អានតួអត្ថបទ

នៅមុខ​លោក ​វ៉ាង យី ​កម្ពុជា​ប្រកាស​ប្រឆាំង​គ្រប់​ទម្រង់​ឯករាជ្យភាព​របស់​តៃវ៉ាន់

មេដឹកនាំ​កម្ពុជា​បានប្រកាស​នៅចំពោះមុខ​លោក វ៉ាង យី ​រដ្ឋមន្ត្រី​ការបរទេស​ចិន​ថា​ប្រទេស​កម្ពុជា​ប្រឆាំងគ្រប់ទម្រង់​នៃ​ឯករាជ្យភាព​របស់​តៃវ៉ាន់ ​និង​ធានា​មិនបង្កើត​ទំនាក់ទំនង​ផ្លូវការ​ណាមួយ​ជាមួយ​តៃវ៉ាន់​។ ​ការបញ្ជាក់​របស់​កម្ពុជាដូច្នេះ ​ត្រូវបាន​រៀបរាប់​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​រួម​ស្តីពី​ដំណើរ​ទស្សនកិច្ច​របស់លោក​ វ៉ាង យី ​រយៈពេល​៣​ថ្ងៃ​នៅកម្ពុជា​ ដែលត្រូវបាន​បញ្ចប់នៅ​ថ្ងៃ​អង្គារ​ ទី២៣ ​ខែ​មេសា​នេះ​។

លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ជួបជាមួយលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា
លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ជួបជាមួយលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា © SHS
ផ្សាយពាណិជ្ជកម្ម

សេចក្តីប្រកាស​រួមរវាង​ភាគី​ចិន និង​កម្ពុជាសុទ្ធតែបាន​ប្តេជ្ញាឡើងវិញ​នូវជំហរ​គាំទ្រគ្នាទៅវិញទៅមក​។ ចំណុចសំខាន់​ៗ ​ដែល​កម្ពុជា និង​ចិន គាំទ្រគ្នា​អំឡុងទស្សនកិច្ច​លោក វ៉ាង យី ​នៅកម្ពុជា គឺការ​ដែលកម្ពុជា​បង្ហាញនូវការ​ប្តេជ្ញាចិត្តគាំទ្រ​គោលនយោបាយ​ចិនតែមួយ ​និងទទួលស្គាល់​រដ្ឋាភិបាលចិន​ជារដ្ឋាភិបាលស្របច្បាប់​តែមួយគត់​តំណាងឲ្យប្រទេស​ចិនទាំងមូល។​ រីឯតៃវ៉ាន់​ត្រូវបានកម្ពុជា​ចាត់ទុកថា​ជាផ្នែកមួយដែល​មិនអាច​កាត់ផ្តាច់បាន​ពីទឹកដី​របស់ចិន​។

លើសពីនេះ ​ប្រទេសកម្ពុជា​ប្រឆាំងរាល់ការ​ប៉ុនប៉ងប្រើប្រាស់​បញ្ហានានា​របស់តៃវ៉ាន់​ ដើម្បីជ្រៀតជ្រែក​កិច្ចការផ្ទៃក្នុង​របស់ប្រទេសចិន ​ប្រឆាំងគ្រប់ទម្រង់​នៃ​ឯករាជ្យភាព​របស់តៃវ៉ាន់ ​គាំទ្រយ៉ាងមុតមាំ​ការប្រឹងប្រែង​បង្រួបបង្រួមជាតិ​របស់ចិន  ​និងកម្ពុជា​មិនបង្កើតទំនាក់ទំនង​ផ្លូវការណាមួយ​ជាមួយតៃវ៉ាន់​ឡើយ​។

លោក ​ឯម សុវណ្ណារ៉ា ​សាស្ត្រាចារ្យ​ផ្នែកវិទ្យាសាស្ត្រ​នយោបាយយល់ឃើញ​ថា ​បញ្ហាយុទ្ធភូមិសាស្ត្រ​នយោបាយ​មានការប្រែប្រួល​រយៈពេលចុងក្រោយនេះ ​ដោយសារ​កំណើននៃការ​គាំទ្រកោះតៃវ៉ាន់​មានការ​កើនឡើង។ ​ជាមួយគ្នានេះ ​បណ្តាប្រទេស​អាស៊ានហាក់​មានជំហរនៅកណ្តាល ​និង​មានការពង្រីក​ពាណិជ្ជកម្ម​មួយចំនួនជាមួយ​កោះតៃវ៉ាន់។ ដូច្នេះ​គោលនយោបាយ​ការបរទេសរបស់ចិន ​គឺចង់ពង្រីក​ឲ្យមាន​ការគាំទ្រ​ជំហរចិនតែមួយ ​ប្រកបដោយភាព​រឹងមាំដូចពី​អតីតកាល ​ខណៈបស្ចិមលោក​មានការ​ចាប់អារម្មណ៍ច្រើន​នឹងតំបន់​ឥណ្ឌូប៉ាស៊ីហ្វិក ​និង​សមុទ្រចិនខាងត្បូង។​ នេះបើតាម​លោក ឯម សុវណ្ណារ៉ា​។

ទោះយ៉ាងណា ​តាមសេចក្តីប្រកាសរួម ​ភាគីចិនក៏បាន​គូសបញ្ជាក់​សារជាថ្មីនូវការ​គាំទ្រចំពោះជម្រើស​របស់កម្ពុជា​លើមាគ៌ាអភិវឌ្ឍន៍​ដែលស្របនឹង​លក្ខខណ្ឌជាតិ ​គាំទ្រដល់ការប្រឹងប្រែង​របស់កម្ពុជា​ដើម្បីការពារ​អធិបតេយ្យភាពជាតិ ​សន្តិសុខ និង​ផលប្រយោជន៍ ​ព្រមទាំងប្រឆាំងដាច់ខាត​ចំពោះការ​ជ្រៀតជ្រែក​ពីខាងក្រៅចូលក្នុង​កិច្ចការផ្ទៃក្នុង​របស់កម្ពុជា​។

សូមរំលឹកថា ​នៅក្នុងដំណើរ​ទស្សនកិច្ច ​រយៈពេល៣ថ្ងៃ​នៅកម្ពុជា លោក ​វ៉ាង យី ​បានចូលគាល់ព្រះមហាក្សត្រខ្មែរ​ មានជំនួប​ជាមួយប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន ​ជួបជាមួយ​នាយករដ្ឋមន្ត្រី ​លោក ហ៊ុន ម៉ាណែត ​ជួបជាមួយ​សមភាគីលោក​ សុខ ចិន្តាសោភា និង​មានកិច្ចប្រជុំ​គណៈកម្មការ​សម្របសម្រួល​អន្តររដ្ឋាភិបាលកម្ពុជា-​ចិន លើកទី​៧ ជាមួយ​លោកឧបនាយក​រដ្ឋមន្ត្រី ​ស៊ុន ចាន់ថុល​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ