អានតួអត្ថបទ
អឺរ៉ុប-កូវីដ១៩

កូវីដ​១៩​បំប្លែងខ្លួន​​​កំពុង​បន្ត​បំភ័យ​អឺរ៉ុប​ដែល​មាន​អ្នក​ឆ្លង​ឡើង​ដល់​២៥លាននាក់

អឺរ៉ុប​ជា​ទ្វីប​ដែល​មាន​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​ ច្រើន​ជាង​គេ​បង្អស់​នៅ​លើ​ពិភពលោក ដោយ​រាប់​ឃើញ​មាន​ចំនួន​​កើន​ឡើង​ដល់​ជាង​២៥​លាន​នាក់​។ ចំនួន​អ្នក​ឆ្លង​ថ្មី​បន្ត​កើនឡើង​​​កាន់​តែ​លឿន មេរោគ​ជា​ភ្នាក់ងារ​បង្ក​ជំងឺ​កូវីដ១៩​ចេះ​បំប្លែង​ខ្លួន​ទៀត ប៉ុន្តែ​​​យុទ្ធនាការ​ចាក់​ថ្នាំបង្ការ​ នៅ​ក្នុង​រង្វង់​សហភាព​អឺរ៉ុប អាច​នឹង​ចាប់​ផ្តើម នៅ​​ថ្ងៃ​អាទិត្យ​ទី ២៧ ធ្នូ ២០២០​នេះ​តែ​ប៉ុណ្ណោះ។

អឺរ៉ុប​ក្លាយជា​តំបន់​ដែល​មាន​អ្នក​ឆ្លង​កូវីដ​១៩​ច្រើន​ជាង​គេ​នៅ​លើ​ពិភពលោក
អឺរ៉ុប​ក្លាយជា​តំបន់​ដែល​មាន​អ្នក​ឆ្លង​កូវីដ​១៩​ច្រើន​ជាង​គេ​នៅ​លើ​ពិភពលោក AP - Brian Inganga
ផ្សាយពាណិជ្ជកម្ម

បើ​និយាយសរុប​ជា​ទូទៅ​ ទ្វីបអឺរ៉ុប​ ដែល​មាន​៥២​ប្រទេស​ ដោយ​រាប់​បញ្ចូល​ទាំង​ប្រទេស​រុស្ស៊ី និង​អាហ្សែបៃហ្សង់​ជាប់របង​អាស៊ីបំផុតផង បានក្លាយ​ជាតំបន់ដែល​រងគ្រោះ​ដោយ​កូវីដ​១៩​ខ្លាំង​ជាងគេបំផុត​នៅ​លើ​ពិភពលោក។ ចំនួន​អ្នក​ឆ្លង​កូវីដ១៩​បាន​ឡើង​ដល់​ជាង​២៥លាននាក់​នៅទ្វីប​អឺរ៉ុប ទល់​នឹង​ជាង​១៩​លាន​នាក់​​នៅទ្វីប​អាមេរិក (សហរដ្ឋ​អាមេរិក​និង​កាណាដា) ជាង​១៥លាន​នាក់​នៅតំបន់​​អាមេរិក​ឡាទីន/ប្រជុំ​កោះ​ការ៉ាអ៊ីប និង​ជាង​១៣​លាន​ប៉ុណ្ណោះ​នៅ​ទ្វីប​អាស៊ី។ នេះ​បើ​តាម​តួលេខ​របស់​ភ្នាក់ងារ​សារព័ត៌មាន​បារាំង AFPចេញ​ផ្សាយ​នៅ​ថ្ងៃសុក្រ​ទី​២៥​ធ្នូ២០២០ ដោយ​បាន​បញ្ជាក់​ទៀត​ថា គិត​ត្រឹម​ថ្ងៃ​១៧​ធ្នូ អឺរ៉ុប​​មាន​អ្នក​ស្លាប់ដល់​ទៅ​ជាង​​កន្លះ​លាន​នាក់ ក្នុង​ចំណោម​អ្នកស្លាប់​សរុប​ទូទាំង​ពិភពលោក​ជាង​១លាន៧សែន​នាក់។

​បើ​តាម​អ្នកស្រាវជ្រាវ​អង់គ្លេស​នៃ​វិទ្យាស្ថាន London School of Hygiene and Tropical Medicine (LSHTM)​ ប្រសិន​បើ​គ្មាន​វិធានការ​តឹងតែង​ទេ ចំនួន​អ្នក​ជំងឺ​ត្រូវ​ចូលព្យាបាល​នៅមន្ទីរពេទ្យ និង​ស្លាប់ នៅ​ឆ្នាំ​២០២១ អាច​នឹង​មានចំនួន​ច្រើន​ជាង​ឆ្នាំ​២០២០​ទៅទៀត ព្រោះ​មេរោគ​បំប្លែងកូវីដ១៩​ លេច​ឡើង​នៅ​ប្រទេស​អង់គ្លេស​ពិត​ជា​មាន​អំណាច​ចម្លង​ខ្លាំងប្រមាណ​ពី​៥០%ទៅ៧៤%​ជាង Sars-Cov-2 ​មេរោគ​កូវីដ​ដើមមែន។ លទ្ធផល​នៃការ​សិក្សា​បាន​ចេញផ្សាយ​តាម​អ៊ីនធ័រនែត​រួច​ហើយ គ្រាន់​តែ​មិន​ទាន់​ត្រូវ​បាន​អនុម័ត​ដោយ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​តែ​ប៉ុណ្ណោះ។ ម្យ៉ាង​វិញ​ទៀត មេរោគ​កូវីដ១៩​បំប្លែងខ្លួន​​បាន​ឆ្លង​មក​ដល់​ប្រទេស​អាល្លឺម៉ង់​មួយករណី ដល់​ប្រទេស​លីបង់​មួយ​ករណី តាម​រយៈ​អ្នក​ដំណើរមក​ពីអង់គ្លេស។

តែ​សំណាងល្អ​ ថ្នាំ​បង្ការ​ប្រឆាំងកូវីដ១៩​បាន​មក​ដល់​។ យុទ្ធនាការ​ចាក់​​ថ្នាំវ៉ាក់សាំង​បាន​លឿនកាលណា គេ​អាច​កាត់​បន្ថយ​ហានិភ័យ​សុខភាព​បាន​កាន់​តែ​ច្រើន។

“មនុស្សជាតិ​បាន​ប្រឹង​លះបង់​ច្រើន​ណាស់​ក្នុង​ឆ្នាំ​២០២០​នេះ ដើម្បីការពារ​សុខភាពនិង​ជីវិត ដូច្នេះ​សូមប្រឹងបន្តិច​ទៀត ​កុំ​ធ្វើ​ឱ្យ​ការ​លះបង់​មួយ​ឆ្នាំមក​នេះ​ក្លាយ​ទៅ​ជា​អត់​ប្រយោជន៍​វិញ​។ ក្តី​សង្ឃឹម​ចាប់​មាន​ពន្លឺ​ហើយ ថ្នាំ​បង្ការ​នឹង​ជួយ​ពិភពលោក​ឱ្យចេញ​ផុត​ពី​សោកដនាកម្ម​ ប៉ុន្តែ​គេត្រូវ​ការប្រើ​​ពេលវេលា​ទម្រាំ​គ្រប់​គ្នា​បាន​ទទួល​ថ្នាំការពារ” នេះ​ជា​សារណូអែល​​របស់​លោក​ តេដ្រូស អាដាណុម ហ្គេប្រេយេស៊ូស នាយក​​អង្គកា​រសុខភាពពិភពលោក​​។ បើ​តាម​អង្គការ​សុខភាពពិភពលោក មាន​ថ្នាំវ៉ាក់សាំង​ប្រឆាំង​កូវីដ​១៩​ចំនួន ៦១ កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​សាកល្បង​លើ​មនុស្ស​ ក្នុង​នោះ១៦​ឈាន​ដល់​ដំណាក់កាល​ចុងក្រោយ។ ១៧២​ផ្សេង​ទៀត​កំពុង​សិក្សា​ដោយ​មន្ទីរពិសោធន៍​ផ្សេងៗ​នៅ​លើពិភពលោក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ