អានតួអត្ថបទ
កម្ពុជា-សង្គម

របាយការណ៍៖ ការកាប់ព្រៃឈើច្រើនលើសលប់ ធ្វើឱ្យស្ត្រីនិងកុមារកម្ពុជាក្រិន និងស្លេកស្លាំង

របាយការណ៍សិក្សាថ្មីមួយបានរកឃើញថា ស្ត្រីនិងកុមារកម្ពុជាដែលរស់នៅក្នុងតំបន់ដែលមានការកាប់បំផ្លាញព្រៃឈើច្រើនលើសលប់ ពួកគេកំពុងជួបប្រទះបញ្ហាខ្វះអាហារូបត្ថម្ភ ក្រិនសារពាង្គកាយ និងកើតជម្ងឺស្លេកស្លាំង។ ការកើតមានបញ្ហាទាំងនេះ បើតាមអ្នកជំនាញ គឺដោយសារតែព្រៃឈើ មួយផ្នែកធំជាទីជម្រក ជាប្រភពអាហារ ជាឱសថ និងជាប្រភពប្រាក់ចំណូលរបស់ពលរដ្ឋដែលរស់នៅតាមទីជនបទ។

កុមាររស់នៅតាមជនបទ
កុមាររស់នៅតាមជនបទ © Alex Berger, CC BY-SA 3.0
ផ្សាយពាណិជ្ជកម្ម

យោងតាមការវិភាគទិន្នន័យសុខភាពសាធារណៈនៅកម្ពុជា កុមារអាយុក្រោម៥ឆ្នាំរស់នៅជិតតំបន់កាប់បំផ្លាញព្រៃឈើប្រមាណ២៤%មានរូបរាងតូច និងទាប បើធៀបនឹងអាយុរបស់ពួកគេ ខណៈកុមារជាង១៧%ផ្សេងទៀត គឺស្គមស្គាំងខ្លាំង។

ដោយឡែក របាយការណ៍ស្រាវជ្រាវមួយទៀតរបស់សាកលវិទ្យាល័យSophiaនៃប្រទេសជប៉ុនវិញក៏បានឱ្យដឹងថា កុមារដែលកើតក្នុងតំបន់មានការកាប់បំផ្លាញព្រៃឈើច្រើន គឺមានសុខភាពអាក្រក់ជាងកុមារដែលរស់នៅតំបន់ពុំសូវប្រឈមនឹងការកាប់បំផ្លាញព្រៃឈើ។ កុមារទាំងនោះភាគច្រើនខ្វះអាហារូបត្ថម្ភ កង្វះទឹកស្អាតបរិភោគ និងឆ្លងជម្ងឺអាសន្នរោគផ្សេងៗ។

ចំណែកស្ត្រីវិញ អ្នកជំនាញមកពីសកលវិទ្យាល័យSophiaដដែលរកឃើញថា ភាគច្រើននៃស្ត្រីដែលមានគភ៌ពួកគេតែងជួបបញ្ហាស្លេកស្លាំង ខ្វះកោសិកាឈាមក្រហមដែលជារឿយៗទាក់ទងនឹងជម្ងឺគ្រុនចាញ់។ ជម្ងឺគ្រុនចាញ់នេះត្រូវបានអ្នកជំនាញសន្មត់ថា តែងកើតមានជាញឹកញាប់នៅក្នុងតំបន់ដែលមានការកាប់បំផ្លាញព្រៃឈើសម្រាប់ធ្វើកសិកម្ម។

លោក យង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព យល់ឃើញថា បញ្ហាកាប់បំផ្លាញព្រៃឈើពិតជាបានប៉ះពាល់ដល់សុខមាលភាពរបស់កុមារ និងពលរដ្ឋ។ តាម លោក យង់ គឹមអេង ព្រៃឈើនិងធនធានធម្មជាតិ បានដើរតួនាទីយ៉ាងសំខាន់សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរស្ទើ៧០ភាគរយ ដោយពួកគេភាគច្រើនពឹងអាស្រ័យលើប្រមូលផល និងទាញប្រយោជន៍ពីធនធានធម្មជាតិទាំងនោះដើម្បីប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។  

ចំណែក លោក ហេង គឹមហុង ប្រធានប្រតិបត្តិនៃសមាគមបណ្តាញយុវជនកម្ពុជាវិញស្នើឱ្យរដ្ឋាភិបាលសិក្សាពីផលប៉ះពាល់ឱ្យលម្អិតចំពោះសុខមាលភាពរបស់ពលរដ្ឋ និងកុមារពីការកាប់បំផ្លាញព្រៃឈើ ខណៈលោកយល់ថា នេះជាសញ្ញាមិនល្អឡើយ។

គួរជម្រាបថា ក្នុងឆ្នាំ២០២៣ កម្ពុជាបាត់បង់ព្រៃឈើប្រមាណ១២១០០០ហិកតា ក្នុងនោះពាក់កណ្តាលនៃព្រៃឈើដែលបានបាត់បង់គឺស្ថិតក្នុងតំបន់ការពារដែនជម្រកសត្វព្រៃឡង់។ នេះបើតាមទិន្នន័យស្រាវជ្រាវនៅសកលវិទ្យាល័យMaryland ។ ទិន្នន័យសរុបប្រមូលដោយ Global Forest Watch ត្រឹមថ្ងៃទី៤មេសា ឆ្នាំ២០២៤ បានបង្ហាញថា ឆ្នាំ២០២៣ ព្រៃឈើក្នុងតំបន់ការពារដែនជម្រកសត្វព្រៃឡង់រងការកាប់បំផ្លាញច្រើនជាងគេលំដាប់ទី១ ដែលមានទំហំ ១១ ៥០០ហិកតា។ លំដាប់ទី២ គឺព្រៃឈើក្នុងដែនជម្រកសត្វព្រៃបឹងពែរដែលបាត់បង់អស់ ៧ ២៣២ ហិកតា និងលំដាប់ទី៣ គឺព្រៃឈើក្នុងដែនជម្រកសត្វព្រៃភ្នំសំកុសដែលបាត់បង់អស់ ៦ ១២៥ ហិកតា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ