អានតួអត្ថបទ

រដ្ឋមន្ត្រីរ៉ែ និងថាមពល៖មាន​ឈ្មួញ​ធំៗ​ឈរ​ពីក្រោយ​ការ​ធ្វើ​អាជីវកម្មរ៉ែ​មាស​ជា​លក្ខណៈ​គ្រួសារ

នៅ​ថ្ងៃ​ទី​១៤​មករា​នេះ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ​និងថាមពល​អះអាងថា មាន​ឈ្មួញធំៗ​ឈរ​ពី​ក្រោយ​ជួយជ្រោមជ្រែង​ការ​ធ្វើអាជីវកម្មជីក​យក​រ៉ែមាស​ជា​លក្ខណៈ​គ្រួសារ នៅ​ភូមិ​សំពៅពូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ 

រដ្ឋមន្ត្រីរ៉ែ និងថាមពល៖មានឈ្មួញធំៗឈរពីក្រោយការធ្វើអាជីវកម្មរ៉ែមាសជាលក្ខណៈគ្រួសារ
រដ្ឋមន្ត្រីរ៉ែ និងថាមពល៖មានឈ្មួញធំៗឈរពីក្រោយការធ្វើអាជីវកម្មរ៉ែមាសជាលក្ខណៈគ្រួសារ AFP - LILLIAN SUWANRUMPHA
ផ្សាយពាណិជ្ជកម្ម

ការ​លើក​ឡើងយ៉ាងដូច្នេះ​របស់​លោក កែវ រតនៈធ្វើឡើង បន្ទាប់​ពីភាគីពាក់ព័ន្ធ​តាំង​ពី​ថ្នាក់ជាតិ​និង​ថ្នាក់​ក្រោមជាតិបើក​យុទ្ធនាការ​បង្ក្រាប​អាជីវកម្ម​រ៉ែមាស​អនាធិបតេយ្យ​នៅ​ភូមិ​សំពៅពូន ឃុំជាំ​តាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ នៅក្នុងសេចក្ដី​ប្រកាសព័ត៌មាន​របស់ក្រសួងរ៉ែ​និងថាមពល​កាល​ពី​ថ្ងៃ​ទី​១០ខែ​មករា  សកម្មភាព​ធ្វើ​អាជីវកម្ម​រ៉ែ​បែបអនាធិបតេយ្យ​លើតំបន់​មួយ នេះ​នៅ​តែ​បន្ត​កើត​មាន។ 

តាម​សេចក្តីប្រកាសព័ត៌មាន​ដដែល ការធ្វើអាជីវកម្ម​រ៉ែមាស​ធ្វើ​ដោយដៃ​បែប​លក្ខណៈ​គ្រួសារ​នៅ តំបន់នោះ បាន​កើត មាន តាំង ពី ឆ្នាំ១៩៩០។  ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ ទម្លាប់ពី​បុរាណ​មាន​ការផ្លាស់ប្ដូរ​គួរ​ឲ្យ​បារម្ភ និងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន និងសុវត្ថិភាពមនុស្ស។ លោករដ្ឋមន្ត្រីបានអះអាងបន្ថែម ថា ស្ថានភាពនៅមេមត់មិនមែនជាការធ្វើអាជីវកម្មរ៉ែជាលក្ខណៈគ្រួសារទេ តែមានអ្នកមានលុយឈរពីក្រោយ និងថា ប្រសិនបើធ្វើជាលក្ខណៈគ្រួសារមែនក្រសួងនឹងផ្ដល់អាជ្ញាបណ្ណស្របច្បាប់ក្នុងការធ្វើអាជីវកម្ម ជំនួយបច្ចេកទេស និងឱវាទក្នុងការការពារបរិស្ថាន។ 

តាមរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលរូបនេះដដែល សកម្មភាពរុករ៉ែបែបអនាធិបតេយ្យក្នុងភូមិសំពៅពូន ឃុំជាំតាម៉ៅ ស្រុកមេមត់នេះ នាំឲ្យមានការខាតបង់ទ្រព្យសម្បត្តិនិងចំណូលជាតិ ពិសេសប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថានដែលបង្កជាហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពប្រជាពលរដ្ឋក្នុងនិងក្រៅមូលដ្ឋាន។ 

នៅចំពោះមុខទង្វើនេះ រដ្ឋមន្ត្រីប្ដេជ្ញាបញ្ចប់សកម្មភាពរុករករ៉ែអនាធិបតេយ្យ និងជំរុញឲ្យមានការធ្វើអាជីវកម្មស្របច្បាប់ដែលនឹងហុចប្រយោជន៍មួយចំនួនដូចជាការផ្ដល់ការងារដោយផ្ទាល់ និងដោយផ្ទាល់ បង្កើតប្រភពចំណូលជូនជាតិ រួមទាំង កាត់បន្ថយផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងសង្គម។ 

លោក ហេង គឹមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជាស្វាគមន៍ចំពោះយុទ្ធនាការរបស់ក្រសួងរ៉ែ និងភាគីពាក់ព័ន្ធ។ តាមលោក ហេង គឹមហុង ប្រសិនបើរដ្ឋមានចេតនាគាំទ្រការធ្វើអាជីវកម្មបែបសហគមមូលដ្ឋានក៏គួរតែរៀបចំបែបបទសុវត្ថិភាពដោយបញ្ចៀសការប្រើប្រាស់សារធាតុគីមីច្រើនហួសហេតុ។ តែលោកនៅតែព្រួយបារម្ភចំពោះសកម្មភាពជីកយករ៉ែ ទោះក្នុងរូបភាពស្របច្បាប់ ឬខុសច្បាប់ដែល នាំ ឪ្យ មានផលប៉ះពាល់ផ្នែកបរិស្ថាននិងប្រព័ន្ធអេកូឡូស៊ីដូចគ្នា។ 

គួរបញ្ជាក់ជូនថា លទ្ធផលនៃការសិក្សាមួយរបស់អង្គការសមធម៌កម្ពុជាក្នុងឆ្នាំ២០២៣បានបង្ហាញថា សាជីវកម្មឧស្សាហកម្មរ៉ែមាសដែលប្រើគ្រឿងយន្តខ្នាតធំ ផ្ដល់ហានិភ័យជាច្រើនដល់ការទន្ទ្រានយកដីធ្លី ការបំផ្លាញបរិស្ថាន សុខភាព និងសុវត្ថិភាព ពិសេសក្នុងចំណោមជនជាតិដើមភាគតិច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ