អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

តម្លៃគ្រាប់ស្វាយចន្ទីសើម របស់កម្ពុជា កំពុងហក់ឡើងថ្លៃខ្ពស់ពុំធ្លាប់មាន

សមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា តម្លៃគ្រាប់ស្វាយចន្ទីសើមកំពុងហក់ឡើងខ្ពស់មិនធ្លាប់មានក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ ដោយមួយគីឡូមានតម្លៃប្រមាណ៥០០០រៀល។ ការកើនតម្លៃនាពេលនេះ ចំពេលដែលប្រជាកសិករពុំសូវមានគ្រាប់ស្វាយចន្ទីសើមស្តុកទុកដូចបណ្តាឆ្នាំកន្លងទៅ។ តាមសមាគមស្វាយចន្ទីកម្ពុជា ការថយចុះនៃបរិមាណគ្រាប់ស្វាយចន្ទីសើម ដោយហេតុតែ កន្លងមកគ្រាប់ស្វាយចន្ទីសើមពុំសូវទទួលបានតម្លៃថ្លៃ ទើបកសិករនាំគ្នាហាលសម្ងួតទុកដើម្បីលក់ចេញនាពេលក្រោយ។

គ្រាប់ស្វាយចន្ទីដែលបានសម្ងួត និងកែឆ្នៃរួច
គ្រាប់ស្វាយចន្ទីដែលបានសម្ងួត និងកែឆ្នៃរួច © Phnom Penh Post
ផ្សាយពាណិជ្ជកម្ម

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ប្រាប់វិទ្យុបារាំងអន្តរជាតិRFIថា បន្ទាប់ពីកសិករពុំសូវមានគ្រាប់ស្វាយចន្ទីសើម  បច្ចុប្បន្ន តម្លៃគ្រាប់ស្វាយចន្ទីសើម កំពុងហក់ឡើងជាលំដាប់ ក្រោយធ្លាក់ថ្លៃអស់រយៈពេលជាច្រើនខែកន្លងមក។

គិតត្រឹមចុងខែមេសានេះ តម្លៃគ្រាប់ស្វាយ​ចន្ទីសើមកំពុងមានតម្លៃខ្ពស់នៅលើទីផ្សារ ដោយអាចលក់បានតម្លៃ៥០០០រៀលក្នុងមួយគីឡូដែលជាតម្លៃខ្ពស់មិនធ្លាប់មានក្នុងរយៈពេលជាង១ទសវត្សមកនេះ។

កន្លងមកតម្លៃគ្រាប់សើម ប្រជាកសិករអាចលក់បានចន្លោះពី៣៥០០រៀល​ ទៅ៤០០០រៀលប៉ុណ្ណោះក្នុងមួយគីឡូ។ នេះបើតាមការបញ្ជាក់បន្ថែមពីប្រធានសមាគមស្វាយចន្ទីកម្ពុជា។

ចំណែកគ្រាប់ស្វាយចន្ទីស្ងួតដែលកសិករបានសម្ងួតទុកនោះ លោក អួន ស៊ីឡុត រំពឹងថានឹងអាចមានតម្លៃល្អវិញនាពេលខាងមុខ ខណៈប្រទេសជាច្រើនដែលដាំដុះស្វាយចន្ទីកំពុងប្រឈមនឹងការថយចុះទិន្នផល បន្ទាប់ពីរងផលប៉ះពាល់ដោយសារបាតុភូតអែលនីណូ។

បាតុភូតនេះ​ក៏បានគំរាមកំហែងដល់ការប្រមូលផលស្វាយចន្ទីរបស់កម្ពុជាមួយផ្នែកធំដែរ។ តាមប្រធានសមាគមរូបនេះ ដំណាំស្វាយចន្ទីរបស់កម្ពុជានៅឆ្នាំនេះ អាចនឹងថយចុះទិន្នផលចន្លោះពី១០% ទៅ៣០%។ ប៉ុន្តែសមាគមរំពឹងថា ការនាំចេញទៅវៀតណាមអាចល្អប្រសើរ នៅគ្រាដែលវៀតណាមកំពុងជួបប្រទះបញ្ហាបាតុភូតអែលនីណូនេះដែរ។

យោងតាមទិន្នន័យពីសមាគមស្វាយចន្ទីកម្ពុជា គិតត្រឹមត្រីមាសទី១ឆ្នាំ២០២៤ កម្ពុជាប្រមូលផលស្វាយចន្ទីឆៅបានចំនួន៤៧ម៉ឺន៤ពាន់តោន។ ការនាំចេញទៅវៀតណាមសម្រេចបាន៤២ម៉ឺន៤ពាន់តោន ដែលគិតសរុបជាទឹកប្រាក់ប្រមាណ៥៤៣លានដុល្លារអាមេរិក។ ដោយឡែក កាលពីឆ្នាំ២០២៣ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារអន្តរជាតិចំនួនជាង៦៥ម៉ឺនតោន ទទួលបានចំណូល៨៣៧លានដុល្លារ ថយចុះជិត១០%​ធៀបនឹងឆ្នាំ២០២២៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ