អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុផលដែលបានជំរុញឲ្យអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់កាត់បន្ថយភាពតានតឹងរវាងគ្នា

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាម​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​កាសែត Financial Times ថ្មីៗ​នេះ ប្រទេស​អ៊ីរ៉ង់ និង​ប្រទេស​អារ៉ាប៊ីសាអូឌីត​បាន​ជួប​ជជែក​គ្នា​ដោយ​ផ្ទាល់​កាល​ពី​ថ្ងៃទី៩ មេសា​នៅ​ក្នុង​ទីក្រុង​បាកដាដ ប្រទេស​អ៊ីរ៉ាក់។ ក្រោយ​ការ​ទម្លាយ​របស់​កាសែត Financial Times ព័ត៌មាន​នៃ​ការ​ជួប​គ្នា​នេះ​ក៏​ត្រូវ​បាន​បញ្ជាក់​ជា​ផ្លូវការ។ ការ​ជួប​ជជែក​ដោយ​ផ្ទាល់​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ក្នុង​តំបន់​មាន​គោលដៅ​កាត់បន្ថយ​ភាព​តានតឹង និង​ភ្ជាប់​ទំនាក់ទំនង​ការទូត​រវាង​គ្នា​ឡើង​វិញ។ តែ​មាន​សំណួរ​មួយ​ចំនួន​បាន​ចោទ​ឡើង តើ​មាន​ហេតុផល​អ្វី​ខ្លះ​ដែល​បាន​ជំរុញ​ឲ្យ​អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់​ចង់​កាត់​បន្ថយ​ភាព​តានតឹង​រវាង​គ្នា និង​ថា តើ​ប្រទេស​ប្រជែង​គ្នា​នៅ​ក្នុង​តំបន់​ទាំង​ពីរ​ដែល​មាន​និកាយសាសនា​ខុស​គ្នា​អាច​ល្អូកល្អឺន​ដាក់​គ្នា​បាន​ដែរ ឬ​ទេ?។

Le roi Salmane d'Arabie saoudite présente le budget 2017 du pays, le 22 décembre 2016.
Le roi Salmane d'Arabie saoudite présente le budget 2017 du pays, le 22 décembre 2016. Saudi Press Agency/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

មុន​នឹង​និយាយ​ពី​ការ​ជួប​ជជែក​គ្នា​ដោយ​ផ្ទាល់​រវាង​ប្រទេស​អារ៉ាប៊ីសាអូឌីត និង​ប្រទេស​អ៊ីរ៉ង់​នៅ​ក្នុង​ទីក្រុង​បាកដាក ប្រទេស​អ៊ីរ៉ាក់​កាល​ពី​ថ្ងៃទី៩ មេសា​កន្លង​ទៅ​ថ្មីៗ​នេះ គេ​គួរ​ត្រឡប់​ក្រោយ​មើល​ពី​មូលហេតុ​ដែល​បាន​ជំរុញ​ឲ្យ​ប្រទេស​ទាំង​ពីរ​ផ្តើម​មើល​មុខ​គ្នា​លែង​ចំ​ជា​ថ្មី​កាល​ពី ៥ឆ្នាំ​មុន។ កាល​ពី ៥ឆ្នាំ​មុន​ក្នុង​ថ្ងៃទី៣ មករា ឆ្នាំ ២០១៦ រដ្ឋមន្រ្តី​ការបរទេស​អារ៉ាប៊ីសាអូឌីត​បាន​ប្រកាស​កាត់​ផ្តាច់​ទំនាក់ទំនង​ការទូត​ជាមួយ​អ៊ីរ៉ង់។ ការ​សម្រេច​របស់​ទីក្រុង​រីយ៉ាដ​កាល​ណោះ​បាន​ធ្វើ​ឡើង ក្រោយ​ពី​មាន​បាតុកម្ម​ហិង្សា​វាយប្រហារ​លើ​ស្ថានទូត​អារ៉ាប៊ីសាអូឌីត​ក្នុង​ទីក្រុង​តេហេរ៉ង់​ពី​សំណាក់​ប្រជាជន​អ៊ីរ៉ង់។

ចំណែក​កំហឹង​របស់​ប្រជាជន​អ៊ីរ៉ង់​ពេល​នោះ​បាន​ធ្វើ​ឡើង ក្រោយ​ពី​រដ្ឋអំណាច​អារ៉ាប៊ីសាអូឌីត​បាន​ប្រហារ​ជីវិត​ប្រមុខ​សាសនា​អ៊ីស្លាម​និកាយ​ឈីអ៊ីត​ជនជាតិ​អារ៉ាប៊ីសាអូឌីត​ឈ្មោះ នីម អាល់ នីម​ក្នុង​ថ្ងៃទី២ មករា ឆ្នាំ ២០១៦។ នីម អាល់ នីម​ជា​សកម្មជន​ប្រឆាំង​ម្នាក់​ដែល​មិន​ញញើត​រិះគន់ ទិតៀន​រដ្ឋអំណាច​ក្រុង​រីយ៉ាដ​ដោយ​មិន​សំចៃ​មាត់។ នេះ​ហើយ​ជា​ដើមចម​ដែល​បាន​រុញ​អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់​ឲ្យ​អង្គុយ​បែរ​ខ្នង​ដាក់​គ្នា​ជា​ថ្មី​ក្នុង​រយៈពេល ៥ឆ្នាំ​កន្លង​ទៅ។ ៥ឆ្នាំ​ក្រោយ​មក អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់​ហាក់​កំពុង​ព្យាយាម​បែរ​មុខ​រក​គ្នា​ជា​ថ្មី​ដោយ​បាន​ជួប​ជជែក​គ្នា​ដោយ​ផ្ទាល់​លើកទី១ កាល​ពី​ថ្ងៃទី៩ មេសា​កន្លង​ទៅ​ថ្មីៗ​នេះ​នៅ​ក្នុង​ទីក្រុង​បាកដាដ ប្រទេស​អ៊ីរ៉ាក់។

តាម​ក្រុម​មនុស្សជំនិត​របស់​នាយករដ្ឋមន្រ្តី​អ៊ីរ៉ាក់ ជំនួប​អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់​បាន​ធ្វើ​ឡើង​រវាង​មន្រ្តី​នៃ​ក្រសួង​ស៊ើបការណ៍​សម្ងាត់ និង​បាន​ជជែក​គ្នា​លើ​គ្រប់​ប្រធានរឿង​ចម្រូងចម្រាស។ លោក​ហ៊ូសេន អ៊ីប៊ីស អ្នក​វិភាគ​នៅ Arab Gulf States Institude ក្នុង​ក្រុង​វ៉ាស៊ីនតោន​បាន​យល់​ឃើញ​ថា ការ​ផ្តើម​មាន​ជំនួប​គ្នា​ឡើង​វិញ​រវាង​អារ៉ាប៊ីសាអូឌីត បនិង​អ៊ីរ៉ង់​ពេល​នេះ​មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ។ មិន​ភ្ញាក់ផ្អើល​ដោយ​លោក​អ៊ីប៊ីស​បាន​សង្កេត​ឃើញ​ថា តាំង​ពី​មួយ​ឆ្នាំ​កន្លះ​កន្លង​ទៅ​ដែល​អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់​បាន​ផ្តើម​បោះ​ជំហាន​ខ្លី​រក​គ្នា​បន្តិច​ម្តងៗ​ដើម្បី​បង្កើត​ឲ្យ​មាន​បរិយាកាស​ល្អ និង​ធូរស្រាល​ក្នុង​ទិសដៅ​ឈាន​ទៅ​មាន​កិច្ចសន្ទនា​ផ្លូវការ​ជា​ថ្មី​នា​ពេល​នេះ។

អ្វី​ជា​ការ​កត់សម្គាល់ ការ​រំកិល​រក​គ្នា​ជា​ថ្មី​រវាង​អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់​បាន​ធ្វើ​ឡើង ខណៈ​ដែល​ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​ចង់​ផ្តល់​សន្ទុះ​ជា​ថ្មី​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះ​ហត្ថលេខា​ឆ្នាំ ២០១៥ និង​ចង់​កាត់​បន្ថយ​ភាព​តានតឹង​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា។ តែ​ក្រុម​អ្នក​វិភាគ​បាន​មើល​ឃើញ​ថា គឺ​ក្រោយ​រង​ការ​វាយប្រហារ​ដោយ​ដ្រូន​បាញ់​ចេញ​ពី​ទឹកដី​អ៊ីរ៉ង់​លើ​ទីតាំង​ប្រេង​យុទ្ធសាស្រ្ត​អារ៉ាប៊ីសាអូឌីត​ចំនួន ២ ផ្ទួន​គ្នា​ក្នុង​ខែ​កញ្ញា ឆ្នាំ ២០១៩ ដែល​បាន​ធ្វើ​អារ៉ាប៊ីសាអូឌីត​មាន​ការ​ភ្ញាក់​ខ្លួន​ខ្លាំង។ ទន្ទឹម​នឹង​រង​ការ​វាយប្រហារ​លើ​ទីតាំង​ប្រេង​យុទ្ធសាស្រ្ត​របស់​ខ្លួន អារ៉ាប៊ីសាអូឌីត​ក៏​បារម្ភ​ពី​កំណើន​វាយប្រហារ​លើ​នាវា​ដឹកប្រេង​នៅ​តាម​ច្រក​សមុទ្រ Ormuz ដែល​ប្រហែល​មាន​អ៊ីរ៉ង់​នៅ​ពី​ក្រោយ​ដែរ។

គួរ​រម្លឹក​ថា ភាព​តានតឹង​រវាង​អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់​បាន​ឡើង​ដល់​កំពូល​ក្នុង​ជំនាន់​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ។ តែ​អារ៉ាប៊ីសាអូឌីត​ហាក់​បាន​ដឹង​ខ្លួន​ថា ល្បែង​ដែល​លោក​ត្រាំ​បាន​លេង​ជាមួយ​អ៊ីរ៉ង់​បាន​ធ្វើ​ឲ្យ​ខ្លួន​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្លាំង​ណាស់ និង​យល់​ឃើញ​ថា សង្រ្គាម​ប្រឆាំង​នឹង​អ៊ីរ៉ង់​នឹង​បង្ក​ភាព​មហន្តរាយ​ធ្ងន់ធ្ងរ​ដល់​ខ្លួន​ដោយ​មិន​ប្រាកដ​ទទួល​បាន​ការ​ការពារ​ពី​អាមេរិក​ដូច​ក្នុង​អតីតកាល​ឡើយ។ ពី​ខាង​អ៊ីរ៉ង់​វិញ ការ​ប្រើ​សម្តី​ចំពោះ​អារ៉ាប៊ីសាអូឌីត​ក៏​មាន​ការ​ផ្លាស់ប្តូរ​ដោយ​មាន​ភាព​ស្រទន់​ជាង​មុន។ វា​ពិត​ជា​រឿង​ល្អ​ណាស់​ដែល​ប្រទេស​អ៊ីស្លាម​ជា​ជង្រុក​ប្រេងកាត​ដូច​គ្នា​ទាំង​ពីរ​ត្រូវ​រ៉ូវ​គ្នា។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា អារ៉ាប៊ីសាអូឌីត​ដែល​ជា​ប្រទេស​អ៊ីស្លាម​ស៊ុយនីត និង​អ៊ីរ៉ង់​ដែល​ជា​ប្រទេស​អ៊ីស្លាម​ឈីអ៊ីត​នៅ​បន្ត​ជា​គូប្រជែង​ដណ្តើម​គ្នា​សោយរាជ្យ​នៅ​ក្នុង​តំបន់​ដើម្បី​ការពារ​ប្រយោជន៍​សាសនា​រៀងៗ​ខ្លួន។

រូបភាព​ប្រជែង​គ្នា​នេះ​បាន​កើត​មាន​តាំង​ពី ៤២ឆ្នាំ​មក​ហើយ ពោល​តាំង​ពី​ក្រោយ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់​ក្នុង​ឆ្នាំ ១៩៧៩ មក​ម្ល៉េះ។ ក្នុង​រយៈពេល ៤២ឆ្នាំ​កន្លង​ទៅ ក្រុង​រីយ៉ាដ និង​ក្រុង​តេហេរ៉ង់​តែង​ចេញ​មុខ​ឈឺ​ឆ្អាល​នឹង​ជម្លោះ​នៅ​ក្នុង​តំបន់​ដែល​មាន​លក្ខណៈ​សាសនា ពោល​រវាង​សហគមន៍​សាសនា​អ៊ីស្លាម​និកាយ​ស៊ុយនីត និង​សហគមន៍​សាសនា​អ៊ីស្លាម​និកាយ​ឈីអ៊ីត។ ជាក់ស្តែង​ជម្លោះ​ផ្ទៃក្នុង​នៅ​ប្រទេស​យេម៉ែន​ដែល​អារ៉ាប៊ីសាអូឌីត​ធ្វើ​សង្រ្គាម​ប្រឆំាង​នឹង​ពួក​ឧទ្ទាម​ហ៊ូទី្ស​និកាយ​ឈីអ៊ីត និង​ដែល​ត្រូវ​បាន​អ៊ីរ៉ង់​ធ្វើ​ការ​វាយបក​វិញ​តាម​គ្រប់​រូបភាព។ បន្ទាប់​មក​ជម្លោះ​ផ្ទៃក្នុង​នៅ​ប្រទេស​ស៊ីរី​ដែល​អារ៉ាប៊ីសាអូឌីត​គាំទ្រ​ក្រុមប្រឆំាង ខណៈ​ដែល​អ៊ីរ៉ង់ និង​ចលនា​ហេស្បូឡាលីបង់​គំាទ្រ​រដ្ឋាភិបាល។

រំងាប់​ភាព​តានតឹង និង​បង្កើន​ការ​ទុក​ចិត្ត​គ្នា​ឡើង​វិញ​ជា​រឿង​ដែល​អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់​ចង់​បាន​ដូច​គ្នា។ បន្ទាប់​ពី​ការ​ជជែក​គ្នា​លើក​ទី១ បណ្តាញ​សារព័ត៌មាន​អ៊ីរ៉ង់​បាន​លើក​ឡើង​ពី​ការ​ត្រៀម​ជជែក​គ្នា​លើកទី២ ទៀត​នា​សប្តាហ៍​នេះ។ តែ​គេ​ក៏​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ការ​ប្រជែង​ដណ្តើម​ឥទ្ធិពល​គ្នា​ដើម្បី​ភ្នំ​មួយ​គ្មាន​ខ្លា​ពីរ​នៅ​ក្នុង​តំបន់​បន្ត​ជា​មហិច្ឆិតា​គ្មាន​ថ្ងៃ​លះបង់​បាន​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ