អានតួអត្ថបទ

រដ្ឋាភិបាល​ និងសង្គមស៊ីវិល៖ មរណភាពលោក សំបូរ​​ ម៉ាណារ៉ា ជាការបាត់បង់ធនធានរបស់ជាតិ

ក្រោយពេលទទួលមរណភាព លោក សំបូរ​​ ម៉ាណារ៉ា សាស្ដ្រាចារ្យប្រវត្តិសាស្ដ្រ ត្រូវបានរដ្ឋាភិបាល​ និងសង្គមស៊ីវិលចាត់ទុកថា ជាការបាត់បង់ធនធានមនុស្សដ៏សំខាន់របស់ជាតិផ្នែកអប់រំ។ លោកសាស្ដ្រាចារ្យរូបនេះ បានលាចាកលោក កាលពីព្រឹកមិញ ដោយរោគាពាធ នៅអាយុ៦៧ឆ្នាំ។

រដ្ឋាភិបាល និងសង្គមស៊ីវិល៖ មរណភាពលោក  សំបូរ ម៉ាណារ៉ា ជាការបាត់បង់ធនធានរបស់ជាតិ
រដ្ឋាភិបាល និងសង្គមស៊ីវិល៖ មរណភាពលោក សំបូរ ម៉ាណារ៉ា ជាការបាត់បង់ធនធានរបស់ជាតិ © សហការី
ផ្សាយពាណិជ្ជកម្ម

ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានផ្ញើសាររំលែកទុក្ខមួយទៅកាន់គ្រួសារនៃសព ដោយរៀបរាប់ថា មរណភាពរបស់លោកសាស្ដ្រាចារ្យប្រវត្តិសាស្ដ្រ លោក សំបូរ​​ ម៉ាណារ៉ា គឺជាការបាត់បង់នូវធនធានដ៏សំខាន់មួយរបស់ជាតិ។ លោក សំបូរ​​ ម៉ាណារ៉ា  បានលះបង់កម្លាំងកាយចិត្ត និងបញ្ញាស្មារតី ក្នុងគោលដៅបម្រើប្រយោជន៍ជាតិមាតុភូមិនាពេលកន្លងមក។ នេះបើតាម លោក ហ៊ុន សែន។

ចំណែក លោកបណ្ឌិត កុល ផេង ប្រធានសាកលវិទ្យាល័យបញ្ញាសាស្ដ្រកម្ពុជា បានបង្ហាញការអាលោះអាល័យចំពោះមរណភាព លោកសំបូរ​​ ម៉ាណារ៉ា ដែលត្រូវជាព្រឹទ្ធសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យបញ្ញាសាស្ដ្រកម្ពុជា។

បើតាម លោកបណ្ឌិត កុល ផេង គណៈគ្រប់គ្រង សាស្ដ្រាចារ្យ បុគ្គលិកសិក្សា និងនិស្សិតទាំងអស់ មានទុក្ខយ៉ាងក្រៀមក្រំ និងសោកស្ដាយជាអតិប្បរមា ចំពោះមរណភាពនេះ។

ដោយឡែកអ្នកស្រី​ ចក់ សុភាព អតីតនាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR បានរម្លឹកក្នុងនាមជាសិស្សធ្លាប់រៀនជាមួយ លោក សំបូរ​​ ម៉ាណារ៉ា  ថា ​លោកមិនដែលចង់បានការតបស្នងអ្វីពីសិស្សគ្រប់រូបនោះទេ សំខាន់ឱ្យតែសិស្សទទួលបានចំណេះដឹង និងយកទៅប្រើប្រាស់ និងជួយសង្គមជាតិ។

សូមបញ្ជាក់ថា លោក សំបូរ​​ ម៉ាណារ៉ា  គឺជាសាស្ដ្រាចារ្យប្រវត្តិសាស្ដ្រមួយរូបដែលបានបំផុសស្មារតីដល់កូនខ្មែររាប់ពាន់ម៉ឺននាក់ឱ្យស្គាល់ពីប្រវត្ដិសាស្ដ្រខ្លួនឯង។ លោកបានបញ្ចប់ការសិក្សាមកពីប្រទេសកូរ៉េខាងត្បូង ប្រទេសបារាំង និងសហរដ្ឋអាមេរិក។

លោកតែងតែផ្ដល់ផ្នត់គំនិតឱ្យយុវជនកម្ពុជា ស្រលាញ់ជាតិមាតុភូមិ  ស្រលាញ់ប្រយោជន៍រួម វប្បធម៌ ទំនៀមទម្លាប់ ប្រណៃណី និងសាសនា។ លោកត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់លោក ហ៊ុន សែន​ អតីតនាយករដ្ឋមន្ដ្រី កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ឋានៈស្មើរដ្ឋមន្ត្រី។ ក្រោយមកលោកសាស្ដ្រាចារ្យ ក៏ក្លាយជាទីប្រឹក្សាផ្ទាល់របស់លោក ហ៊ុន ម៉ាណែត ពេលលោកឡើងជានាយករដ្ឋមន្ដ្រីបន្ដវេនពីឪពុក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ