អានតួអត្ថបទ

លោក ​ហ៊ុន ម៉ាណែត​៖​បច្ចេកវិទ្យា​ឌីជីថល​ជា​ចលករ​ដ៏សំខាន់​ក្នុងការ​អភិវឌ្ឍន៍​សង្គម-​សេដ្ឋកិច្ច

នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក ​ហ៊ុន ម៉ាណែត ​ថ្លែងថា​នវានុវត្តន៍​ឌីជីថល​មាន​សារៈសំខាន់​សម្រាប់ការ​អភិឌ្ឍន៍​ប្រកបដោយ​ចីរភាព​ បរិយាបន្ន និង​ភាពធន់ ពិសេស​នៅក្នុង​ការដោះស្រាយ​បញ្ហាវិសមភាព​ដែល​បានបង្កឡើង​ដោយជំងឺកូវីដ-១៩​។ ការថ្លែង​របស់លោក​ ហ៊ុន ម៉ាណែត ដូច្នេះ​ធ្វើឡើង​នៅក្នុង​ឱកាសនៃ​សន្និបាតប្រចាំឆ្នាំ​លើកទី​៨០ របស់​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គមកិច្ច​សម្រាប់អាស៊ី-​ប៉ាស៊ីហ្វិក​(ESCAP) នៅទីក្រុង​បាងកក​ប្រទេសថៃ​ក្នុងថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០២៤​នេះ​។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងក្នុងកិច្ចប្រជុំ ESCAP នៅថៃ
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងក្នុងកិច្ចប្រជុំ ESCAP នៅថៃ © STPM
ផ្សាយពាណិជ្ជកម្ម

សន្និបាតប្រចាំឆ្នាំ​លើកទី៨០ របស់​គណៈកម្មការសេដ្ឋកិច្ច ​និងសង្គមកិច្ច​សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក​ (ESCAP) រៀបចំ​ក្នុងក្រុងបាងកក ​ប្រទេសថៃឆ្នាំ ​២០២៤ នេះធ្វើឡើង​ក្រោមប្រធានបទ «​ការប្រើប្រាស់នវានុវត្តន៍​ឌីជីថលសម្រាប់ការ​អភិវឌ្ឍន៍ប្រកបដោយ​ចីរភាពនៅ​អាស៊ី-ប៉ាស៊ីហ្វិក​»។

នៅក្នុងសុន្ទកថា​ប្រហែល​ ១០នាទី នាឱកាស​នោះ នាយករដ្ឋមន្រ្តី​កម្ពុជាលោក ​ហ៊ុន ម៉ាណែត បាន​រំលេចចំនួន ៣​ចំណុចសំខាន់ៗ​រួមមានទី១​ ភាពចាំបាច់បំផុត​នៃការប្រើប្រាស់​នវានុវត្តន៍​ឌីជីថល​សម្រាប់ការអភិវឌ្ឍន៍​សង្គមសេដ្ឋកិច្ច​ឲ្យកាន់តែលឿនរហ័សនៅក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិក​ ទី២ ការប្រើប្រាស់​នវានុវត្តន៍ជាដំណោះស្រាយ​មួយនៃបញ្ហាវិសមភាព​ក្នុងការប្រើប្រាស់បច្ចេកវិទ្យា​ឌីជីថលនៅកម្ពុជា ​នៅអាស៊ាន ​និងនៅក្នុងតំបន់ ​ហើយចំណុចទី៣ ​គឺការបន្តខិតខំប្រឹងប្រែង​របស់រដ្ឋាភិបាលកម្ពុជា​ក្នុងការពង្រឹង និង​ពង្រីកការប្រើប្រាស់​នវានុវត្តន៍ឌីជីថល​នៅក្នុងប្រទេសកម្ពុជា​ នៅក្នុងអាស៊ាន និង​នៅក្នុងក្របខណ្ឌសកល​នៃអង្គការសហប្រជាជាតិ​។

ប្រមុខរដ្ឋាភិបាល​កម្ពុជាបានគូសបញ្ជាក់នៅក្នុង​សុន្ទរកថាដដែលថា ​កម្ពុជាក៏ដូចជាប្រទេស​នានាដែរ បានចាត់ទុក​បច្ចេកវិទ្យាឌីជីថល​ជាចលករដ៏សំខាន់​នៃដំណើរការអភិវឌ្ឍន៍​សង្គម-សេដ្ឋកិច្ច ​ក្នុងបរិបទ​បដិវត្តន៍ឧស្សាហកម្ម ​៤.០។ តាមលោក ​ហ៊ុន ម៉ាណែត ​បច្ចេកវិទ្យាឌីជីថល​អាចបង្កើតក្បាលម៉ាស៊ីន​ជំរុញកំណើនសេដ្ឋកិច្ច​ថ្មីៗ និងបង្កើនការ​ទទួលបានសេវា​សាធារណៈចាំបាច់​ក៏ដូចជាកសាង​សង្គមទំនើប និង​ស៊ីវីល័យមួយ​ដែលពលរដ្ឋ​អាចទទួលបាន​នូវផលប្រយោជន៍​ប្រកបដោយ​បរិយាបន្ន ភាពជឿ​ទុកចិត្តបាន ​និងសុវត្ថិភាព​ខ្ពស់។

ដោយឡែក ​លោក ហ្សង់ហ្វ្រង់ស័រ តាន់ ​រដ្ឋមន្ត្រីប្រតិភូ​អមនាយករដ្ឋមន្ត្រី​បានបញ្ជាក់បន្ថែម​នៅក្នុងសន្និសីទកាសែត​មួយនៅព្រលាន​យន្តហោះអន្តរជាតិ​ភ្នំពេញថា ប្រទេស​កម្ពុជាមានការ​អភិវឌ្ឍន៍យ៉ាងលឿន​នូវបច្ចេកវិទ្យាឌីជីថល​អំឡុងពេលនៃការ​ឆ្លងរាតត្បាតជំងឺ​កូវីដ-១៩​។ ជាការកត់សម្គាល់ ​បច្ចេកវិទ្យាឌីជីថល​បានជំរុញឲ្យប្រទេស​កម្ពុជាមានកំណើន​នៃការធ្វើពាណិជ្ជកម្ម ​និងការទូទាត់​ប្រាក់តាមប្រព័ន្ធ​ឌីជីថលក្នុង​វិស័យធនាគារ។ ​នេះបើតាមលោក​រដ្ឋមន្ត្រីប្រតិភូ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ