អានតួអត្ថបទ
លីប៊ី-តួកគី-រុស្ស៊ី

អាមេរិក​ប្រាប់តួកគី និង​រុស្ស៊ី​ឲ្យ​ដកទ័ព និង​ទាហានស៊ីឈ្នួល​ពីទឹកដី លីប៊ី

រដ្ឋបាលអាមេរិក​ថ្មី​របស់​លោក​ចូ បៃដិន​បានបង្ហាញជំហរច្បាស់ នៅក្នុង​វិបត្តិលីប៊ី។ នៅក្នុង​កិច្ចប្រជុំ​របស់ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ សហរដ្ឋអាមេរិក តាមរយៈ ឯកអគ្គរដ្ឋទូតអាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ បាន​និយាយចំៗ ប្រាប់​ឲ្យ​តួកគី និង​រុស្ស៊ី ចាប់ផ្តើម​ដក​កងទ័ព ឬ​ទាហានស៊ីឈ្នួល​របស់ខ្លួន ចេញពី​ទឹកដី លីប៊ី ជា​បន្ទាន់។ នៅថ្ងៃ​ម្សិលមិញ ​ក្រុមប្រឹក្សាសន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ បាន​បោះឆ្នោត​លើ​សេចក្តីសម្រេច​មួយដែរ ទាមទារ​ឲ្យ​កងទ័ព​បរទេស ដកខ្លួន​ចេញពី​ប្រទេស​លីប៊ី ដើម្បី​បើកផ្លូវ ទុក​ឲ្យ​ភាគីជម្លោះ នៅលីប៊ី ដោះស្រាយ បញ្ហា​ដោយខ្លួនឯង ដោយ​គ្មានអន្តរាគមន៍​លូកដៃ​ពីបរទេស។ 

ប្រធានាធិបតី រុស្ស៊ី លោក​វ្លាឌីមៀរពូទីន ជួបលោកប្រធានាធិបតី តួកគី លោក​អ៊ែរដូហ្កាន នៅពេល​រុស្ស៊ី​ធ្វើ​ជាម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​រវាង​ភាគីជម្លោះ​លីប៊ី នៅទីក្រុង​ម៉ូស្គូ ឆ្នាំ ២០២០
ប្រធានាធិបតី រុស្ស៊ី លោក​វ្លាឌីមៀរពូទីន ជួបលោកប្រធានាធិបតី តួកគី លោក​អ៊ែរដូហ្កាន នៅពេល​រុស្ស៊ី​ធ្វើ​ជាម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​រវាង​ភាគីជម្លោះ​លីប៊ី នៅទីក្រុង​ម៉ូស្គូ ឆ្នាំ ២០២០ AP - Lefteris Pitarakis
ផ្សាយពាណិជ្ជកម្ម

ផ្ទុយពី​រដ្ឋបាល​លោកដូណាល់ ត្រាំ ដែល​ហាក់​មាន​ជំហរ​ស្រពិចស្រពិល ក្នុង​សំណុំរឿង​លីប៊ី ដោយសារតែ នយោបាយចង់​ដកខ្លួន​របស់​អាមេរិក​ចេញពី​តំបន់អាហ្វ្រិក រដ្ឋាភិបាល​អាមេរិក​របស់លោក​ចូ បៃដិន​វិញ បាន​បញ្ជាក់ច្បាស់​ពី​ជំហរ​របស់​អាមេរិក នៅក្នុង​ជម្លោះ​លីប៊ី ដែល​ជា​ប្រធានបទ​សំខាន់ នៅក្នុង​កិច្ចប្រជុំ របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ។

នៅក្នុង​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​សន្តិសុខ កាលពីថ្ងៃ​ម្សិលមិញ ​អគ្គរដ្ឋទូតអាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ បាន​និយាយ​ប្រាប់​ទៅ​តួកគី និង រុស្ស៊ី ឲ្យចាប់ផ្តើម​ជាបន្ទាន់ ដកកងទ័ព ទាហានស៊ីឈ្នួល​បរទេស ដែល​ពួកគេ​បាន​រើសបញ្ចូល ជួលជាប្រាក់ និង​ដាក់​ពង្រាយ​ក្នុង​ទឹកដី លីប៊ី។

តាម​អគ្គរដ្ឋទូតអាមេរិក រុស្ស៊ី តួកគី អេមីរ៉ា អារ៉ាប់រួម ត្រូវ​គោរព​អធិបតេយ្យភាព​របស់​លីប៊ី និង​ឈប់ធ្វើ​អន្តរាគមន៍​យោធា នៅ លីប៊ី​តទៅទៀត។ ទៅតាម កិច្ចព្រមព្រៀង ស្តីពីបទ​ឈប់បាញ់ ដែល​ចុះ​ហត្ថលេខា នៅ​ខែ តុលា ឆ្នាំ មុន ដោយ​ភាគីប្រយុទ្ធ​ទាំងសងខាង កងទ័ព​បរទេស និង​ទាហាន​ស៊ីឈ្នួល ត្រូវ​ចាកចេញ​ពីលីប៊ី យ៉ាងយូរ ក្នុង​រយៈពេល ៣ខែ។ កាលកំណត់​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី ២៣​មករា​ចុង​សប្តាហ៍នេះ ប៉ុន្តែ គេ​គ្មាន​ឃើញ​សញ្ញា​ដកកងទ័ព​បរទេស​ណាមួយនោះទេ។

នៅ​ខែ​ធ្នូ​កន្លងទៅ អង្គការ​សហប្រជាជាតិ​បាន​ប៉ាន់ស្មានថា មានទាហាន​ស៊ីឈ្នួល និង​កងទ័ព​បរទេស ប្រមាណ ២ម៉ឺននាក់ មាន​វត្តមាន ក្នុង​ទឹកដី លីប៊ី ដើម្បី​ជួយប្រយុទ្ធ​ឲ្យ​គូភាគីជម្លោះ នៅ​លីប៊ី។ ក្នុង​ចំណោម​ទាហាន​បរទេស គេ​សំគាល់​ឃើញ​មានទាហាន​ស៊ីឈ្នួល​ជាតិ រុស្ស៊ី ស៊ូដង់ ឆាត ហើយនិង​ពួកឧទ្ទាម​ស៊ីរី ដែល​តួកគី​បញ្ជូន ទៅ​លីប៊ី។

នៅក្នុង​សង្រ្គាមស៊ីវិល​លីប៊ី ដែល​លែង​ជា​សង្រ្គាម​ប្រយុទ្ធគ្នា​រវាង​ជនជាតិ លីប៊ី ទាហាន​បរទេស និង​ទាហាន​ស៊ីឈ្នួល មាន​វត្តមាន​នៅ​គ្រប់កន្លែង។ ទៅតាម​កិច្ចព្រមព្រៀង​យោធា ជាមួយ រដ្ឋាភិបាលជាតិ​លីប៊ី ដែល​កាន់កាប់​តំបន់ភាគខាងកើត​លីប៊ី តួកគី​បាន​បញ្ជូន​ទ័ព ទៅ​ជួយ​រដ្ឋាភិបាលជាតិ​លីប៊ី។ ចំណែក រុស្ស៊ី អេមីរ៉ា អារ៉ាប់រួម អេហ្ស៊ីប ផ្តល់ជំនួយ​យោធា​ដល់​មេដឹកនាំ ហាហ្វតា ដែល​គ្រប់គ្រង តំបន់ខាងលិច​លីប៊ី។

ឯកអគ្គរដ្ឋទូត​រុស្ស៊ី បានបដិសេធ ថា គ្មាន​កងទ័ព​ពាក់ឯកសណ្ឋាន​រុស្ស៊ី​នៅទឹកដី​លីប៊ី​នោះទេ ប៉ុន្តែ លោក​ក៏មិន​ប្រកែកដែរ ពីរឿង​វត្តមាន​ទាហានស៊ីឈ្នួល​រុស្ស៊ី នៅ​លីប៊ីនោះ។ នៅក្នុង​សេចក្តីសម្រេច​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រុមប្រឹក្សា​សន្តិសុខ ដែល​មាន​ផងដែរ​រុស្ស៊ី បារាំង ឥណ្ឌា បានទាមទារ​ឲ្យ​គេ​ដក​ជាបន្ទាន់ កងទ័ព និង​ទាហាន​ស៊ីឈ្នួល​ចេញពី លីប៊ី ដើម្បី បើក​ផ្លូវ​ឲ្យ​ភាគីជម្លោះលីប៊ី ចាប់ផ្តើម​ចរចាផ្នែក​នយោបាយ នៅប៉ុន្មាន​ថ្ងៃ​ខាងមុខ នៅទីក្រុង​ហ្សឺណែវ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ