អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ឆ្នាំ២០២០ បន្សល់​ឲ្យឆ្នាំ ២០២១ នូវ​ជំងឺផ្លូវដង្ហើម​កូវីដ រាតត្បាត​ពាសពេញ​ពិភពលោក

ចុះផ្សាយ​នៅ​ថ្ងៃ៖

ឆ្នាំ ២០២០​គ្របដណ្តប់ បាំងលុបជិត ដោយ​ជំងឺរាតត្បាត កូវីដ ដែល​បាន​ធ្វើ​ឲ្យ​ជីវិត​មនុស្ស​ពេញ​មួយ​ផែនដី ត្រូវ​ផ្លាស់ប្តូរ សឹង​ទាំងស្រុង។ មនុស្ស​ពាក់ម៉ាស សេដ្ឋកិច្ច ដើរថយក្រោយ ដោយសារ ប្រទេស ទីក្រុង​ត្រូវ​បិទ ខ្ទប់ ដើម្បី ទប់ស្កាត់​ការឆ្លងរីករាល​មេរោគកូរ៉ូណា។ ឆ្នាំ ២០២០ ត្រូវ​បិទបញ្ចប់​ទៅ នៅ ថ្ងៃ​ទី​៣១​ធ្នូនេះ មែន ប៉ុន្តែ ជំងឺ​ផ្លូវដង្ហើម​កូវីដ ដែល​ផ្ទុះ​ចេញពី ទីក្រុង​វូហាន កាលពី ១ឆ្នាំមុន នៅ​មិនទាន់​ចាកចេញ​ឆ្ងាយ ឈប់​បៀតបៀន​មនុស្សលោក​នៅឡើយទេ។ វ៉ាក់សាំង ជាប្រភព​នៃ​ក្តីសង្ឃឹម​ចុងក្រោយ ដើម្បីស្រោចស្រង់ មនុស្ស​ចេញពី​វិបត្តិកូវីដ។ តើ​វិបត្តិកូវីដ នឹង​អាច​បិទបញ្ចប់ ដើម្បី ឲ្យ​មនុស្សលោក​អាច​ត្រលប់​ទៅ​រស់នៅ ធម្មតា​ឡើងវិញ​បាន​ឬទេ?  

អ្នកធ្វើនំ ជនជាតិ​ក្រិក តុបតែង​លំអ នំ​ប្រកបដោយ​ន័យ​លេបខាយ ព្រោះថា កូវីដ​បានធ្វើ​ឲ្យ​ជំនួញជាច្រើនត្រូវ​ខាតឡុងចុង បិទទ្វារ នៅ ឆ្នាំ ២០២០
អ្នកធ្វើនំ ជនជាតិ​ក្រិក តុបតែង​លំអ នំ​ប្រកបដោយ​ន័យ​លេបខាយ ព្រោះថា កូវីដ​បានធ្វើ​ឲ្យ​ជំនួញជាច្រើនត្រូវ​ខាតឡុងចុង បិទទ្វារ នៅ ឆ្នាំ ២០២០ REUTERS - ALEXANDROS AVRAMIDIS
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃនេះ កាលពី ១ឆ្នាំមុន មនុស្ស​ក្នុង​ពិភពលោក​បាន​ស្រែកច្រៀង​អបអរ ស្វាគម​ឆ្នាំថ្មី ឆ្នាំ ២០២០ ដោយ​មិន​ដឹងថា ឆ្នាំ​នេះ នឹង​ធ្វើ​ឲ្យ​ជីវិត​របស់​ពួកគេ​ផ្លាស់ប្តូរ​យ៉ាងណា​នោះ​ទេ។

ក្នុង​រយៈពេល​ពេញមួយឆ្នាំ​២០២០ ជំងឺកូវីដ ១៩ ដែល​បង្កឡើង​ដោយ​មេរោគកូរ៉ូណា​ថ្មី បាន​ធ្វើ​ពិភពលោក ទន់ជង្គង់។ សេដ្ឋកិច្ច​ពិភពលោក​ត្រូវ​ជាប់គាំង ដើរថយក្រោយ។ ព្រំដែន​ប្រទេស​ត្រូវ​បិទ ចំណែក មនុស្ស​ជាង ៤ពាន់លាន​នាក់ ត្រូវ​រដ្ឋាភិបាល​ចាត់វិធានការ ​បិទខ្ទប់ ដាក់​ឲ្យ​នៅ​តែ​ក្នុង​ផ្ទះ រាប់ខែ។ ចរាចរណ៍​ដើរហើរ​ត្រូវ​កាត់បន្ថយ យ៉ាងគំហុក ដែល​ជាហេតុ​ធ្វើ​ឲ្យ​ទំនាក់ទំនង​សង្គម សហគមន៍ ត្រូវ​កាត់ផ្តាច់​ទាំងស្រុង។

ពេញមួយឆ្នាំ ២០២០ ជំងឺកូវីដ​១៩​បាន​សម្លាប់មនុស្ស​ជាង ១លាន ៧សែននាក់ និង​បាន​ឆ្លងទៅ​មនុស្ស ៨០លាន​នាក់​នៅក្នុង​ពិភពលោក។ ក្មេងកំព្រា បាត់បង់ ម្តាយ ឬ​ឪពុក ជីដូនជីតា។ អ្នកជំងឺស្លាប់​នៅមន្ទីរពេទ្យ ដោយ​គ្មាន ​បាន​លាកូនចៅ សាច់ញាតិ ឬ​ធ្វើបុណ្យតាមប្រពៃណី ដោយសារ​តែ​ខ្លាច​ឆ្លងមេរោគកូរ៉ូណា។ សម្រាប់​Sten Vermund អ្នកជំនាញ​ខាងជំងឺឆ្លង​និង​ជា​សកលវិទ្យាធិការ​នៃ សកលវិទ្យាល័យ​ យែល ផ្នែក​សុខភាព​សាធារណៈ ជំងឺកូវីដ​ជា​បទពិសោធ​ពិសេស ដែលមាន​តែមួយគត់ នៅក្នុង​ជីវិត​របស់​មនុស្ស​គ្រប់រូប។ មនុស្ស​ប្រុសស្រី នៅលើ​ផែនដី ពីកុមារ ដល់​មនុស្ស​ចាស់ តែងប៉ះពាល់​ដោយ​ផ្ទាល់ ឬ​ប្រយោល​ដោយសារ​ជំងឺកូវីដ។

ប្រៀបធៀប​នឹង​ជំងឺរាតត្បាត​សម្លាប់មនុស្ស​ផ្សេងទៀត ដូចជា ជំងឺប៉េស្ត​នៅ សតវត្សរ៍​ទី​១៤ ដែល​សម្លាប់​មនុស្សមួយភាគបួន លើ​ផែនដី ជំងឺ​ផ្លូវដង្ហើម​អេស្ប៉ាញ​ដែល​បាន​សម្លាប់​មនុស្ស​៥០លាននាក់ នៅ​ឆ្នាំ ១៩១៨ និង​ជំងឺអេដស៍​ដែល​សម្លាប់មនុស្ស​៣៣​លាននាក់​នៅ លើ​ផែនដី ជំងឺកូវីដ​មិនជា​កាចសាហាវ សម្លាប់​មនុស្ស​ខ្លាំងនោះទេ។ ប៉ុន្តែ ឆ្លងជំងឺកូវីដ គឺ​ងាយស្រួល សាមញ្ញ ដូច​ការដកដង្ហើម នៅ ចំ​កាលៈទេសៈ​មិន​ល្អ។

រឿងរ៉ាវ​ចាប់​កើតឡើង​ដំបូង នៅថ្ងៃ​ទី ៣១​ធ្នូ​ឆ្នាំ ២០១៩ នៅពេល​មាន​អាជ្ញាធរ​ចិន រកឃើញ​ករណី​ជំងឺផ្លូវដង្ហើម ចម្លែក នៅ​ទីក្រុងវូហាន។ នៅ មួយថ្ងៃ​បន្ទាប់ អាជ្ញាធរ​បានសម្រេច​បិទ​ផ្សារលក់​សត្វព្រៃ ដែល​មានជាប់ពាក់ព័ន្ធ​នឹង​ជំងឺឆ្លងថ្មី។ ក្នុង​រយៈពេល​ពេញ​១ខែ មករា អាជ្ញាធរ​ចិន បាន​រកឃើញ​មេរោគ ដែល​ជា​ប្រភព​នៃ​ជំងឺឆ្លងផ្លូវដង្ហើម មុន​នឹង​សម្រេច​បិទ​ទីក្រុង​វូហាន និង​ដាក់​បង្ឃាំង មនុស្ស ១១លាននាក់ ឲ្យ​នៅ​តែ​ក្នុង​ផ្ទះ។

រូបភាព​បុរសចិន​ម្នាក់ ពាក់ម៉ាស ដេកស្លាប់​នៅតាមផ្លូវ ក្នុងទីក្រុង​វូហាន ហើយនិង​ការឆ្លងរាលដាល​មេរោគកូរ៉ូណា ក្នុងចំណោម​អ្នកដំណើរ ជាង​៧០០នាក់ នៅ លើ​កប៉ាល់​ទេសចរណ៍ Diamond Princess បាន​ធ្វើឲ្យ​មនុស្ស​ចាប់ភ័យខ្លាច លែងគិតថា ជំងឺបង្កឡើង​ដោយ​មេរោគកូរ៉ូណា កើតមាន​តែនៅប្រទេស​ចិន។

នៅដើមខែ​កុម្ភៈ អង្គការ​សុខភាព​ពិភពលោក​បាន​ដាក់ឈ្មោះ ជំងឺផ្លូវដង្ហើម​ថ្មី ថា កូវីដ ១៩។ ៤ថ្ងៃ​ក្រោយមក បារាំង​បាន​ក្លាយ​ជា​ប្រទេស​ក្រៅតំបន់អាស៊ី ទី​១​ដែលមានអ្នកជំងឺ ស្លាប់​ដោយសារ​កូវីដ​១៩។ ស្ថានភាព​ដុនដាប​ខ្លាំង កើតមាន​នៅ អ៊ីតាលី ជាទី ដែលគ្រូពេទ្យ​ត្រូវ​សម្រេច​ចិត្ត​ជ្រើសរើស​អ្នកជំងឺ សម្រាប់​ព្យាបាល ដោយសារ​តែ​គ្មាន​គ្រែ និង​សម្ភារៈពេទ្យ​គ្រប់គ្រាន់។ ជំងឺកូវីដ​លើកនេះ បាន​ស្តែង​ឲ្យ​ឃើញ ជាទូទៅ ក្នុង​ពិភពលោក ពី​ភាពទន់ខ្សោយ និង​ការធ្វេសប្រហែស មិន​យកចិត្ត​ទុកដាក់​របស់​រដ្ឋាភិបាល​ទៅលើ​វិស័យ​សុខាភិបាល។ គ្រូពេទ្យ​គ្មាន​ម៉ាស មន្ទីរពេទ្យ គ្មាន​ឧបករណ៍ បំពង់​អុកស៊ីសែន សម្រាប់អ្នកជំងឺ កើតមាន​គ្រប់​ប្រទេស សូម្បី​នៅ ប្រទេស​អ្នកមាន ដូចជា អង់គ្លេស អ៊ីតាលី ឬ​បារាំង ឬអាមេរិក។

បន្ទាប់​ពី អ៊ីតាលី អេស្ប៉ាញ បារាំង និង​អង់គ្លេស ប្រកាស​បិទទីក្រុង បិទព្រំដែន អង្គការ​សុខភាពពិភពលោក​ប្រកាស​ចាត់ទុក កូវីដ ១៩​ជាជំងឺឆ្លងសកល។ នៅពាក់កណ្តាល​ខែ​មេសា មនុស្ស​ជិត ៤ពាន់លាននាក់ ត្រូវ​គេ​ដាក់​ឲ្យ​នៅក្នុង ផ្ទះ។ ពី​ប៉ារីស ដល់​ញូវយ៉ក ពី​ទីក្រុង​ញូវដេលី ដល់​ទីក្រុង​ឡុងដ៍ ប៊ុយណូស៊ែរ ផ្លូវថ្នល់​ស្ងាត់ជ្រាប ដោយ​គេ​លឺ​ភាគច្រើន​តែ​សំឡេង​ស៊ីរ៉ែន​របស់​ឡានពេទ្យ។ សាលារៀន ភោជនីយដ្ឋាន រោងកុន ក្លិបហាត់ប្រាណ ដែល​ជា​សុទ្ធ​ជា​កន្លែង​ប្រមូលផ្តុំ​មនុស្ស ត្រូវ​បិទទ្វារ គ្មាន​សកម្មភាព។ យន្តហោះ​រាប់​ម៉ឺនគ្រឿង​ត្រូវ​ចតចោល ដោយសារ​វិធានការ​បិទព្រំដែន និង​គ្មានអ្នកដំណើរ។ បុគ្គលិក​ត្រូវ​តម្រូវ ឲ្យ​ធ្វើការ​ពីផ្ទះ សិស្សត្រូវ​រៀន​តាមឡាញ។ មនុស្សម្នារ​ត្រូវពាក់ម៉ាស រក្សា​គម្លាត ឲ្យនៅឆ្ងាយពីគ្នា យ៉ាងតិច ១ម៉ែត្រ និង​ត្រូវ​លាងសំអាតដៃ ដោយទឹកអាល់កុល។

អាមេរិក​ដែល​ជាមហាអំណាច​ពិភពលោក ដែល​បាន​បិទព្រំដែន​ជាមួយ​ចិន​មុនគេ បាន​ក្លាយ​ជា​ប្រទេស​នាំមុខគេ​ខាងសំបូរអ្នកឆ្លង និង​អ្នកស្លាប់​ដោយសារ​ជំងឺកូវីដ។ បើនិយាយ​ពីសេដ្ឋកិច្ច វិបត្តិ​កូវីដ​បាន​ធ្វើ​ឲ្យ​ប្រជាជន​អាមេរិកាំង ២០លាននាក់ បាត់បង់​ការងារធ្វើ។

របាយការណ៍​របស់​ធនាគារ​ពិភពលោកបាន​បង្ហាញ​ហើយថា ​ជំងឺកូវីដ និង​សេដ្ឋកិច្ច​ពិភពលោក​ដើរថយក្រោយ នឹង​ធ្វើ​ឲ្យ​ប្រជាជន​ប្រមាណ ១៥០លាននាក់ នៅក្នុង​ពិភពលោក ធ្លាក់​ខ្លួន​ក្រីក្រ​កាន់តែ​ខ្លាំង នៅ​ឆ្នាំ ២០២១។

បញ្ហា​សេដ្ឋកិច្ច​ជា​រឿងមួយ។ សុខភាព​សាធារណៈ ឯណោះវិញ ក៏កំពុង​ចោទ​ជា​បញ្ហា​ដែរ។ នៅ ទឹកដី អឺរ៉ុប ដោយសារ​តែ វិធានការ​បិទខ្ទប់​មនុស្ស​ឲ្យ​នៅ​ក្នុង​ផ្ទះ ក្នុងរយៈពេល​វែង និង​ជា​ច្រើនដង អំពើហិង្សា​ក្នុង​គ្រួសារ កើតមាន​កាន់តែច្រើន ទន្ទឹមគ្នា​នឹង​ជំងឺផ្លូវចិត្ត។

នៅ​ជិត​១ឆ្នាំ​ដែល​រួបរឹត​ដោយ​ជំងឺកូវីដ ពិភពលោក​ក៏ចាប់មាន​ក្តីសង្ឃឹម​ឡើងវិញ នៅក្រោយ​ការរកឃើញ វ៉ាក់សាំង​ប្រឆាំង​ជំងឺកូវីដ។ ប្រទេស​លោកខាងលិច​ដែល​កំពុង​ប្រឈម​នឹង​ការរីករាលដាល​ខ្លាំង នៃ​ជំងឺកូវីដ នៅរដូវត្រជាក់ បាន​ពន្លឿន យុទ្ធនាការ​ចាក់វ៉ាក់សាំង ជាបន្តបន្ទាប់គ្នា។ អង់គ្លេស​បាន​ក្លាយ​ជា​ប្រទេស​នាំមុខ មុន​អាមេរិក និង​សហភាពអឺរ៉ុប។ នៅពេល​ក្រុមប្រទេស​អ្នកមាន​សម្រុក​ទិញ ស្តុក​វ៉ាក់សាំង​ថ្លៃៗ​របស់​ក្រុមហ៊ុនអាមេរិកាំង Moderna និង​Pfizer BioNTech គឺ​រុស្ស៊ី និង​ចិន​ដែល​នឹង​អាច​ទាញផលចំណេញ​ពីវ៉ាក់សាំង​របស់​ខ្លួន ដែល​លក់​ក្នុង​តម្លៃថោក និង​ងាយស្តុកចែកចាយ ទៅគ្រប់ប្រទេស មិនថា អ្នកមាន ឬ​អ្នកក្រ។ មានវ៉ាក់សាំងហើយ ក៏គេ​នៅមិនទាន់​ប្រាកដចិត្ត​ថា នឹង​អាច​ឆ្លងចាកផុត ជំងឺរាតត្បាត​កូវីដ​លើកនេះដែរ។ មេរោគកូរ៉ូណា បាន​ផ្លាស់ប្តូរ បំប្លែងខ្លួន ដែល​ធ្វើ​ឲ្យ​គេ​បារម្ភថា នឹង​ធ្វើ​ឲ្យ​វ៉ាក់សាំងដែល​គេ​រកឃើញ និង​ផលិតបាន គ្មាន​ប្រសិទ្ធិភាព​ទៅ​បង្ក្រាប ជំងឺកូវីដ។ ឆ្នាំ ២០២០ ចាកចោល​យើង នៅ​ថ្ងៃ​នេះ ប៉ុន្តែ​នៅ​តែ​បន្សល់​ជំងឺកូវីដ ដល់ឆ្នាំថ្មី ឆ្នាំ ២០២១៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ