អានតួអត្ថបទ

ប្រធានាធិបតី​ឡាវគាំទ្រ​ដោយ​មិនរារែក​លើ​គម្រោង​ព្រែកជីក​ហ្វូណន​កម្ពុជា

នៅថ្ងៃ​អង្គារ​ទី​២៣ ខែ​មេសានេះ ​លោក ​ថងលុន ស៊ីសុលីត ​ប្រធាន​រដ្ឋ​ឡាវ​បានចាប់ផ្តើម​មានជំនួប ​និងកិច្ច​ប្រជុំ​សំខាន់ៗ​មួយចំនួន​ជាមួយ​មេដឹកនាំ​កម្ពុជា​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល​២ថ្ងៃ​ ពីថ្ងៃទី​២៣ ដល់​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០២៤។ ​នៅក្នុងជំនួប​ជាមួយ​ប្រធានព្រឹទ្ធសភា​លោក ​ហ៊ុន សែន ប្រមុខរដ្ឋ​ឡាវបាន​បង្ហាញការ​គាំទ្រលើ​គម្រោងព្រែកជីក​ហ្វូណនកម្ពុជា និង​ដែលគម្រោងនេះ​ត្រូវបានប្រទេស​វៀតណាមសម្តែង​ការមិន​សប្បាយចិត្ត​។

គម្រោងព្រែកជីកហ្វូណន ដែលគ្រោងឡើងដោយក្រសួងសាធារណការ
គម្រោងព្រែកជីកហ្វូណន ដែលគ្រោងឡើងដោយក្រសួងសាធារណការ © សហការី
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ជំនួបជាមួយលោក​ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភាកម្ពុជា ​ប្រមុខរដ្ឋឡាវ​ លោក ថងលុន ស៊ីសុលីត​ បានសម្តែង​ការគាំទ្រចំពោះ​គម្រោងព្រែកជីក​ហ្វូណន ​ដែលគ្រោងធ្វើឡើង​នៅក្នុងទឹកដី​កម្ពុជាប្រវែង​១៨០គីឡូម៉ែត្រ ​និង​ត្រូវចំណាយថវិកាជិត​ ២ពាន់លានដុល្លារ។

​តាមការប្រកាស​ព័ត៌មាននៅលើ​ហ្វេសប៊ុករបស់លោក​ ហ៊ុន សែន ការគាំទ្រ​របស់ប្រមុខរដ្ឋឡាវ​ចំពោះគម្រោងដឹកជញ្ជូន​ផ្លូវទឹកដ៏សំខាន់​មួយនេះ​ ធ្វើឡើង បន្ទាប់ពីមាន​ការស្នើសុំពី​លោក ហ៊ុន សែន ​នៅអំឡុងពេល​ជំនួបរវាង​មេដឹកនាំជាន់ខ្ពស់​នៃប្រទេស​ទាំងពីរ។​ បើតាមការបញ្ជាក់ពី​ប្រធានរដ្ឋសភាកម្ពុជា ​គម្រោងព្រែកជីក​ហ្វូណនមិនមាន​ប៉ះពាល់ដល់​បរិស្ថាន ឬ​ក៏លំហូរចរន្ត​ទឹកអ្វីទេ ហើយព្រែកជីក​នេះជាការតភ្ជាប់រវាង​ទន្លេបាសាក់ទៅកាន់​សមុទ្រកម្ពុជា​។

សូមរំលឹកថា ​គម្រោងព្រែកជីក​ហ្វូណននេះត្រូវបាន​កាសែត The Straitstimes ​ដែលមានទីស្នាក់ការ​នៅសិង្ហបុរីចុះផ្សាយ​កាលពីដើមខែមេសា​ថា វៀតណាមបារម្ភ​ពីគម្រោងព្រែកជីក​នៅកម្ពុជា ​ដែលអាចជា​ច្រកដ៏មាន​សក្តានុពលសម្រាប់​កងទ័ពចិន។ ​កាសែតបានដកស្រង់​ពីអត្ថបទរបស់​អ្នកស្រាវជ្រាវ​មកពី​វិទ្យាស្ថានមួយ​គាំទ្រដោយរដ្ឋវៀតណាម​ ដែលបានព្រមានថា ​ព្រែកជីកហ្វូណន​ជាគម្រោងមុខពីរ​ ទី១ លើក​កម្ពស់ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម ​និងទី២ ​អាចសម្រួលដល់​វត្តមានយោធាចិន​ចូលជ្រៅទៅក្នុង​ទឹកដីកម្ពុជា​ក្បែរតំបន់ជិតព្រំដែន​ជាមួយ​វៀតណាម​។

ក៏ប៉ុន្តែ ​រឿងនេះ​ត្រូវបានលោក ហ៊ុន សែន ​បង្ហោះសារជាអក្សរ​លើទំព័រហ្វេសប៊ុក​របស់លោក​កាលពីថ្ងៃ​ទី៩ ខែមេសា​ ឆ្នាំ២០២៤ ថា​ព្រែកជីកហ្វូណន​តេជោ គឺជា​ផលប្រយោជន៍​សេដ្ឋកិច្ចសង្គម​សុទ្ធសាធ ​ដែលវាជួយឲ្យ​កម្ពុជាទិសនិរតី​មានផ្លូវទឹកដឹកជញ្ជូន​ទៅកាន់សមុទ្រ​បន្ថែមលើផ្លូវដឹកជញ្ជូន​តាមដងទន្លេ​មេគង្គដែលមានស្រាប់​។ លើសពីនេះ ​ព្រែកជីកក៏នឹងជួយឲ្យ​ប្រជាជននៅតាម​ដងព្រែក​មានទឹកប្រើប្រាស់សម្រាប់​បង្កបង្កើនផល ​ជួយរំដោះទឹកជំនន់​ក្នុងរដូវវស្សា និង​ជួយបង្កើននូវផលត្រី​ទឹកសាប​នៅតាម​ព្រែកនេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ