អានតួអត្ថបទ

ក្រោយជួបសមាជិកព្រឹទ្ធសភាបក្សប្រឆាំង លោកហ៊ុន សែនជឿថាព្រឹទ្ធសភានីតិកាលទី៥នឹងដំណើរការល្អ

លោកហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានអះអាងក្នុងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ថា ព្រឹទ្ធសភានីតិកាលទី៥នេះនឹងដំណើរការទៅមុខយ៉ាងល្អ។ ការលើកឡើងរបស់លោកហ៊ុន សែនដូចនេះធ្វើឡើង បន្ទាប់ពីលោកមានជំនួបរយៈពេលជាង៣ម៉ោងជាមួយសមាជិកព្រឹទ្ធសភាចំនួន៣រូបមកពីគណបក្សឆន្ទៈខ្មែរដែលជាគណបក្សប្រឆាំង។

ក្រោយជួបសមាជិកព្រឹទ្ធសភាបក្សប្រឆាំង លោកហ៊ុន សែនជឿថាព្រឹទ្ធសភានីតិកាលទី៥នឹងដំណើរការល្អ
ក្រោយជួបសមាជិកព្រឹទ្ធសភាបក្សប្រឆាំង លោកហ៊ុន សែនជឿថាព្រឹទ្ធសភានីតិកាលទី៥នឹងដំណើរការល្អ © hun sen
ផ្សាយពាណិជ្ជកម្ម

ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាលោកហ៊ុន សែនមានជំនឿថា ព្រឹទ្ធសភានីតិកាលទី៥នឹងដំណើរការទៅមុខយ៉ាងល្អ។ ដំណើរការយ៉ាងល្អដោយលោកមើលឃើញពីភាពស្និតស្នាល ភាពស្មោះត្រង់ និងការគោរពគ្នាទៅវិញទៅមកនៅក្នុងកិច្ចសន្ទនារយៈពេលជាង ៣ម៉ោងរវាងលោក និងសមាជិកព្រឹទ្ធសភាចំនួន ៣រូបមកពីគណបក្សឆន្ទៈខ្មែរដែលជាគណបក្សប្រឆាំង។ សមាជិកព្រឹទ្ធសភាទាំង ៣រូបរបស់គណបក្សឆន្ទៈខ្មែរ មានលោក សុក ហាច លោក សេង ម៉ារឌី និងលោកគង់ មុនីកា។

លោក គង់ មុនីកាបានប្រាប់វិទ្យុបារាំងអន្ដរជាតិ RFI នៅថ្ងៃសុក្រ ទី១៩ មេសានេះថា ជំនួបរវាងលោកហ៊ុន សែន និងសមាជិកព្រឹទ្ធសភាមកពីគណបក្សឆន្ទៈខ្មែរបានផ្ដោតសំខាន់លើការជជែកគ្នាពីបញ្ហាសេដ្ឋកិច្ច បញ្ហាអន្ដរជាតិ និងបញ្ហានយោបាយផ្ទៃក្នុងប្រទេស។ តែលោកក៏មិនភ្លេចបញ្ជាក់ថា ក្នុងនាមគណបក្សក្រៅរដ្ឋាភិបាលដែលចូលរួមក្នុងដំណើរការព្រឹទ្ធសភា គណបក្សឆន្ទៈខ្មែរមានបំណងបំពេញការងារឱ្យបានរលូនដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋ អង្គបោះឆ្នោត និងប្រទេសជាតិទាំងមូល។

ទន្ទឹមគ្នានេះ សមាជិកព្រឹទ្ធសភាទាំង៣រូបក៏បានសុំឱ្យប្រធានព្រឹទ្ធសភាបើកលម្ហនយោបាយនៅកម្ពុជាឱ្យល្អប្រសើរជាងមុន។ គួរជម្រាបថា ស្ថាប័នព្រឹទ្ធសភាត្រូវបានបង្កើតឡើងដំបូងកាលពីឆ្នាំ១៩៩៩ ដើម្បីដោះស្រាយបញ្ហាជាប់គាំងនយោបាយនៅកម្ពុជា។ ស្ថាប័ននេះមានអាសនៈសរុប ៦២ ក្នុងនោះមាន២អាសនៈតែងតាំងដោយព្រះហាក្សត្រ និង២អាសនៈតែងតាំងដោយរដ្ឋសភា។ ចំណែក ៥៨អសនៈដែលនៅសេសសល់ត្រូវធ្វើឡើងតាមរយៈការបោះឆ្នោតអសកលនៅរៀងរាល់៦ឆ្នាំម្ដង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ