អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អ្វីទៅជានយោបាយរបស់សហរដ្ឋអាមេរិកក្នុងអាណត្តិលោកចូ បៃដិនចំពោះតំបន់មជ្ឈិមបូព៌ា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​ចូ បៃដិន​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​បាន​ជាប់​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​នា​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃទី៣ វិច្ឆិកា។ តែ​គេ​ត្រូវ​រង់ចាំ​ដល់​ថ្ងៃទី២០ មករា ឆ្នាំ ២០២១ ទើប​មាន​ការ​ផ្ទេរអំណាច​រវាង​លោក​ដូណាល់ ត្រាំ និង​លោក​ចូរ បៃដិន។ សេតវិមាន​ធ្លាក់​ទៅ​ក្នុង​កណ្តាប់ដៃ​គណបក្សប្រជាធិបតេយ្យ​ជា​ថ្មី​បាន​បង្ក​ឲ្យ​មាន​អ្នក​សប្បាយចិត្ត និង​អ្នក​ខកចិត្ត។ តែ​គេ​បាន​សង្កេត​ឃើញ​ជា​រួម​ថា អ្នក​សប្បាយចិត្ត​ហាក់​មាន​ច្រើន​ជាង​អ្នក​ខកចិត្ត ទោះ​នៅ​សហរដ្ឋអាមេរិក​ក៏​ដូច​ជា​នៅ​លើ​ពិភពលោក។ នៅ​តំបន់​មជ្ឈិមបូព៌ា​និយាយ​ដោយឡែក តើ​អ្វី​ទៅ​ជា​នយោបាយ​ការបរទេស​របស់​លោក​ចូ បៃដិន?។

ប្រធានាធិបតីអាមេរិក​ជាប់ឆ្នោត​លោក​ចូ បៃដិន និង​អនាគត​អនុប្រធានាធិបតី​លោកស្រី​ខាម៉ាឡា ហារីស ថ្ងៃទី៩ វិច្ឆិកា ២០២០
ប្រធានាធិបតីអាមេរិក​ជាប់ឆ្នោត​លោក​ចូ បៃដិន និង​អនាគត​អនុប្រធានាធិបតី​លោកស្រី​ខាម៉ាឡា ហារីស ថ្ងៃទី៩ វិច្ឆិកា ២០២០ AP - Carolyn Kaster
ផ្សាយពាណិជ្ជកម្ម

វា​ហាក់​ដូច​ជា​រហ័ស​ពេក​ដែល​គេ​ហ៊ាន​អះអាង​មុន​ពី​ជំហរ​នយោបាយ​របស់​លោក​ចូ បៃដិន​ចំពោះ​តំបន់​មជ្ឈិមបូព៌ា។ តែ​ក្នុង​នាម​ជា​អតីត​អនុប្រធានាធិបតី​របស់​លោក​បារ៉ាក់ អូបាម៉ា​ចំនួន ៨ឆ្នាំ​ពី​ឆ្នាំ ២០០៨​ដល់​ឆ្នាំ ២០១៦ លោក​បៃដិន​បាន​ដឹង និង​ស្គាល់​ច្បាស់​រឿងរ៉ាវ​នៅ​តំបន់​មជ្ឈិមបូព៌ា​ដូច​បាត​ដៃ។ នេះ​មិនមែន​មាន​ន័យ​ថា លោក​បៃដិន​នឹង​យក​នយោបាយ​របស់​លោក​អូបាម៉ា​ទៅ​អនុវត្ត​ជា​ថ្មី​ទេ។ អ្វី​ដែល​គេ​បាន​កត់សម្គាល់​ឃើញ នយោបាយ​អាមេរិក​ចំពោះ​ពិភពលោក និយាយ​ជា​រួម និង​ចំពោះ​តំបន់​មជ្ឈិមបូព៌ា និយាយ​ដោយឡែក​នា​រយៈពេល ៤ឆ្នាំ​ក្នុង​អាណត្តិ​របស់​លោក​ដូណាល់ ត្រាំ​មាន​ការ​ក្រឡាប់​ចាក់​ខ្លាំង។

មាន​សមិទ្ធិផល​មួយ​ចំនួន​ដែល​លោក​អូបាម៉ា​សម្រេច​បាន​ក្នុង​អំណាច​រយៈពេល ៨ឆ្នាំ​ត្រូវ​បាន​លោក​ត្រាំ​កម្ទេច​ចោល​ក្នុង​អំណាច​រយៈពេល ៤ឆ្នាំ។ ឧទាហរណ៍​ជាក់ស្តែង​មិន​អាច​ប្រកែក​បាន លោក​ត្រាំ​បាន​ដក​សហរដ្ឋអាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះ​ហត្ថលេខា​ឆ្នាំ ២០១៥ និង​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ឆ្នាំ ២០១៥ ស្តីពី​អាកាសធាតុ។ នយោបាយ​របស់​លោក​ត្រាំ​បាន​រំកិល​កៀក​កាន់​តែ​ជិត​អ៊ីស្រាអែល និង​ប្រទេស​អារ៉ាប៊ីសាអូឌីត​ដែល​ជា​សម្ព័ន្ធមិត្ត​ចាក់ទឹកមិន​លេច រួច​ងាក​ទៅ​សង្កត់ ក ប្រទេស​អ៊ីរ៉ង់​រឹត​តែ​ខ្លាំង។ បន្ទាប់​មក លោក​ត្រាំ​បាន​បញ្ជា​ឲ្យ​សម្លាប់​មេទ័ព​អ៊ីរ៉ង់​លោក​កាសឹម សូឡីម៉ានី​រហូត​ដល់​ទឹកដី​អ៊ីរ៉ាក់។

លោក​ត្រាំ​បាន​សម្រេច​លើក​ស្ថានទូតអាមេរិក​នៅ​អ៊ីស្រាអែល​ពី​ទីក្រុង​តេឡាវី​ទៅ​ដាក់​នៅ​ទីក្រុង​ហ្សេរ៉ុយសាឡិម​ដែល​អ៊ីស្រាអែល​កំពុង​បន្ត​មាន​ជម្លោះ​ជាមួយ​ប៉ាឡេស្ទីន និង​កាត់​បន្ថយ​វត្តមាន​ទាហាន​អាមេរិក​នៅ​ក្នុង​តំបន់។ ចំណែក​លោក Jared Kushner ដែល​ជា​កូនប្រសារ​របស់​លោក​ត្រាំ និង​ជា​អ្នក​ទទួល​បន្ទុក​ស្វែង​រក​សន្តិភាព​ឲ្យ​តំបន់ ពិសេស​សម្រាប់​ជម្លោះ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​បាន​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​ជាមួយ​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក​នេតាន់យ៉ាហ៊ូ និង​រាជទាយាទ​អារ៉ាប៊ីសាអូឌីត​ម៉ូហាម៉េដ បិន សាលម៉ាន។

អារ៉ាប៊ីសាអូឌីត​ជា​ប្រទេស​ដែល​លោក​ដូណាល់ ត្រាំ​បាន​ទៅ​បំពេញ​ទស្សនកិច្ច​មុន​គេ​ក្នុង​ឆ្នាំ ២០១៧ ក្នុង​នាម​ជា​ប្រធានាធិបតី។ លោក​ត្រាំ​ជា​អ្នក​ជំទាស់​នឹង​សេចក្តីសម្រេច​របស់​សភា​ប្រឆាំង​នឹង​អារ៉ាប៊ីសាអូឌីត​ដែល​បាន​ដឹក​នាំ​កម្លាំងសម្ព័ន្ធអារ៉ាប់​វាយប្រហារ​លើ​ប្រទេស​យេម៉ែន។ គឺ​រដ្ឋបាល​របស់​លោក​ត្រាំ​ដែល​បាន​ចេញ​មុខ​ការពារ​អារ៉ាប៊ីសាអូឌីត​ផ្កាប់មុខ​នៅ​ក្នុង​រឿងរ៉ាវ​សម្លាប់​អ្នកកាសែត​អារ៉ាប៊ីសាអូឌីត​លោក​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី​នៅ​ក្នុង​ស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត​ក្នុង​ប្រទេស​តួកគី​កាល​ពី​ខែ​តុលា ឆ្នាំ ២០១៨។ ព្រឹត្តិការណ៍​កាល​ណោះ​ត្រូវ​បាន​គេ​សង្ស័យ​ជា​ការ​រៀបចំ​ដោយ​រាជទាយាទ​បិន សាលម៉ាន។ ដូច្នេះ​ជា​រឿង​មួយ​ធម្មតា​ដែល​ថ្នាក់ដឹកនាំ​អារ៉ាប៊ីសាអូឌីត​គ្រប់​ជាន់ថ្នាក់​ចង់​ឃើញ​លោក​ត្រាំ​បន្ត​អង្គុយ​កៅអី​ប្រធានាធិបតី​អាមេរិក​ចំនួន ៤ឆ្នាំ​បន្ថែម​ទៀត។

ខណៈ​ដែល​បណ្តា​ប្រទេស​អារ៉ាប់​សឹង​តែ​ទាំង​អស់​បាន​សាទរ​ការ​ជាប់ឆ្នោត​របស់​លោក​ចូ បៃដិន​តាំង​ពី​យប់​ថ្ងៃ​សៅរ៍ ទី៧ វិច្ឆិកា រដ្ឋអំណាច​អារ៉ាប៊ីសាអូឌីត​កំពុង​បន្ត​បិទ​មាត់​មិន​និយាយ​អ្វី​ទាំង​អស់។ ក្រៅ​ពី​ពិនិត្យមើល​ឡើង​វិញ​នូវ​ទំនាក់ទំនង​ជាមួយ​អ៊ីស្រាអែល ឬ​អារ៉ាប៊ីសាអូឌីត លោក​បៃដិន​ក៏​ត្រូវ​ផ្តោត​លើ​រឿង​ផ្សេង​ទៀត​ក្នុង​តំបន់ ដូច​យ៉ាង​វិបត្តិ​ក្នុង​ប្រទេស​លីប៊ី ឬ​មួយ​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ តាម​ក្រុម​អ្នកវិភាគ វិធានការ​មួយ​ក្នុង​ចំណោម​វិធានការ​ដែល​លោក​បៃដិន​ត្រូវ​ធ្វើ​មុន​គេ គឺ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​រដ្ឋអំណាច​ប៉ាឡេស្ទីន​ឡើង​វិញ ផ្តល់​ជំនួយ​ជា​ថ្មី​ឲ្យ​ប៉ាឡេស្ទីន និង​វិល​ទៅ​ដោះស្រាយ​ជម្លោះ​អ៊ីស្រាអែល ប៉ាឡេស្ទីន​ដោយ​បន្ត​ប្រកាន់​ជំហរ​ឲ្យ​មាន​រដ្ឋ​ពីរ​រស់ក្បែរ​គ្នា។ ដោយឡែក ការ​ដែល​សហរដ្ឋអាមេរិក​បាន​អូសទាញ​ប្រទេស​អារ៉ាប់​ចំនួន ៣ គឺ​អេមីរ៉ាតអារ៉ាប់រួម បារ៉ែន និង​ស៊ូដង់​ឲ្យ​ភ្ជាប់​ទំនាក់ទំនង​ប្រក្រតី​ជាមួយ​អ៊ីស្រាអែល និង​ដែល​បាន​ធ្វើ​ឲ្យ​ប៉ាឡេស្ទីន​ខឹងសម្បារ​នោះ​ត្រូវ​បាន​ក្រុម​អ្នកវិភាគ​យល់​ថា លោក​បៃដិន​ប្រហែល​មិន​ប្រឆាំង​ទេ។

សរុប​មក​វិញ និង​អ្វី​ដែល​ច្បាស់ លោក​បៃដិន​នឹង​មិន​ដើរ​តាម​ផ្លូវ​ដែល​ត្រួសត្រាយ​ដោយ​លោក​ត្រាំ​ទាំង​ស្រុង​ទេ។ អ្វី​ដែល​ច្បាស់ លោក​បៃដិន​នឹង​ត្រូវ​ពិនិត្យមើល​ឡើង​វិញ​ដោយ​មាន​ការ​ថ្លឹងថ្លែង​ត្រឹមត្រូវ​លើ​សំណុំរឿង​ខ្លះ​ដែល​លោក​ត្រាំ​បាន​សម្រេច​សម្រាប់​តំបន់​ដើមបូព៌ា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ