អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

របាយការណ៍​៖ ជន​ជាតិ​អ៊ុយ​ហ្គួរ​ជាង​៥៧​ម៉ឺន​នាក់​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើ​ការ​ក្នុង​ផលិត​កម្ម​កប្បាស​នៅ​ស៊ីនជាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

រឿង​អាស្រូវ​ជុំវិញ​ករណី​ដែល​​ចិន​ចាប់​បង្ខំ​ប្រើប្រាស់​កម្លាំង​ពលកម្ម​របស់ជនជាតិ​អ៊ុយហ្គួរ​ កំពុង​ចាប់​កម្រើក​ខ្លាំង​នៅប៉ុន្មាន​ថ្ងៃ​ចុងក្រោយនេះ​។ យោង​តាម​របាយការណ៍​ថ្មី​មួយ ​ប្រជាជន​អ៊ុយហ្គួរ​ និង​ជនជាតិ​ភាគតិច​រាប់​ម៉ឺន​នាក់​ផ្សេង​ទៀត​ កំពុង​ធ្វើការ​ដោយ​បង្ខំ​នៅឯ​វាល​ចម្ការកប្បាស​ដ៏​ធំ​ល្វឹងល្វើយ​ក្នុង​តំបន់​ស្វយ័ត​ស៊ីនជាំង​ភាគ​ខាង​លិច​ប្រទេស​ចិន​។ តើ​ចិន​ ពិតជា​បាន​ប្រើប្រាស់​ពលកម្ម​របស់​ជនជាតិ​អ៊ុយហ្គួរ​​ដោយ​បង្ខំ​មែនឬ​យ៉ាងណា​? តើ​សហគមន៍​អន្តរជាតិ​ មាន​ប្រតិកម្ម​យ៉ាងណាខ្លះ​ចំពោះ​ទង្វើ​រំលោភសិទ្ធិ​មនុស្ស​បែបនេះ​?

រូបដែលត្រូវបានថតនៅថ្ងៃទី១៤ ខែតុលាឆ្នាំ២០១៨នេះ បង្ហាញពីស្ត្រីកសិករម្នាក់កំពុងប្រមូលកប្បាសនៅក្នុងចម្ការមួយនៅតំបន់ស៊ីនជាំងប្រទេសចិន។
រូបដែលត្រូវបានថតនៅថ្ងៃទី១៤ ខែតុលាឆ្នាំ២០១៨នេះ បង្ហាញពីស្ត្រីកសិករម្នាក់កំពុងប្រមូលកប្បាសនៅក្នុងចម្ការមួយនៅតំបន់ស៊ីនជាំងប្រទេសចិន។ STR AFP/File
ផ្សាយពាណិជ្ជកម្ម

បើតាម​ឯកសារ​ថ្មីៗដែល​ទើក​រក​ឃើញ​តាមអ៊ីនធ័រនែត គេ​បាន​មើល​ឃើញ​ភស្តុតាង​ច្បាស់​ជាង​មុន​ដែលបង្ហាញ​ថា ​អាជ្ញាធរ​ក្រុង​ប៉េកាំង​ពិតជា​បាន​បង្ខំ​ជនជាតិ​អ៊ុយហ្គួរ​ឲ្យ​ប្រមូល​ផល​ដំណាំ​កប្បាស​ដែល​ចិនជា​ប្រទេស​អ្នក​ផ្គត់ផ្គង់​ធំ​ទី៥​ នៅក្នុង​ពិភពលោក​មែន។

ជាយូរណាស់​មកហើយ ​ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​និង​ក្រុម​អ្នក​ជំនាញ​អ.ស.ប ​បាន​និយាយ​ថា​ អាជ្ញាធរចិន​បាន​ឃុំខ្លួន​ជនជាតិ​អ៊ុយហ្គួរ​និង​ជនជាតិភាគិតិចដទៃទៀត​ជាង​១ លាន​នាក់នៅ​តាមជំរំ​លត់ដំ​ដ៏ធំជាច្រើន​កន្លែង​ស្ថិតក្នុង​តំបន់​ស៊ីនជាំង។ រដ្ឋាភិបាលចិន​ តែងតែ​បាន​ច្រាន​ចោល​នូវការ​អះអាង​ខាងលើ​ និង​ថាជំរំ​នៅ​ស៊ីនជាំងគឺជា​មជ្ឈមណ្ឌល​អប់រំ​បង្កើតឡើង​ក្នុង​គោលបំណង​ទប់ស្កាត់​កុំឲ្យ​មាន​ជន​ជ្រុលនិយម​តែ​ប៉ុណ្ណោះ​។

ក៏ប៉ុន្តែ​ ភស្តុតាងថ្មី​ដែល​ទើប​ចេញផ្សាយ​កាលពីថ្ងៃ​ចន្ទ​ ទី១៤​ ធ្នូ​ ដោយ​ក្រុម​អ្នក​ជំនាញ​មជ្ឈមណ្ឌល​សម្រាប់​គោលនយោបាយ​សកល​ដែល​មាន​មូលដ្ឋាន​នៅទី​ក្រុង​​វ៉ាស៊ីន​តោន​ ឲ្យដឹងថា​ ក្នុង​មួយ​ឆ្នាំ​មាន​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ​យ៉ាងតិច​ ៥៧ ម៉ឺន​នាក់​ ត្រូវ​បាន​គេ​បញ្ជូន​ឲ្យទៅ​ប្រមូល​សំឡីកប្បាស​។ ព័ត៌មាននេះ​ បង្ហាញពី​ការ​កើនឡើង​នូវហានិភ័យ​ខ្ពស់​នៃការ​ប្រើ​ប្រាស់​កម្លាំង​ពលកម្ម​ដោយបង្ខំ​ពី​សំណាក់​អាជ្ញាធរ​ចិន​ ទៅលើ​ប្រជាជន​អ៊ុយហ្គួរ​ដែលជា​អ្នក​កាន់​សាសនាអ៊ីស្លាម។

បន្ថែមលើនេះ​ ក្រុម​អ្នក​ស្រាវជ្រាវ​ប៉ាន់​ស្មាន​ថា​ចំនួន​ជនជាតិ​ភាគតិច​​សរុប​ដែល​ត្រូវ​បានគេ​បង្ខំ​ឲ្យ​ប្រមូលកប្បាស​ (​ការងារ​ត្រូវ​ធ្វើ​ដោយដៃ​ជាចាំបាច់) ទំនងជា​មាន​ច្រើន​ជាង​ចំនួន​ដែល​រក​ឃើញ​ជាច្រើនម៉ឺន​នាក់​។

គួរ​គូស​បញ្ជាក់​ជូនថា​ តំបន់​ស៊ីនជាំង​ គឺជា​មជ្ឈមណ្ឌល​ផលិតកម្ម​កប្បាស​ដ៏​សំខាន់​របស់​ប្រទេស​ចិន​។ ផលិតផល​កប្បាសរបស់ចិនតំណាងឲ្យ​ប្រមាណ​ ២២%​ នៃ​ការ​ផ្គត់ផ្គង់​កប្បាស​ទាំងអស់ទូទាំង​ពិភពលោក​។ នេះ បើយោង​តាម​របាយការណ៍​របស់​មជ្ឈមណ្ឌល​យុទ្ធសាស្ត្រ​និងការ​សិក្សាអន្តរជាតិ​ (CSIS) ។

ទីក្រុង​ប៉េកាំង​ បាន​និយាយថា​ អ្នក​ជាប់​ឃុំឃាំង​ទាំងអស់​បាន​បញ្ចប់​ការ​សិក្សា​ពី​មជ្ឈមណ្ឌល​អប់រំ​វិជ្ជាជីរៈ​ ប៉ុន្តែ​យោងតាម​របាយការណ៍​ក្រុម​អ្នកជំនាញ​មជ្ឈមណ្ឌល​សម្រាប់​គោល​នយោបាយ​សកល​វិញ​ ​អតីត​អ្នក​ទោស​ជាច្រើន​ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​ធ្វើ​ការងារ​នៅតាម​រោងចក្រ​។

នៅពេល​កំពុងធ្វើការ ក្រុម​ជនជាតិ​ភាគតិច​​​ទាំងនោះត្រូវ​បាន​តាម​ឃ្លាំមើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់បំផុតពីមន្ត្រី​ប៉ូលិស​ នៅពេល​ពួកគេ​ធ្វើ​សកម្មភាពអ្វី​មួយ​មិនថា​សូម្បី​តែពេល​ពួកគេ​ផ្លាស់ទី​ពី​ចំណុច​មួយ​ទៅ​ចំណុចមួយទៀត​។

លោក​ Adrian Zenz ដែល​ជា​អ្នក​បាន​លាត​ត្រដាង​ឯកសារ​រកឃើញ​បាន​សរសេរ​នៅក្នុង​របាយការណ៍​ថា​ “ វា​ច្បាស់ណាស់ថា​ការ​បញ្ជូន​ក្រុមជនជាតិភាគតិច​ ទៅ​ប្រមូល​កប្បាស មាន​ភាគរយ​ច្រើន​ដែលថា​រដ្ឋាភិបាលចិន​ ប្រើ​កម្លាំង​ចាប់​បង្ខំទៅ​លើ​ប្រជាជន​អ៊ុយហ្គួរ​។

ជនជាតិ​ភាគតិច​មួយចំនួន​ ទំនងអាច​យល់ព្រម​ធ្វើការ​ដើម្បី​ទទួលបាន​ប្រាក់ម្រៃខ្លះ​។ ក៏ប៉ុន្តែ​ វាគឺ​ជារឿង​ដែល​ពិបាក​កំណត់ណាស់ថា​នឹងគ្មាន​ការ​បង្ខិតបង្ខំ​ប្រើ​កម្លាំង​ពលកម្ម​ ហើយ​ការ​គោរពសិទ្ធិមនុស្ស​នឹង​ចាប់​ផ្តើម​អនុវត្ត​នៅតំបន់ស្វយ័ត​ស៊ីនជាំង​។ លោក​ Adrian Zenz បន្ថែម។

ជាមួយគ្នានេះ​ របាយការណ៍​ខាងលើ​ដដែល​ ក៏​បាន​ឲ្យដឹងទៀតថា​មាន​ការ​លើកទឹកចិត្ត​ខាង​មនោគមវិជ្ជា​យ៉ាងខ្លាំង​ ក្នុងការ​អនុវត្ត​ផែនការ​ការងារ​នៅស៊ីនជាំង​ ពីព្រោះ​ថា​ការលើក​កម្ពស់​កម្រិត​ប្រាក់​ចំណូល​នៅ​តាមជនបទ​ អនុញ្ញាត​ឲ្យ​មន្រ្តីចិន​អាច​សម្រេច​បាន​នូវ​គោលដៅ​កាត់​បន្ថយភាព​ក្រីក្រ​ដែល​កំណត់​ដោយរដ្ឋ​។

ទាក់ទងនឹង​ការ​រក​ឃើញ​ខាងលើ​ ប្រទេសចិន​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ពាក្យ​ចោទ​ប្រកាន់​ដែលថា​ខ្លួន​រំលោភ​សិទ្ធិ​មនុស្ស​ដោយ​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ដោយ​បង្ខំ​ទៅលើ​ពួក​ជនជាតិភាគតិច​អ៊ុយហ្គួរ​។ ក្រៅពីនេះ ប៉េកាំងថែម​បាន​ចោទ​ប្រកាន់​សហរដ្ឋអាមេរិក​វិញទៀតផង​ពី​បទ​ចង់​ធ្វើ​បាប​ក្រុមហ៊ុន​ចិន​នៅស៊ីនជាំង​។

ទីក្រុងប៉េកាំង​នៅឆ្លៀត​អះអាង​ដូចសព្វមួយដងទៀត​ថា​ ជំរំ​នៅស៊ីនជាំង​គឺជា​មជ្ឈមណ្ឌល​អប់រំ​វិជ្ជាជីវៈ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ចលនា​ផ្តាច់​ខ្លួន​បែប​អ៊ីស្លាម​និយម​ ក្រោយ​ពី​ចិន​បាន​រង​ភេរវកម្ម​ពី​សំណាក់​សកម្មជន​អ៊ុយហ្គួរ​។

គួររំឭកជូនថា​ កាលពី​ដើម​ធ្នូខែ​នេះ​ សហរដ្ឋ​អាមេរិក​បាន​សម្រេច​ហាមប្រាម​ការ​នាំ​ចូល​ផលិត​ផល​កប្បាស​របស់​ក្រុមហ៊ុន​ចិន​ ដើម្បី​ដាក់​សម្ពាធ​ឲ្យ​អាជ្ញាធរ​ចិនបិទ​បញ្ចប់​សកម្មភាព​បង្ខំ​ទៅលើ​ប្រជាជន​អ៊ុយហ្គួរ​។ សេចក្តី​ស្នើ​ច្បាប់​មួយទៀត​ ដែល​ហាម​ប្រាម​រាល់​ការ​នាំចូលទំនិញពី​ស៊ីនជាំង​ នៅមិន​ទាន់​បាន​បញ្ជូន​ទៅដល់ដៃ​ព្រឹទ្ធ​សភា​អាមេរិក​នៅឡើយទេ​។

ក្រុមហ៊ុនធំៗ​ លំដាប់​អន្តរជាតិ​ជាច្រើនផ្សេងទៀត​រួមមាន​ក្រុមហ៊ុន​ Adidas, Gap និងក្រុមហ៊ុន Nike ជាដើម​ ក៏បាន​ចោទប្រកាន់​ប្រទេសចិន​ផងដែរ​ ពីបទ​ប្រើកម្លាំង​ពលកម្ម​ជនជាតិ​អ៊ុយហ្គួរ​ ដោយ​បង្ខំ​នៅក្នុង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​វាយនភ័ណ្ឌ​របស់​ពួកគេ​។ នេះបើយោងតាម​របាយការណ៍​កាលពីខែមីនា​របស់​វិទ្យាស្ថាន​គោលនយោបាយ​យុទ្ធសាស្ត្រ​អូស្ត្រាលី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ