អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើលោកចូ បៃដិន នឹងមាននយោបាយការបរទេស​យ៉ាងណា នៅតំបន់អាស៊ីប៉ាស៊ីហ្វិក?

ចុះផ្សាយ​នៅ​ថ្ងៃ៖

៤ឆ្នាំនៃអាណត្តិប្រធានាធិបតី របស់​លោកដូណាល់ ត្រាំ សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក គឺពោរពេញទៅដោយការ​​កំញើញ និងការ​ស្តីបន្ទោសចុះឡើង រវាង​ចិន និងសហរដ្ឋអាេមរិក។ ក្រោយ​ការជាប់ឆ្នោត របស់​លោកចូ បៃដិន ដែល​​មកពីគណបក្សប្រជាធិបតេយ្យ គ្រប់គ្នាកំពុងចោទសួរថា តើនយោបាយ​ការបរទេសរបស់សហរដ្ឋអាមេរិក នៅតំបន់អាស៊ីប៉ាស៊ីហ្វិក នឹងប្រែប្រួលយ៉ាងណាខ្លះ? តើលោក ចូ បៃដិន និងដើរតាមគន្លងរបស់ លោកដូណាល់ ត្រាំ ដោយយកចិនជាសត្រូវពេញមុខ ឬក៏ព្យាយាមរកការស្រុះស្រួលគ្នា? ការប្រឈមមុខដាក់គ្នា ឬក៏ការស្រុះស្រួល​គ្នា របស់មហាអំណាចទាំង២នេះ អាចជះឥទ្ធិពលយ៉ាងខ្លាំង មកលើប្រទេសផ្សេងៗទៀត នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

លោកចូ បៃដិន ទៅប៉េកាំងក្នុងនាមជា​អនុប្រធានាធិបតី ចាប់រលាក់ដៃជាមួយ​លោក​ស៊ី ជីនពីង នៅវិមានប្រជាជនចិន ក្រុងប៉េកាំង ថ្ងៃទី​ ៤ ធ្នូ ២០១៣។
លោកចូ បៃដិន ទៅប៉េកាំងក្នុងនាមជា​អនុប្រធានាធិបតី ចាប់រលាក់ដៃជាមួយ​លោក​ស៊ី ជីនពីង នៅវិមានប្រជាជនចិន ក្រុងប៉េកាំង ថ្ងៃទី​ ៤ ធ្នូ ២០១៣។ AP - Lintao Zhang
ផ្សាយពាណិជ្ជកម្ម

ក្រោយមការដឹកនាំរបស់លោកដូណាល់ ត្រាំ សហរដ្ឋអាេមរិក បានចាត់ទុកចិន ជាសត្រូវ និងជាគ្រោះថ្នាក់ធំ មិនថាក្នុង​សំណុំរឿងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យបច្ចេកវិទ្យាទំនើប។ ការកំញើញ ការ​ស្តីបន្ទោសគ្នាដោយចំហរ រវាងថ្នាក់ដឹកនាំរដ្ឋាភិបាល​សហរដ្ឋអាេមរិក និងចិននេះ បានធ្វើឲ្យ​ប្រទេស​ផ្សេងៗទៀត ក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក ស្ថិត​ក្នុង​ស្ថានភាព​មួយ​ពិបាក និងទើស​ទ័លជាទីបំផុត។ ម្ខាងត្រូវការចំណងពាណិជ្ជកម្មជាមួយចិន ម្ខាងមិនចង់​ធ្វើ​ឲ្យ​អាេមរិក​ អាក់អន់ចិត្ត។

តើការ​ឡើងមកដឹកនាំសហរដ្ឋអាេមរិក របស់​លោកចូ បៃដិន ចាប់ពីខែមករាខាងមុខនេះ វាធ្វើឲ្យ​ប្រែប្រួលអ្វីខ្លះ ដល់នយោបាយ​ការបរទេស​អាេមរិក នៅ​តំបន់អាស៊ីប៉ាស៊ីហ្វិក ជាពិសេស គឺជាមួយ​នឹងចិន?

លោកចូ បៃដិន ត្រូវគេមើលឃើញជាទូទៅ ថាខុសគ្នាស្រលះពីលោកដូណាល់ត្រាំ។ លោកចូ បៃដិន ទំនងជាមនុស្ស ដែលមានការអត់ឱន មានក្តី​សណ្តោស និងចេះ​ស្តាប់យោបល់មនុស្សជុំវិញខ្លួន ខុសពីលោកដូណាល់ ត្រាំ ដែលសម្រេចចិត្ត បាតដៃខ្នងដៃ តាមតែអារម្មណ៍នឹងឃើញ។ គេសង្ឃឹមថា រដ្ឋាភិបាលថ្មី ដឹកនាំដោយ​លោក ចូ បៃដិន ប្រហែលជា​ មិនរករឿងឈ្លោះប្រកែក ឌាមដាម ស្តីបន្ទោស ប្រទេសផ្សេងៗ ដូចលោកដូណាល់ ត្រាំ ធ្វើកន្លងមកឡើយ។

លោកចូ បៃដិន ធ្លាប់ត្រូវបានទៅទស្សនកិច្ច នៅទីក្រុងប៉េកាំង​ កាលពីឆ្នាំ២០១១ ក្រោមការ​អញ្ជើញរបស់​ ​លោក​ ស៊ី ជីនពីង។ កាលណោះថ្នាក់ដឹកនាំ នឹងប្រជាជនចិន មានចិត្តសោមន្សណាស់ នៅពេលឃើញ​លោកចូ បៃដិន បង្ហាញភាពសាមញ្ញរួសរាយរាក់ទាក់ និងបើកចិត្តទូលាយចំពោះសាធារណៈរដ្ឋប្រជាមានិតចិន។ តែសួរថា លោក​ចូ បៃដិន នៅពេលនេះ នៅតែ​ដូចគ្នាទៅនឹងពេលនោះដែរ ឬទេ?

បើយើងវិភាគទៅលើ ខ្លឹមសារនៃសម្តីសន្ទរកថារបស់​លោកចូ បៃដិន ក្នុងពេលឃោសនាបោះឆ្នោត គឺថា គាត់ មិនសូវជាស្រលាញ់ចូលចិត្ត ចិនប៉ុន្មានឡើយ។ លោក ចូ បៃដិន ធ្លាប់បានលើកឡើងថា សហរដ្ឋអាេមរិក ត្រូវតែ​ប្រកាន់ជំហរឲ្យរឹងមាំ និងតឹងតែងជាមួយចិន ព្រោះថាចិនគឺជាគូប្រជែងយុទ្ធសាស្ត្រ​របស់សហរដ្ឋអាេមរិក។

តាមពិតទៅ នៅក្នុងចំណោមបញ្ញវន្ត និងថ្នាក់ដឹកនាំនយោបាយ​អាេមរិក មិនថាមកពីបក្សណាក៏ដោយ គ្រប់គ្នាសុទ្ធតែបានយល់ប្រហាក់ប្រហែលគ្នា ថាអាមេរិក មិនអាចប្រហែសជាមួយចិនបានឡើយ មិនថាក្នុងវិស័យសេដ្ឋកិច្ច សន្តិសុខ ការពារជាតិ និងបច្ចេក​វិទ្យាទំនើប។ ដូច្នេះ សម្រាប់អ្នកវិភាគ គឺគេមិនជឿថា រដ្ឋាភិបាលថ្មីរបស់​លោកចូ បៃដិន នឹងប្រែជាចិត្តទន់ ព្រមជានាល្អូកល្អឺនជាមួយចិន ដោយ​ងាយៗនោះទេ។

លោក Lui Yi សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ​ចិនម្នាក់ បានលើកឡើងថា លោកដូណាល់ ត្រាំទៅបាត់មែន តែគំនិតទ្រឹស្តីតាមបែបលោកដូណាល់ ត្រាំ គឺនៅតែមានជានិច្ចនៅអាមេរិក។ ដូចគ្នាដែរ លោក Lian Qingchua និពន្ធនាយកកាសែត The Financial Times ជាភាសាចិន បានលើកឡើងថា គំនិតទ្រឹស្តីបែបលោកដូណាល់ ត្រាំ​គឺនៅអណ្តែតពីលើសេតវិមានដដែលទេ។

ប៉ុន្តែអ្វីដែលគេសង្ឃឹមគឺថា លោកចូ បៃដិន នឹងមិនប្រើកម្លាំងសង្កត់ដោយកំរោល ដូចលោកដូណាល់ ត្រាំធ្វើឡើយ។ យ៉ាណាមិញ លោក ចូ បៃដិន ធ្លាប់បានអះអាងថា លោកនឹងនាំសហរដ្ឋ​អាមេរិក ឲ្យ​ជានាជាមួយ​​ប្រទេសសម្ព័ន្ធមិត្តនៅអឺរ៉ុបឡើងវិញ។ ក្នុងន័យនេះ សហរដ្ឋអាេមរិក និងពិភាក្សា ពិគ្រោះយោបល់ សហការជាមួយ​ប្រទេសនៅអឺរ៉ុប ដើម្បីរកវិធី ធ្វើយ៉ាងណាទប់ទល់ជាមួយ​ចិន ឲ្យ​មានប្រសិទ្ធិភាព។ មានសំណុំរឿង ជាច្រើន ដែលសហរដ្ឋអាេមរិកអាចរួមគ្នាជាមួយ​ប្រទេសមហាអំណាចនៅអឺរ៉ុប ដើម្បីដាក់សំពាធមកលើចិន គឺដូចជា បញ្ហាហុងកុង​ បញ្ហាកោះតៃវ៉ាន់ សំណុំរឿង​សមុទ្រចិនខាងត្បូង ព្រមទាំងការរំលោភសិទ្ធិមនុស្សនៅខេត្តស៊ីនជាំង និងខេត្តទីបេជាដើម។​

ដូច្នេះទោះ អស់ពីលោកដូណាល់ ត្រាំទៅ ក៏សហរដ្ឋអាមេរិក នៅតែមាន​គោលនយោបាយ​ការទូត តឹងរឹង ប្រយ័ត្នប្រយែងបំផុតជាមួយចិន។ យ៉ាងណាមិញ រដ្ឋាភិបាលកុម្មុយនីស្តចិន បានដឹងខ្លួន​យ៉ាងច្បាស់ ផងដែរ។ នៅក្នុង​សន្និបាទគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន កាលពីចុង​ខែតុលាកន្លងទៅ ថ្នាក់ដឹកនាំបក្សកុម្មុយនីស្តប៉េកាំង បាន​ប្រមើលមើលឃើញថា ចាប់ពីពេលនេះទៅ ឧបសគ្គនឹងមានច្រើនណាស់ សម្រាប់ចិន មិនថាក្នុងវិស័យសន្តិសុខ ការធ្វើជំនួញពាណិជ្ជកម្មនាំចេញទំនិញ និង​ការអភិវឌ្ឍន៍​វិស័យបច្ចេកវិទ្យា​ទំនើប។ ហេតុដូច្នេះហើយ ចិនបានប្តេជ្ញាថា នឹងត្រូវតែកសាងធិបតេយ្យ​ភាព​ខ្លួនឯងឲ្យ​បាន ក្នុងវិស័យ​បច្ចេកវិទ្យា ដើម្បីបញ្ចៀសមិនប្រើ ឬមិនរំពឹងទៅ​លើ​បច្ចេកវិទ្យារបស់​អាមេរិក។

គួរកត់សំគាល់ថា សម្រាប់ប្រទេសផ្សេងទៀត នៅតំបន់អាស៊ី ដែលស្ថិតនៅចំកណ្តាល នៃការប្រជែងឥទ្ធិពលរបស់​មហាអំណាចទាំង២នេះ គឺមិនមែនជារឿងងាយ​ស្រួលទេ។ ៤ឆ្នាំកន្លងមកនេះ ដែល​រដ្ឋាភិបាល​លោកដូណាល់ ត្រាំ គំរាមកំញើញខ្លាំងៗដាក់ចិន បានធ្វើឲ្យ​ប្រទេសផ្សេងទៀត មានការ​បារម្ភជាខ្លាំងពីសន្តិសុខខ្លួន ព្រមទាំងផលប្រយោជន៍សេដ្ឋកិច្ចខ្លួន។ ភាពតានតឹង សង្រ្គឺតធ្មេញដាក់គ្នា ៤ឆ្នាំមកនេះ មិនអាចដោះស្រាយ​អ្វី​បានឡើយ​ ក្រៅតែពី​ធ្វើឲ្យ​ប្រទេសតូចតាចក្នុង​តំបន់​ ត្រូវបង្ខំចិត្ត មើលមុខគ្នាមិនត្រង់ ដោយសារតែ​ការ​ចែកបក្ស ប្រកាន់ជំហរកាន់ជើងម្ខាងៗ។

សម្រាប់កូរ៉េខាងត្បូង និងជប៉ុន បើទោះបីជាផ្លូវការ មិនពេញចិត្តរបបដឹកនាំកុម្មុយនីស្តចិនក្តី តែមហាអំណាចអាស៊ីទាំង២នេះ គ្មានហេតុផលណាមួយ ដែលត្រូវបែរខ្នងដាក់ចិនទាំងស្រុងឡើយ។ ភាពតានតឹងរវាងចិននឹងអាមេរិក អាចជះផលមិនល្អ សម្រាប់សេដ្ឋកិច្ច​គេទាំង២។ តែទន្ទឹមនឹងនេះ ជប៉ុន និងកូរ៉េខាងត្បូង ក៏ត្រូវការចង់ឲ្យ​សហរដ្ឋអាេមរិក វិលត្រលប់មករកភាពចាស់ទុំឡើងវិញ ដោយ​ពិចារណារឲ្យ​បានវែងឆ្ងាយ​ពីយុទ្ធសាស្ត្រសន្តិសុខរួម ជាជាងគិតតែពីយកលុយដាក់មុខ ដូច​ក្នុងជំនាន់​លោកដូណាល់ ត្រាំ។ ដោយហេតុតែចង់រិះថាំលុយ​ លោកដូណាល់ ត្រាំ បានគំរាមដកទ័ព និងកាត់បន្ថយការធ្វើសមយុទ្ធយោធា ជាមួយ​ជប៉ុន និងកូរ៉េខាងត្បូង។

ទោះជាយ៉ាងណាក៏ដោយ អនាគតរដ្ឋាភិបាលថ្មីដឹកនាំដោយ​លោកចូ បៃដិន ត្រូវគេផ្តល់ក្តីសង្ឃឹម​ច្រើន ថានឹងមិនរុញតំបន់អាស៊ីប៉ាស៊ីហ្វិក ឲ្យ​ចូលទៅក្នុងភ្នក់ភ្លើងជំលោះឡើយ។ គេសង្ឃឹមថា លោកចូ បៃដិន នឹងលើក​កំពស់ដល់ទ្រឹស្តីពហុភាគីនិយមឡើងវិញ។ មហិច្ឆិតារៀងៗខ្លួន បម្រើតែប្រយោជន៍ខ្លួន វាគឺជាគ្រោះថ្នាក់។ ការសហការរកផលប្រយោជន៍រួម ទើបជា​ផ្លូវល្អ។

តម្លៃនៃលទ្ធិប្រជាធិបតេយ្យដ៏រឹងមាំ របស់សហរដ្ឋអាមេរិក ក៏គឺជាគំរូមួយ ផ្តល់ក្តីសង្ឃឹមដល់​ប្រជាជន​អាស៊ីទាំងអស់ផងដែរ ខុសពីចិន ដែលទិដ្ឋភាពនយោបាយ​និងអំណាច ស្ថិតនៅនឹងថ្កល់ ក្នុងដៃមនុស្សនិងបក្ស​តែមួយ​។ គឺឈរលើគោលការណ៍ប្រជាធិបតេយ្យ សេរី ស្មើភាព​គ្នា​នេះហើយ ដែលលោក​ចូ បៃដិន អាច​ព្យាយាមដោះស្រាយ​វិបត្តិប្រឈមនានា នៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ ឃើញភាពអង់អាចរឹងមាំ នៃលទ្ធិប្រជាធិបតេយ្យអាេមរិក ប្រជាជននៅអាស៊ី ក៏អាចមានក្តីសុបិន ហើយ​ក៏​​អាចឈានទៅសម្រេច​ជោគវាសនាអនាគត់ របស់គេរៀងៗខ្លួនដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ