អានតួអត្ថបទ

តំណាងកម្ពុជានៅUN ខកចិត្តនឹងការលើកឡើងរបស់អ្នកជំនាញពីការយាយីសិទ្ធិមនុស្ស

តំណាង​កម្ពុជា​ប្រចាំ​អង្គការ​សហ​ប្រជា​ជាតិនៅ​ទីក្រុង​ហ្សឺ​ណែវ ​បាន​សំដែង​ការ​ខក​ចិត្ត​យ៉ាងខ្លាំង​ចំពោះ​សេចក្តី​ថ្លែង​ការណ៍​រួម​របស់​អ្នក​ជំនាញ​អង្គការ​សហ​ប្រ​ជាតិ​ នៅ​ថ្ងៃទី១៨ ​ខែ​មេសា ឆ្នាំ​២០២៤ ​ដែល​បាន​គូសបញ្ជាក់​ថា ​កម្ពុជា​មាន​ការ​យាយី​ និង​ធ្វើ​ទុក្ខ​បុកម្នេញ​អ្នកការ​ពារ​សិទ្ធិ​មនុស្ស​។ ​អ្នក​ជំនាញ​អង្គការ​សហ​ប្រជា​ជាតិ ដែលបាន​អំពាវ​នាវ​ឱ្យកម្ពុជា​បញ្ចប់​រាល់​ទង្វើ​នៃ​ការ​យាយី និង​ការ​កាត់​ទោស​លើ​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស និង​សកម្មជន​សង្គម​ ហើយ​អនុញ្ញាត​ឱ្យ​ពួកគេ​អនុវត្ត​សិទ្ធិ​ស៊ីវិល និង​សិទ្ធិ​នយោបាយ​ដោយ​សេរី​។

លោក កើត សារ៉ាយ សកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន ដែលអាជ្ញាធរចាប់ខ្លួន
លោក កើត សារ៉ាយ សកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន ដែលអាជ្ញាធរចាប់ខ្លួន © សហការី
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​ពី​ទី​ក្រុង​ហ្សឺណែវ ​អ្នក​ជំនាញ​បាន​និយាយ​ថា​ «​ពួកគេ​កំពុង​មើល​ឃើញ​ការ​អនុវត្ត​ដែល​រំលោភ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ ការ​បង្កើត​សមាគម​ និង​ការ​ជួប​ប្រជុំ​ដោយ​សន្តិ​វិធី ​ដូច​ដែល​បាន​ធានា​ក្នុង​កតិ​កា​សញ្ញា​អន្តរ​ជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ​ និង​សិទ្ធិ​នយោបាយ​ (ICCPR)»​។

បើ​តាម​អ្នក​ជំនាញ​«នេះ​ប្រាកដ​ជា​នឹង​បន្ត​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់ការងារ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា ​ហើយ​អាច​រារាំង​មនុស្ស​ជាច្រើន​ពី​ការ​ចូល​រួម​ក្នុង​បញ្ហា​សិទ្ធិ​មនុស្ស»​។

 

ត្រង់​ចំណុច​នេះ​តំណាង​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជា​ជាតិ ​បាន​បក​ស្រាយ​ថា​ ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​គឺ​ជា​ការ​ភាន់​ច្រ​ឡំ ​និង​មិន​ឆ្លុះ​បញ្ចាំង​ពី​តថ​ភាព​នៅ​កម្ពុជា​ឡើយ​។

បើ​តាម​តំណាង​កម្ពុជា ការ​អនុវត្ត​សិទ្ធិ និង​សេរី​ភាព​តាម​បែប​ប្រជាធិប​តេយ្យ​មិន​អាច​កាត់​ផ្តាច់​ពី​នីតិរដ្ឋ​ទេ ​ហើយ​ថា​ នៅ​កម្ពុជា​ក៏ដូច​នៅ​ប្រទេស​ដទៃ​ដែរ​ ជន​ល្មើស​គឺ​ត្រូវ​ចោទ​ប្រកាន់ និង​កាត់​ទោស​ ដោយ​ផ្អែក​លើ​បទ​ល្មើស​ដែល​បាន​ប្រព្រឹត្តិ​។

 

ទោះជា​យ៉ាង​ណា ​អ្នក​ជំនាញ​អង្គការ​សហប្រ​ជាជាតិ​បាន​គូស​រំលេច​ពី​ការ​ចាប់​ខ្លួន​ លោក ​កើត សារ៉ាយ ​ ប្រធាន​សមាគមសម្ព័ន្ធ​និស្សិតបញ្ញវន្តខ្មែរ (KSILA)នៅ​ថ្ងៃ​ទី៥​ខែ​មេសា ថ្មី​ៗនេះ ។

 

ការ​ចាប់​ខ្លួន​ដែល​ត្រូវ​បាន​គេរាយការណ៍ថាបាន​អនុវត្តតាម​ដីកា​របស់តុលាការ​ពី​បទ​ "ញុះញង់ឱ្យ​បង្កភាពវឹកវ​រធ្ងន់ធ្ងរ​ដល់​សន្តិសុខសង្គម​និង​មិនរាង​ចាល​" នោះ​ត្រូវបាន​អ្នក​ជំនាញ​ជឿថា​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​។​ ប៉ុន្តែ​ករណីនេះ​ត្រូវ​បាន​តំណាង​កម្ពុជា​ឆ្លើយ​តប​ថា ​ការចាប់​ខ្លួន​នេះ​គឺ​ជាបទ​ល្មើសដែល​មាន​ចែង​ក្នុង​ច្បាប់ ហើយថាគេ​មិន​អាច​ប្រើ​ប្រាស់​សកម្មភាព​ខុស​ច្បាប់ សម្រាប់​បុព្វហេតុ​ណា​មួយ​ផ្សេង​ឡើយ​។

 

ក៏ប៉ុន្តែ អ្នក​ជំនាញ​សិទ្ធិ​មនុស្ស ​បាន​និយាយថា ​«រដ្ឋាភិបាលថ្មី​គួរ​តែ​ដើរ​លើ​មាគ៌ា​ផ្សេង​ពី​រដ្ឋាភិបាល​ចាស់ ​ហើយ​គោរព​តាម​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​សិទ្ធិមនុស្ស និង​ចាត់​វិធាន​ការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ដើម្បីការ​ពារ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ​ និង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី ​ដែល​មាន​សារៈសំខាន់​នៅ​ក្នុង សង្គម​ប្រជាធិប​តេយ្យ»​។ ពួកគេបាន​អំពាវនាវ​ឱ្យ ​«លុបចោល​ច្បាប់​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ​ជា​ពិសេចំណុច ​ដែលមិន​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ។ ពួកគេក៏ជំរុញឲ្យចូល​រួម​សន្ទនា​ជា​មួយ​គណ​បក្ស​ប្រឆាំង និង​តួអង្គ​សង្គម​ស៊ីវិល គោរពភាពចម្រុះនៃ​មតិ​ និង​ធានាថា​ច្បាប់​របស់​កម្ពុជា ស្រប​តាម​ស្តង់ដា​សិទ្ធិ​មនុស្ស​អន្តរជាតិ និង​សេចក្តី​ប្រកាស​ស្តីពី​សិទ្ធិមនុស្ស»​។

 

ទោះជា​យ៉ាង​ណា តំណាង​កម្ពុជា បាន​ចាត់​ទុក​ការ​អំពាវ​នាវ​នេះ​ថា​ជាការ​វាយ​តម្លៃ​មិន​ត្រឹម​ត្រូវ ​និងអយុ​ត្តិធម៌​ចំពោះ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ ដោយ​គូស​បញ្ជាក់ថា​មាន​អង្គការ សមាគម​ ជាង​៦០០០​ត្រូវបាន​ចុះ​បញ្ជី និង​មាន​បណ្តាញ​ផ្សព្វផ្សាយ​ឌីជីថល និង​ប្រពៃណី​ជាង​២០០០ ស្ថាប័ន​កំពុង​ប្រតិ​បត្តិការ​ដោយ​​គ្មានការ​ត្រួតពិនិត្យ​តាមដាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ