អានតួអត្ថបទ
កម្ពុជា-វៀតណាម-រត់ពន្ធមាស

រត់ពន្ធមាសខុសច្បាប់៦តោនពីកម្ពុជាទៅវៀតណាម៖ មន្ដ្រីរ៉ែបដិសេធថាមិនមែនមាសកម្ពុជា

សមត្ថកិច្ចវៀតណាមបានបង្ក្រាបការត់ពន្ធមាសខុសច្បាប់ចំនួន៦តោន ដោយក្នុងនោះចាប់បានស្រ្តីជនជាតិវៀតណាមម្នាក់ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដែលបានដឹកជញ្ជូន ​នាំយកមាសពីកម្ពុជាទៅប្រទេសវៀតណាម។ តែយ៉ាងណា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលបានបដិសេធថា មាសដែលចាប់បាននោះមិនមែនជាមាសរបស់កម្ពុជានោះទេ។ លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកដ្ឋានរ៉ែ បញ្ជាក់ថាក្នុងរយៈពេលជិត៤ឆ្នាំមកនេះ កម្ពុជាចម្រាញ់បានរ៉ែមាស១០,៥តោន ហើយមាន៩.៩០តោនត្រូវបានរោងចក្រចម្រាញ់មាសអូស្ដ្រាលីនាំយកទៅចម្រាញ់ជាផលិតផលសម្រេចនៅប្រទេសអូស្ដ្រាលី។

អាជា្ញធរវៀតណាមចាប់បានមាស ចំនួន ៧៦ដុំ រួមនឹងរូបិយប័ណ្ណបរទេសមួយចំនួន
អាជា្ញធរវៀតណាមចាប់បានមាស ចំនួន ៧៦ដុំ រួមនឹងរូបិយប័ណ្ណបរទេសមួយចំនួន © Vietnamese police
ផ្សាយពាណិជ្ជកម្ម

ស្រ្ដីជនជាតិវៀតណាមម្នាក់ឈ្មោះ Nguyen Thi Minh Phung អាយុ៤៣ឆ្នាំ ត្រូវប្រឈមនឹង​ការកាត់ទោសនៅតុលាការវៀតណាម នៅក្នុងបទជាប់ពាក់ព័ន្ធក្នុងប្រតិបត្តិការរត់ពន្ធមាសខុសច្បាប់ ចំនួន៦តោន ដែលមានតម្លៃប្រមាណជាង៣៤០លានដុល្លាអាមេរិក។ ទន្ទឹមគ្នានេះ ម្ចាស់ហាងមាសមួយកន្លែងក្នុងទីក្រុងហាណូយ និងម្ចាស់ហាងមាសមួយកន្លែងទៀតនៅទីក្រុងហូជីមិញ រួមជាមួយជនសង្ស័យ២២នាក់ផ្សេងទៀត ក៏កំពុងប្រឈមមុខនឹងការចោទប្រកាន់ ពីបទជាប់ពាក់ព័ន្ធក្នុងករណីរត់ពន្ធមាសពីកម្ពុជាទៅកាន់ប្រទេសវៀតណាម។

ម្ចាស់ហាងមាស យីហោ Phuc Hang នៅទីក្រុងហាណូយ ឈ្មោះ Dang Thi Thanh Hang អាយុ ៦៤ឆ្នាំ បានរត់គេចខ្លួនទៅក្រៅប្រទេស។ អាជ្ញាធរវៀតណាមជឿជាក់ថា ម្ចាស់ហាងលក់មាស Phuc Hang តែម្នាក់ឯង មានជាប់ពាក់ព័ន្ធនឹងការរត់ពន្ធមាសជិត ៣០០ គីឡូក្រាម។ តាមសេចក្តីថ្លែងការណ៍របស់ប៉ូលិសវៀតណាម នៅក្នុងករណីរត់ពន្ធមាសខុសច្បាប់ អាជា្ញធរបានបើកការស៊ើបអង្កេតតាំងពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២ មកម្ល៉េះ មុននឹងឈានដល់ការចាប់ខ្លួន។

សេចក្ដីថ្លែងការណ៍របស់អាជ្ញាធរវៀតណាមដដែលបន្ថែមថា ការស៊ើបអង្កេតរកឃើញបណ្តាញជាបុគ្គលពាក់ព័ន្ធនានា និងជំនួញខុសច្បាប់នេះ បានជំរុញឲ្យអាជ្ញាធរធ្វើសកម្មភាពវាយឆ្មក់ និងរឹបអូសមាស នៅខេត្តTay Ninh។

ក្នុងប្រតិបត្តិការបង្ក្រាប អាជា្ញធរវៀតណាមចាប់បានមាស ចំនួន ៧៦ដុំ រួមនឹងរូបិយប័ណ្ណបរទេសមួយចំនួន។ អ្នកដែលត្រូវឃាត់ខ្លួន បាន​ឆ្លើយសារភាពថា មាសដែលរត់ពន្ធតាមច្រកព្រំដែនកម្ពុជា-វៀតណាម គឺបង្កប់ក្នុងឡានដឹកទឹកកក។ ក្នុងរយៈពេលពីរខែមកនេះ មាសជាង៦តោនត្រូវបានលួចដឹកជញ្ជូននាំចូលទៅក្នុងប្រទេសវៀតណាម។

អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក អ៊ឹង ឌីប៉ូឡា បានប្រាប់វិទ្យុបារាំងអន្ដរជាតិRFIនៅថ្ងៃទី១០ ខែមេសានេះថា មាសដែលចាប់បាននៅវៀតណាម មិនមែនជាមាសរបស់កម្ពុជានោះទេ។ លោក អ៊ឹង ឌីប៉ូឡា បានបដិសេធ ដោយសំអាងថា ចាប់តាំងពីខែមិថុនា ឆ្នាំ២០២១មកដល់ត្រឹមចុងខែមីនា ឆ្នាំ២០២៤នេះ រោងចក្រចម្រាញ់រ៉ែមាសទាំង៦ ទីតាំងនៅក្នុងប្រទេសកម្ពុជា ចម្រាញ់បានមាសប្រមាណ១០,៥តោនប៉ុណ្ណោះ។ ក្នុងចំណោមរ៉ែមាសសរុបដែលគេចម្រាញ់បាន មាន៩,៩០ តោនត្រូវបានក្រុមហ៊ុនអូស្ដ្រាលីនាំយកទៅចម្រាញ់ជាផលិតផលសម្រេច នៅប្រទេសអូស្ដ្រាលី និងនៅសល់មាសជាង៦០០គីឡូក្រាមប៉ុណ្ណោះ ដែលជារបស់រោងចក្រ៥ផ្សេងទៀត។ មន្ដ្រីនាំពាក្យរូបនេះមិនភ្លេចបញ្ជាក់ថា មាសដែលនៅសល់ពីការនាំចេញទៅអូស្ដ្រាលី ជាង៦០០គីឡូក្រាមទៀត ត្រូវបានកត់ត្រាទិន្នន័យច្បាស់លាស់ និងមានលិខិតពិនិត្យបញ្ជាក់ពីក្រសួងរ៉ែ និងថាមពល និងអន្ដរក្រសួងសម្រាប់ការលក់ដូរក្នុងទីផ្សារ។

គួរជម្រាបជូនថា នៅកម្ពុជាមានរោងចក្រចំនួន៦ កំពុងដំណើរការចម្រាញ់រ៉ែមាស។ ក្នុងនោះមាន២ទីតាំងនៅខេត្តមណ្ឌលគិរី ២ទីតាំងនៅខេត្តព្រះវិហារ ១ទីតាំងនៅខេត្តក្រចេះ និង១ទីតាំងទៀតនៅខេត្តកំពង់ធំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ