អានតួអត្ថបទ

លោក ហ៊ុន សែនព្រមអនុគ្រោះឲ្យមុំ អាហ្សានី តែមិនលើកលែងឲ្យ លោក សម រង្ស៊ី

ប្រមុខ​គណ​បក្ស​កាន់​អំណាច​ លោក ហ៊ុន សែន បាន​យល់​ព្រម​អនុគ្រោះ​ដល់​លោក​ អ៊ឹម សុផល​ ហៅ ​មុំ អាហ្សានី ដែល​តែង​តែ​វាយ​ប្រហារ​ត្រកូល​ហ៊ុន​តាម​រយៈ​សារ​ព័ត៌​មាន​ ឌឺ ខាមបូឌា ដេលី​កន្លងមក​។ ​ការ​យល់​ព្រមអនុ​គ្រោះ​នេះ​ធ្វើ​ឡើង  បន្ទាប់ពី​លោក មុំ អាហ្សានី បាន​ចេញ​មុខ​សុំ​ទោស ​លោក ​ហ៊ុន សែន ​និង​បាន​ទម្លាក់​កំហុស​ដាក់​ក្រុម លោក សម រង្ស៊ី ថាជា​អ្នក​រៀប​ចំ​ឆាក​ឲ្យ​វាយ​ប្រហារ​ត្រ​កូល​ហ៊ុន​។

លោក ហ៊ុន សែនព្រមអនុគ្រោះឲ្យមុំ អាហ្សានី តែមិនលើកលែងឲ្យសម រង្ស៊ី
លោក ហ៊ុន សែនព្រមអនុគ្រោះឲ្យមុំ អាហ្សានី តែមិនលើកលែងឲ្យសម រង្ស៊ី AFP - TANG CHHIN SOTHY
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​សារ​នៅ​ក្នុង​តេឡេ​ក្រាម​ចេញ​ថ្ងៃ​ទី​១៧  ​ខែ​មេសា​នេះ ​លោក​ហ៊ុន សែនបាន​ថ្លែងថា​ លោក​យល់​ពីមូល​ហេតុ​ដែល​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​លើ​ក្រុម​គ្រួសារ​របស់​លោក​ពី​សំណាក់​លោក​ មុំ អាហ្សានី​នាពេលកន្លង​មក​។​ អតីត​នាយករដ្ឋ​មន្ត្រី​កម្ពុជា​រូប​នេះ​បាន​បញ្ជាក់​ថា​ តាំង​ពី​ដើម​មក​ លោក​ មុំ អាហ្សានី​ដែល​ជា​អតីតមន្ត្រី​យោធា​លំហ​សមុទ្រ​មិន​ដែល​មាន​ទំនាស់​អ្វី​ទាល់​តែ​សោះជា​មួយ​ក្រុម​គ្រួសារ​របស់​លោក ​និង​ថា​ លោក​ មុំ អាហ្សានី​ក៏គ្មាន​សាល​ដីកា​ដែល​ត្រូវ​អនុវត្ត​ទោស​ដែរ​។

 

តែ​លោក ហ៊ុន សែន ​ចោទ​ថា ​រាល់​ការ វាយ​ប្រហារ​របស់​លោក មុំ ​អាហ្សានី​លើ​ត្រ​កូល ហ៊ុន​ គឺ​ រៀ​បចំ​ដោយលោក សម រង្ស៊ី​ដែល​លោក​ហ៊ុន សែន​ហៅជា​ជន​ក្បត់​ជាតិ ​៣​ជំនាន់​។ ​ចំណែក​នៅ​ក្នុង​សារ​សុំទោស​របស់ លោក មុំ អាហ្សានី​ដែល​ថត​ចំនួន​២ឃ្លីប​ក៏​បាន ចោទ​លោក អេង ឆៃអ៊ាង និង​លោក​ឡុង រី​ដែល​ជា​មនុស្ស​ស្និទនឹង​លោក សម រង្ស៊ី​ថា​ជា​អ្នក​រៀប​ចំ​ឆាកឲ្យ​រូប​លោក​ធ្វើ​ជា​វាគ្មិន​ប្រចាំ​នៅ ​ឌឺ ខាមបូឌា ដេលី​ដើម្បី​វាយ​ប្រហារ​លោក ហ៊ុន សែន។

 

ទោះជាយ៉ាងណា គេនៅ​មិន​ទាន់​ឃើញមាន​ប្រតិកម្ម​ពី​លោក សម រង្ស៊ី និង​មន្ត្រី​ស្និទ​របស់​លោក​មួយ​ចំនួន​ដែល​ត្រូវ​បាន​លោក មុំ អាហ្សានី​ចោទ​ប្រកាន់​នៅ​ឡើយ​ទេ​។ ​

សូមរំឭក​ថា ​លោក មុំ អាហ្សានី​បាន​ធ្វើ​ឲ្យ​គេ​ចាប់ អារម្មណ៍​កាល​ពី​អំឡុង​ឆ្នាំ២០២៣ ​ខណៈ​លោក​តែង​តែ​ចូលរួម​ជា​វាគ្មិន​នៅ​ក្នុង​កម្មវិធី Idea Talk របស់​សារព័ត៌​មាន​ឌឺ ខាមបូឌា ដេលី​របស់​លោក តាំង សារដា ​ដែល​មានមូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​។

 

នៅ​ពេល​ចូល​រួម​កម្មវិធី​ Idea Talk​ ដំបូងៗ ​អតីត​មន្ត្រី​យោធា​លំហសមុទ្រ​រូប​នេះ​បាន​អះអាង​ថា​ លោក​ជា​ជនរង​គ្រោះម្នាក់​ដែល​បាន​គេច​ផុត​ពី​ប៉ុន​ប៉ង​សម្លាប់​បំបិទ​មាត់ពី​សំណាក់​អ្នក​មាន​អំណាច​នៅ​កម្ពុជា​។ ​បន្ទាប់​មកលោក ​និង​ក្រុមគ្រួសារ​ទទួលបាន​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ញ៉ូវហ្សឺលែន​។​ ក៏​ប៉ុន្តែ ​នៅពេល​ដែល​លោក​ មុំ អាហ្សានី បង្កើន​ការ​វាយ​ប្រហារ​មិន​សំចៃ​មាត់​ទៅ​លើក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​ ស្រាប់​តែ​សារព័ត៌​មាន​ Fresh News បាន​ផ្សាយ​វីដេអូ​មួយ​ដែល​ថា​ មុំ អាហ្សានី គឺ​ជា​ជន​ឆបោក​ប្រាក់  និង​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កន្លង​មក។​ចំណែក​វីដេអូមួយ​ទៀត​របស់ ​Fresh News ផ្សាយ​នៅ​ថ្ងៃ​ទី​០៨​ ខែ​មិថុនា ឆ្នាំ​២០២៣​ បាន​បង្ហាញ​លោក មុំ អស្សនី​ដែល​បាន​និយាយ​សុំការ​លើក​លែង​ទោស​ពី​លោក​ហ៊ុន ម៉ាណែត និង លោក ហ៊ុន សែន ហើយ​ស្នើសុំ​ធ្វើ​ជា​បណ្តាញ​របស់​លោក ហ៊ុន ម៉ាណែត​ដើម្បី​បង្កប់​ខ្លួន​នៅ​ក្នុង​គណ​បក្ស​ប្រឆាំង​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ