អានតួអត្ថបទ

អាមេរិកបន្ដជំរុញឱ្យដោះលែងកញ្ញា សេង ធារី និងអ្នកទោសនយោបាយនៅកម្ពុជា

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជា បានទៅសួរសុខទុក្ខ កញ្ញាសេង ធារី នៅពន្ធធនាការព្រៃស កាលពីថ្ងៃទី១៩ មេសា ហើយបានជំរុញឱ្យមានការដោះលែងមេធាវីសញ្ជាតិអាមេរិកាំងរូបនេះ និងអ្នកទោសនយោបាយទាំងអស់នៅកម្ពុជា។ តែអ្នកនាំពាក្យក្រសួងយុត្តិធម៌ថា ប្រសិនបើអាមេរិកចង់ជួយដល់ជនជាប់ចោទ អាមេរិកត្រូវចូលរួមនីតិវិធីតុលាការ និងការពារក្តីទៅតាមផ្លូវច្បាប់របស់កម្ពុជា។​

អាមេរិកបន្ដជំរុញឱ្យដោះលែងកញ្ញា សេង ធារី និងអ្នកទោសនយោបាយនៅកម្ពុជា
អាមេរិកបន្ដជំរុញឱ្យដោះលែងកញ្ញា សេង ធារី និងអ្នកទោសនយោបាយនៅកម្ពុជា © W. Patrick Murphy
ផ្សាយពាណិជ្ជកម្ម

តាមរយៈបណ្ដាញសង្គម ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក W. Patrick Murphy មិនភ្លេចរំលេចថា ស្ថានទូតអាមេរិកទាំងអស់ជុំវិញពិភពលោកមិនមានជម្រើសអ្វី ជាជាងទៅសួរសុខទុក្ខប្រជាពលរដ្ឋខ្លួនដែលជាប់ឃុំនៅបរទេសនោះទេ។

ឆ្លើយតបនឹងការបន្ដជំរុញរបស់លោកឯកអគ្គរដ្ឋទូតនេះ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានប្រាប់វិទ្យុបារាំងអន្ដរជាតិ RFI នៅថ្ងៃទី២០ មេសានេះថា ក្រសួងយុត្តិធម៌តែងតែប្រកាន់យកនីតិវិធីច្បាប់។

បើតាម លោក ជិន ម៉ាលីន ប្រសិនបើអាមេរិកចង់ជួយដល់ជនជាប់ចោទរបស់ខ្លួន អាមេរិកត្រូវចូលរួមនីតិវិធីរបស់តុលាការ និងការពារក្តីទៅតាមផ្លូវច្បាប់។

លោក អំ សំអាត នាយកប្រតិបត្តិអង្គការសិទ្ធិមនុស្សលីកាដូ បានលើកឡើងថា នេះមិនមែនជាលើកទី១ទេ ដែលស្ថានទូតអាមេរិកជំរុញឱ្យមានការដោះលែងសកម្មជននយោបាយ មិនថា កញ្ញា សេង ធារី កញ្ញា ឈឹម ស៊ីថរ និងអ្នកទោសនយោបាយផ្សេងៗទៀត។ ​លោកថា ដើម្បីបន្ធូរបន្ថយស្ថានភាពនយោបាយ និងស្ថានភាពសិទ្ធិមនុស្សដែលធ្លាប់ទទួលបានការរិះគន់កន្លងមក រដ្ឋាភិបាល និងតុលាការគួរតែពិនិត្យពិចារណាបន្ធូរបន្ថយបរិយាកាសដែលកំពុងមានភាពតានតឹង។

មួយវិញទៀត លោក អំ សំអាត បានទទូចឱ្យរដ្ឋាភិបាលកម្ពុជា បើកលម្ហសេរីភាពនយោបាយ សេរីភាពមូលដ្ឋាន ការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ លោកមិនភ្លេចបញ្ជាក់ដែរថា បើមានការដោះលែង អ្នកទោសនយោបាយទាំងអស់ នោះគឺជារឿងល្អសម្រាប់កម្ពុជា។

គួរជម្រាបថា កញ្ញា សេង ធារី ត្រូវបានតុលាការប្រកាសសាលក្រមឱ្យជាប់ពន្ធនាគារ៦ឆ្នាំ ពីបទ “រួមគំនិតក្បត់”ក្នុងសំណុំរឿងវិលចូលស្រុកវិញរស់លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី៩វិច្ឆិកាឆ្នាំ២០១៩។ មេធាវីសញ្ជាតិខ្មែរអាមេរិកកាំងរូបនេះកំពុងស្ថិតនៅក្នុងពន្ធធនាគារព្រៃស បន្ទាប់ពីបញ្ជូនខ្លួនមកពីពន្ធនាគារខេត្តព្រះវិហារ អំឡុងខែកញ្ញា ឆ្នាំ២០២៣៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ