អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីបានជាអាមេរិក និងតួកគីប្រជែងគ្នាចង់ឲ្យអូទ្រីសបញ្ជូនអ្នកជំនួញតួកគីម្នាក់ទៅឲ្យខ្លួន?

ចុះផ្សាយ​នៅ​ថ្ងៃ៖

អ្នកជំនួញ​តួកគី​ម្នាក់​ឈ្មោះ​សេហ្ស៊ីន បារ៉ាន កូរម៉ា​ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ប្រទេស​អូទ្រីស​កំពុង​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​អាមេរិក និង​តួកគី​ចង់​បាន​ដូច​គ្នា។ តើ​អាមេរិក ឬ​តួកគី​ដែល​អូទ្រីស​ត្រូវ​បញ្ចូន​លោក​សេហ្ស៊ីន បារ៉ាន ក័រម៉ា​ទៅ​ឲ្យ?។ តុលាការ​អូទ្រីស​នឹង​ផ្តល់​ចម្លើយ​ចំពោះ​សំណួរ​នេះ​នា​ពេល​ខាង​មុខ។ តែ​ទោះ​ជា​តុលាការ​អូទ្រីស​ត្រូវ​សម្រេច​យ៉ាង​ណា​ក៏​ដោយ​ក៏​គេ​អាច​និយាយ​បាន​ថា រឿងរ៉ាវ​មួយ​នេះ​នឹង​បង្ក​ឲ្យ​មាន​ភាព​តានតឹង​បន្ថែម​ទៀត​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​អង់ការ៉ា។ តើ​អ្នកជំនួញ​តួកគី​រូប​នេះ​ជា​នរណា?

ជំនួប​ទ្វេភាគី​រវាង​ប្រធានាធិបតី​អាមេរិក​លោក​បៃដិន និង​សមភាគីតួកគី​លោក​អ៊ែរដូហ្កាន​នា​ឱកាស​ជំនួបកំពូល​អង្គការ​ណាតូ​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្សិក ថ្ងៃទី១៤ មិថុនា ២០២១។
ជំនួប​ទ្វេភាគី​រវាង​ប្រធានាធិបតី​អាមេរិក​លោក​បៃដិន និង​សមភាគីតួកគី​លោក​អ៊ែរដូហ្កាន​នា​ឱកាស​ជំនួបកំពូល​អង្គការ​ណាតូ​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្សិក ថ្ងៃទី១៤ មិថុនា ២០២១។ AP - Patrick Semansky
ផ្សាយពាណិជ្ជកម្ម

អ្នក​ជំនួញ​តួកគី​រូប​ណា​មិន​ដឹង​ទេ តែ​បើ​អ្នក​ជំនួញ​តួកគី​លោក​សេហ្ស៊ីន បារ៉ាន ក័រម៉ា​ពិត​ជា​អ្នក​ជំនួញ​មិន​ធម្មតា​ឡើយ។ មិន​ធម្មតា ព្រោះ​រូប​គាត់​ជា​បេះដូង ឬ​ថា​ជា​ដើមចម​នៃ​រឿងអាស្រូវ​ហិរញ្ញវត្ថុ​ជា​ច្រើន។ រឿង​អាស្រូវ​មួយ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ដឹកនាំ​កម្មវិធី​ព័ត៌មាន​ទូរទស្សន៍​តួកគី​ម្នាក់​អស់​ការងារ​ធ្វើ និង​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ដ៏​មាន​ឥទ្ធិពល​របស់​ប្រធានាធិបតី​តួកគី​លោក​អ៊ែរដូហ្កាន​កំពុង​ទើសទាល់​ចិត្ត។ បន្ទាប់​ពី​បាន​ភៀសខ្លួន​ទៅ​កាន់​ប្រទេស​អូទ្រីស​ក្នុង​ខែ​ធ្នូ ឆ្នាំ ២០២០ លោក​បារ៉ាន ក័រម៉ា​ត្រូវ​បាន​ប៉ូលិស​អូទ្រីស​ចាប់​ខ្លួន​ក្នុង​ថ្ងៃទី១៩ មិថុនា ឆ្នាំ ២០២១ តាម​សំណើ​របស់​អាមេរិក។ ក្រុម​រដ្ឋអាជ្ញា​អាមេរិក​បាន​ចោទ​លោក​បារ៉ាន ក័រម៉ា និង​ក្រុម​មនុស្សឃុបឃិត​នៅ​អាមេរិក​ពី​បទ​បាន​លាងលុយ​កខ្វក់​ជាង ១១២លានអឺរ៉ូ​ដែល​ទទួល​បាន​ដោយ​ខុស​ច្បាប់​ពី​គណនី​នៅ​តួកគី និង​នៅ​លុចសំបួរ។

តាម​ក្រុម​រដ្ឋអាជ្ញា​អាមេរិក​ដដែល លោក​បារ៉ាន ក័រម៉ា​បាន​ប្រើ​លុយ​កខ្វក់​ទាំង​នេះ​ដើម្បី​ទិញ​ក្រុមហ៊ុន​អាកាសចរណ៍​តួកគី​ឈ្មោះ Borajet ទិញ​សណ្ធាគារ​នៅ​តួកគី និង​នៅ​ស៊្វីស រួម​ទាំង​ទិញ​ផ្ទះសម្បែង​ជា​ច្រើន​នៅ​ក្នុង​ក្រុង​អ៊ីស្តង់ប៊ូល។ តែ​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​អ្នក​កាសែត​តួកគី​ម្នាក់​ពី​ពន្ធនាគារ​អូទ្រីស​ដែល​លោក​បារ៉ាន ក័រម៉ា​កំពុង​ជាប់​ឃុំ អ្នក​ជំនួញ​តួកគី​រូប​នេះ​បាន​ច្រានចោល​លើ​ការ​ចោទ​ប្រកាន់​ទាំង​នេះ​របស់​ក្រុម​រដ្ឋអាជ្ញា​អាមេរិក រួច​មិន​ភ្លេច​បញ្ជាក់​ទេ​ថា លោក​ចង់​វិល​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​លោក​វិញ ទោះ​បី​ជា​រដ្ឋអំណាច​តួកគី​កំពុង​ស្វែង​ចាប់​ខ្លួន​លោក​ក៏​ដោយ។ មន្រ្តី​ទូត​តួកគី​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ស្ថានទូត​តួកគី​ប្រចាំ​ប្រទេស​អូទ្រីស​បាន​ប្រាប់ AFP ថា ក្រុង​អង់ការរ៉ា​ចង់​កាត់​ទោស​លោក​បារ៉ាន ក័រម៉ា​ពី​បទ​លាងលុយកខ្វក់។

តាម​ទីភ្នាក់ងារ​សារព័ត៌មាន​តួកគី DHA ក្រុង​អង់ការ៉ា​បាន​បញ្ជូន​ទៅ​ឲ្យ​រដ្ឋអំណាច​ក្រុង​វីយែន​រួច​ហើយ​នូវ​សំណើ​សុំ​ធ្វើ​បត្យាប័ន​លោក​បារ៉ាន ក័រម៉ា។ គេ​នៅ​មិន​ទាន់​ដឹង​ពី​ការ​សម្រេច​យ៉ាង​ណា​របស់​តុលាការ​អូទ្រីស​ទេ។ តែ​បើ​តុលាការ​អូទ្រីស​សម្រេច​បញ្ជូន​លោក​បារ៉ាន ក័រម៉ា​ឲ្យ​ត្រឡប់​ទៅ​តួកគី​វិញ នោះ​លទ្ធភាព​នៃ​ការ​ធ្វើ​បត្យាប័ន​លោក​បារ៉ាន ក័រម៉ា​ពី​តួកគី​ទៅ​ឲ្យ​អាមេរិក​ជា​រឿង​មិន​អាច​ទៅ​រួច​ទេ​ដោយសារ​តែ​ភាព​ខុស​គ្នា​ផ្លូវច្បាប់​រវាង​ប្រទេស​ទាំង​ពីរ។ ចូរ​កុំ​ភ្លេច​ថា តួកគី​ធ្លាប់​បាន​ស្នើ​ឲ្យ​អាមេរិក​បញ្ជូន​មេប្រឆាំង​តួកគី​លោក Fethullah Gülen ទៅ​ឲ្យ​ខ្លួន​ដែរ តែ​អាមេរិក​បដិសេធ។ សំណួរ​ដែល​បាន​ចោទ​ឡើង​ពេល​នេះ​គឺ​ថា ចុះ​បើ​តួកគី​ក៏​ចង់​កាត់​ទោស​លោក​បារ៉ាន ក័រម៉ា​ក្នុង​បទ​លាងលុយ​កខ្វក់​ដូច​អាមេរិក​ដែរ​នោះ ហេតុអ្វី​បាន​ជា​អាមេរិក​ចង់​ដណ្តើម​លោក​បារ៉ាន ក័រម៉ា​ពី​តួកគី​ទៅ​កាត់​ទោស​នៅ​ក្នុង​សំណុំរឿង​ដូច​គ្នា​នេះ?។

តាម​ពិត​ទៅ រឿងរ៉ាវ​រវាង​លោក​បារ៉ាន ក័រម៉ា និង​អាមេរិក​ទាក់ទង​នឹង​ការ​លាង​លុយ​កខ្វក់​គ្រាន់​ជា​រឿង​មួយ​ជ្រុង​ប៉ុណ្ណោះ ព្រោះ​បើ​តាម​អង្គការ​ក្រៅរដ្ឋាភិបាល​មួយ ឈ្មោះ​លោក​សេហ្ស៊ីន បារ៉ាន ក័រម៉ា​បាន​ស្ថិត​ក្នុង​បញ្ជី​នៃ​ក្រុម​ឥស្សរជន​ដែល​តួកគី​ប្រើ​ដើម្បី​ទទួល​បាន​ការ​ជឿ​ទុកចិត្ត និង​ការ​អនុគ្រោះ​ពី​លោក​ដូណាល់ ត្រាំ​ចំពោះ​តួកគី ក្រោយ​ពី​លោក​ត្រាំ​បាន​ជាប់​ឆ្នោត​ប្រធានាធិបតី​អាមេរិក​ក្នុង​ឆ្នាំ ២០១៦។ តាម​អង្គការ​ក្រៅរដ្ឋាភិបាល​មួយ​នេះ​ដដែល លោក​បារ៉ាន ក័រម៉ា​ជា​អ្នក​ជួយ​សម្រួល​ឲ្យ​ក្រុម​ឥស្សរជន​អាមេរិក​ដែល​ស្និទ្ធិ​នឹង​លោក​ត្រាំ​ធ្វើ​ដំណើរ​ទៅ​កាន់​តួកគី​ក្នុង​ឆ្នាំ ២០១៨ ដើម្បី​ទទួល​បាន​ការ​ដោះលែង​គ្រូគង្វាលអាមេរិក​លោក Andrew Brunson ដែល​ជាប់​ឃុំឃាំង​ក្នុង​ទឹកដី​តួកគី។ អ៊ីចឹង​ហើយ​បាន​ជា​មាន​ការ​លើក​ឡើង​ថា ការ​ប្រទាញប្រទង់​គ្នា​រវាង​តួកគី និង​អាមេរិក​ជុំវិញ​លោក​បារ៉ាន ក័រម៉ា​ពេល​នេះ​មាន​បង្កប់​ដោយ​រឿង​នយោបាយ​ជាង​រឿងអាស្រូវ​របស់​លោក​បារ៉ាន ក័រម៉ា​ទៅ​ទៀត។

ដូច្នេះ​ចង់ ឬ​មិន​ចង់ ទំនាក់ទំនង​រវាង​អាមេរិក និង​តួកគី​ដែល​កំពុង​ល្អក់កករ​ស្រាប់​ដោយ​សំណុំរឿង​មួយ​ចំនួន​នឹង​រឹត​តែ​ឡើង​តានតឹង​មួយ​កម្រិត​ទៀត​ជាមួយ​នឹង​រឿងរ៉ាវ​លោក​បារ៉ាន ក័រម៉ា​ពេល​នេះ។ គួរ​រម្លឹក​ថា​កន្លង​មក មាន​សំណុំរឿង​ជា​ច្រើន​ដែល​បាន​បំពុល​ទំនាក់ទំនង​រវាង​ក្រុង​អង់ការ៉ា និង​ក្រុង​វ៉ាស៊ីនតោន ពិសេស​ការ​កាត់ទោស​លើ​ធនាគារ​តួកគី​មួយ​នៅ​អាមេរិក​ពី​បទ​បំពាន​ទណ្ឌកម្ម​ប្រឆាំង​អ៊ីរ៉ង់ និង​ការ​ដែល​តួកគី​បាន​ទិញ​គ្រាប់មីស៊ីល​រុស្ស៊ី។ សម្រាប់​ប្រធានាធិបតី​តួកគី​លោក​អ៊ែរដូហ្កាន រឿងរ៉ាវ​ជុំវិញ​អ្នកជំនួញ​តួកគី​លោក​បារ៉ាន ក័រម៉ា​ពេល​នេះ​មិនមែន​ជា​ដំណឹង​ល្អ​សម្រាប់​លោក​ទេ។ មិនមែន​ជា​ដំណឹង​ព្រោះ​វា​បាន​កើត​មាន​ឡើង ចំ​ពេល​ដែល​លោក​កំពុង​ព្យាយាម​កាត់​បន្ថយ​ភាព​តានតឹង​ជាមួយ​អាមេរិក និង​អឺរ៉ុប​ដើម្បី​ទាក់ទាញ​ក្រុម​អ្នក​វិនិយោគ​បរទេស និង​ស្តារ​សេដ្ឋកិច្ច​តួកគី​ឡើង​វិញ។

« អ៊ែរដូហ្កាន​កំពុង​ស្ថិត​ក្នុង​ដំណាក់ការ​នៃ​ការ​ផ្សះផ្សារ​ជាមួយ​អាមេរិក និង​ព្យាយាម​រំងាប់​ភាព​តានតឹង​ដើម្បី​ទទួល​បាន​ការ​ឆ្លើយ​តប​ផ្នែក​សេដ្ឋកិច្ច » នេះ​ជា​ការ​យល់​ឃើញ​របស់​លោក Max Hoffman ពី Center for American Progress៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ