ឆ្នាំ​នៅ​កម្ពុជា​នោះឡើយ​។

ចំណែក​ លោក​ កឹម ចំរើន មន្ត្រីនៅ​ក្រសួង​ការងារ​ទទួល​បន្ទុក​ពលករខ្មែរ​នៅថៃ បាន​អះអាង​ថា មាន​ពលករប្រមាណ​២០០​នាក់​បាន​សម្រុក​មក​នៅ​ពេល​ព្រឹក​ ហើយ​ជា​ធម្មតា ​ពួកគេ​ត្រូវ​រង​ចាំ​២០​ទៅ​៣០​នាទី​ឬយ៉ាងយូរ១​ម៉ោង​ដើម្បី​វាយ​ត្រាចេញ​។

បើ​តាម​មន្ត្រី​ដដែល គឺមន្ត្រីច្រកទ្វារ​ព្រំដែន​ត្រូវ​ធ្វើ​ការ​តាំង​ពី​ម៉ោង​៦ព្រឹក​រហូត​ដល់​ម៉ោង​១០​យប់ ​ប៉ុន្តែ​អត់​ល្បី​ដូច​ព័ត៌​មាន​ដែល​ត្រូវ​បាន​បង្ហោះ​និយាយ​ពី​ការ​យឺត​យ៉ាវ​ខ្លះ​ក្នុង​ការ​ផ្តល់​សេវា​កម្ម​របស់​មន្ត្រី​នោះ​ឡើយ​។

ក្នុងបទ​សម្ភាស​ជាមួយ​វិទ្យុ​បារាំង​អន្តរជាតិ​ RFI​ នៅថ្ងៃ ទី១​ មេសា ​លោ​ក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា នៅថ្ងៃដំបូងនោះ មានពលករខ្ទង់២ពាន់នាក់បានឆ្លងកាត់ច្រកអន្តរជាតិប៉ោយប៉ែតដោយមិនមានការកកស្ទះនោះឡើយ។ បើតាមអភិបាលរងខេត្តរូបនេះ ទោះជាពលករសម្រុកមកច្រើនជាងនេះ នៅពេលខាងមុខ ក៏អាជ្ញាធរធានាមិនឲ្យមានការកកស្ទះ និងមិនឲ្យមានការយកកម្រៃក្រៅផ្លូវការជាដាច់ខាត។

សូមបញ្ជាក់ថា ភាគីថៃបានយល់ព្រមមិនយកថ្លៃសេវាចេញ-ចូល (Re-entry) ចាប់ពីថ្ងៃទី០១ មេសា ដល់ថ្ងៃទី១៥ ឧសភា ឆ្នាំ ២០២៤ តាមសំណើររបស់នាយករដ្ឋមន្ត្រីកម្ពុជា។ បើតាម​មន្ត្រីការងារថ្លៃសេវាចេញ-ចូល នោះពលករម្នាក់ត្រូវចំណាយ១០០០បាត​ឬស្មើជាង២៧ដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ