អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អ្វីទៅជាដើមចមនៃការផ្ទុះកំហឹងរបស់ប្រជាជននៅក្នុងប្រទេសគុយបាពេលនេះ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​គុយបា ក្បួន​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ត្រូវ​បាន​រៀបចំ​នៅ​កន្លែង​ជា​ច្រើន​នៅ​ទូទាំង​ប្រទេស។ នៅ​តាម​ទីក្រុង​មួយ​ចំនួន ក្បួន​បាតុកម្ម​ត្រូវ​បាន​ក្រុម​បាតុករ​ផ្សព្វផ្សាយ​ដោយ​ផ្ទាល់​នៅ​តាម​បណ្តាញ​សង្គម ដូច​យ៉ាង Facebook ឬ Twitter។ ប្រឈម​នឹង​កំហឹង​របស់​មហាជន​ពេល​នេះ ប្រធានាធិបតី​លោក​មីហ្គែល ឌីយ៉ា កានែល​បែរ​ជា​បាន​ចេញ​មុខ​ការពារ​បដិវត្តន៍ និង​អំពាវនាវ​ឲ្យ​ក្រុម​អ្នកបដិវត្តន៍​ចុះ​ផ្លូវ​ដើម្បី​ប្រឆាំង​នឹង​ពួក​បាតុករ​ដែល​លោក​ចាត់​ទុក​ជា​អ្នក​ប្រឆាំង​បដិវត្តន៍។ ទន្ទឹម​គ្នា​នេះ លោក​ឌីយ៉ា កានែល​បាន​ចង្អុល​មុខ​អាមេរិក​ពី​បទ​នៅ​ពី​ក្រោយ​ក្បួន​បាតុកម្ម​ពេល​នេះ។ តែ​អាមេរិក​បាន​ព្រមាន​លោក​ឌីយ៉ា កានែល​ពី​ការ​ប្រើ​អំពើហិង្សា​ប្រឆាំង​នឹង​ក្រុម​បាតុករ​អហិង្សា។ អ្វី​ទៅ​ជា​ដើមចម​នៃ​ការ​ផ្ទុះ​កំហឹង​របស់​ប្រជាជន​នៅ​ក្នុង​ប្រទេស​គុយបា​ពេល​នេះ?។

អ្វីទៅជាដើមចមនៃការផ្ទុះកំហឹងរបស់ប្រជាជននៅក្នុងប្រទេសគុយបាពេលនេះ?
អ្វីទៅជាដើមចមនៃការផ្ទុះកំហឹងរបស់ប្រជាជននៅក្នុងប្រទេសគុយបាពេលនេះ? AP - Daniel A. Varela
ផ្សាយពាណិជ្ជកម្ម

ពេញ​មួយ​ថ្ងៃ​អាទិត្យ ទី១១ កក្កដា មាន​ប្រជាជន​គុយបា​ជា​ច្រើន​រយ ពាន់​នាក់​បាន​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​នៅ​តាម​ទីក្រុង​ជា​ច្រើន​នៅ​ទូទាំង​ប្រទេស។ « យើង​ចង់​បាន​សេរីភាព » « យើង​ឃ្លាន » « ចុះចេញ​ទៅ​ពួក​អ្នកកាន់​អំណាច​ផ្តាច់ការ » នេះ​ជា​សម្រែក​របស់​ក្រុម​បាតុករ​នៅ​ក្នុង​ទីក្រុង​ឡាហាវ៉ាន​ដែល​អំពើហិង្សា​បាន​ផ្ទុះ​ឡើង​រវាង​ក្រុម​បាតុករ និង​កម្លាំង​ប៉ូលិស។ តាម​ការ​កត់សម្គាល់​របស់​អ្នក​កាសែត AFP កម្លាំង​ប៉ូលិស​បាន​គប់​គ្រាប់បែក​បង្ហូរទឹកភ្នែក​ទៅ​លើ​ហ្វូង​បាតុករ និង​បាន​ប្រើ​ទុយយោ​ជ័រ​វាយ​បាតុករ។ ទន្ទឹម​គ្នា​នេះ រដ្ឋអំណាច​បាន​ដាក់​ពង្រាយ​កម្លាំង​ទាហាន និង​ប៉ូលិស​យ៉ាង​ច្រើន​សម្បើម​នៅ​ក្នុង​ទីក្រុង​ឡាហាវ៉ាន។ អ្វី​ជា​ការ​កត់សម្គាល់ មាន​ក្បួន​បាតុកម្ម​មួយ​ចំនួន​ត្រូវ​បាន​ក្រុម​បាតុករ​ផ្សព្វផ្សាយ​ដោយ​ផ្ទាល់​នៅ​តាម​បណ្តាញ​សង្គម ដូច​ជា Faccebook ឬ Twitter ។

ជម្រើស​នៃ​ការ​ផ្សព្វផ្សាយ​របៀប​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​មធ្យោបាយ​មួយ​ដើម្បី​ជួយ​បង្កើន​សន្ទុះ​បាតុកម្ម​នៅ​ក្នុង​ស្រុក និង​ជួយ​ផ្តល់​ការ​ដឹង ឮ ដល់​ប្រជាជន​គុយបា​នៅ​បរទេស រួម​ទាំង​សហគមន៍​អន្តរជាតិ។ តែ​រដ្ឋអំណាច​បាន​ចាត់​ការ​ភ្លាមៗ​ដោយ​បាន​បិទ​ដំណើរការ Facebook និង Twitter រហូត​ដល់​ព្រឹក​ថ្ងៃ​ចន្ទ ទី១២ កក្កដា។ នៅ​ក្នុង​ប្រទេស​កុម្មុយនិស្ត និយាយ​ជា​រួម និង​នៅ​ក្នុង​ប្រទេស​គុយបា និយាយ​ដោយឡែក បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល ឬ​ប្រឆាំង​របប​កុម្មុយនិស្ត​ជា​រឿង​ដ៏​កម្រ​មាន ឬ​មិន​មាន​តែ​ម្តង។ មាន​តែ​ក្រុម​អ្នក​បដិវត្តន៍ និង​ក្រុម​គាំទ្រ​គណបក្ស​កុម្មុយនិស្ត​ទេ​ដែល​មាន​សិទ្ធិ​ប្រមូលផ្តុំ ឬ​ជួបជុំ​គ្នា​ជា​សាធារណៈ។ ចំណែក​ការ​ជួបជុំ ឬ​ការ​ប្រមូល​ផ្តុំ​គ្នា​នេះ​ទៀត​សោត​ក៏​មិនមែន​ដើម្បី​ប្រឆាំង​រដ្ឋាភិបាល ឬ​របប​កុម្មុយនិស្ត​ដែរ។

តែ​នៅ​ពេល​ដែល​ប្រជាជន​ដល់ ក មិន​អាច​ទ្រាំទ្រ​នឹង​ស្ថានការណ៍​ដែល​ពួក​គេ​កំពុង​រស់នៅ​សព្វ​ថ្ងៃ​បាន ជម្រើស​មាន​តែ​ពីរ​គត់​ដែល​ត្រូវ​ជ្រើសរើស ឬ​មួយ​សុខចិត្ត​ទ្រាំរស់​ដោយ​រង់ចាំ​តែ​ថ្ងៃ​ស្លាប់ ឬ​មួយ​ក៏​ក្រោក​ឈរ​តស៊ូ រើបម្រាស់​ក្រែង​អាច​រស់​បាន​បន្ត​ទៀត។ គឺ​ជម្រើស​ចុង​ក្រោយ​នេះ​ហើយ​ដែល​ប្រជាជន​គុយបា​ភាគ​ច្រើន​បាន​ជ្រើស​យក​នៅ​ពេល​នេះ។ គួរ​បញ្ជាក់​ថា គុយបា​ដែល​កំពុង​មាន​វិបត្តិ​សេដ្ឋកិច្ច​ស្រាប់​ត្រូវ​បាន​វិបត្តិ​កូវីដ១៩ រុញ​ទម្លាក់​កាន់​តែ​ជ្រៅ​ថែម​ទៀត​ដែល​គុយបា​មិន​ធ្លាប់​ស្គាល់​គិត​តាំង​ពី ៣០ឆ្នាំ​កន្លង​ទៅ។ ប្រទេស​មាន​ការ​ខ្វះខាត​សព្វគ្រប់ ពិសេស​ស្បៀង​អាហារ និង​ថ្នាំពេទ្យ​ដែល​ជា​ផលិត​ចាំ​បាច់​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ។ នេះ​ដោយ​មិន​បាន​គិត​ពី​កង្វះ​ភ្លើង​អគ្គិសនី​ប្រើប្រាស់​ដែល​បាន​បង្ខំ​រដ្ឋអំណាច​ឲ្យ​កាត់​ភ្លើង​ជា​ច្រើន​ម៉ោង​ក្នុង​មួយ​ថ្ងៃៗ។

ប្រឈម​នឹង​កំហឹង​របស់​ពលរដ្ឋ​ពេល​នេះ ថ្នាក់ដឹកនាំ​កុម្មុយនិស្ត​គុយបា​មិន​បាន​ព្រងើយ​កន្តើយ ហើយ​ក៏​មិន​បាន​មើល​ស្រាល​ដែរ។ ថ្លែង​នៅ​តាម​កញ្ចក់​ទូរទស្សន៍​ក្នុង​ថ្ងៃ​អាទិត្យ ទី១១ កក្កដា ប្រធានាធិបតី​លោក​មីហ្គែល ឌីយ៉ា កានែល​បាន​ទទួល​ស្គាល់​ពី​ការ​លំបាក​របស់​ពលរដ្ឋ និង​ពី​វិបត្តិ​សេដ្ឋកិច្ច​ដែល​ប្រទេស​កំពុង​ជួប​ប្រទះ​សព្វថ្ងៃ។ តែ​បញ្ហា​នៅ​ត្រង់​ថា លោក​កានែល​បាន​ចាត់​ទុក​វិបត្តិ​សេដ្ឋកិច្ច​របស់​គុយបា​សព្វថ្ងៃ​ជា​កំហុស​របស់​អាមេរិក។ ត្រង់​ចំណុច​នេះ លោក​កានែល​ចង់​និយាយ​ពី​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​អាមេរិក​បាន​ដាក់​លើ​គុយបា​តាំង​ពី​ឆ្នាំ ១៩៦២។ ទណ្ឌកម្ម​មួយ​នេះ​ត្រូវ​បាន​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​រឹតបន្តឹង​បន្ថែម​ដោយសារ​រឿង​រំលោភសិទ្ធិមនុស្ស និង​ការ​ដែល​របប​ក្រុង​ឡាហាវ៉ាន​គាំទ្រ​របប​ដឹក​នាំ​នៅ​វ៉េណាស៊ុយអេឡា​របស់​ប្រធានាធិបតី​នីកូឡា ម៉ាឌុយរ៉ូ។

សម្រាប់​ប្រធានាធិបតី​គុយបា​លោក​កានែល បាតុកម្ម​នៅ​គុយបា​ពេល​នេះ​បាន​រៀបចំ​ដោយ​មនុស្ស​មួយ​ក្រុម ពួក​ប្រឆាំង​បដិវត្តន៍ និង​ក្រុម​អ្នក​ស៊ីឈ្នួល​ដែល​រដ្ឋបាល​អាមេរិក​ជា​អ្នក​បង់​លុយ​ឲ្យ។ អ៊ីចឹង​ហើយ​បាន​ជា​នៅ​ពេល​នេះ និង​ដើម្បី​ការពារ​បដិវត្តន៍​នៅ​គុយបា លោក​កានែល​បាន​អំពាវនាវ​ឲ្យ​ក្រុម​សកម្មជន​របស់​លោក និង​អ្នក​គាំទ្រ​បដិវត្តន៍​ចុះ​ផ្លូវ​ដើម្បី​ប្រឆាំង​នឹង​ក្រុម​បាតុករ​ដែល​លោក​ហៅ​ជា​ពួក​ប្រឆាំង​បដិវត្តន៍​ពេល​នេះ។ តែ​រដ្ឋបាល​អាមេរិក​តាម​រយៈ​ទីប្រឹក្សា​សន្តិសុខជាតិ​លោក​ជេក ស៊ូលីវ៉ាន់​បាន​ព្រមាន​គុយបា​ក្នុង​ថ្ងៃ​អាទិត្យ ទី១១ កក្កដា​ពី​ការ​ប្រើ​កម្លាំងបាយ​ដើម្បី​វាយបង្រ្កាប​លើ​ក្រុម​បាតុករ​អហិង្សា។ ការ​ព្រមាន​របស់​លោក​ស៊ូលីវ៉ាន់​ត្រូវ​បាន​ប្រមុខ​ការទូត​គុយបា​វាយ​បក​វិញ​ក្នុង​ថ្ងៃ​ចន្ទ ទី១២ កក្កដា​ថា លោក​ស៊ូលីវ៉ាន់​គ្មាន​អំណាច​នយោបាយ ឬ​សីលធម៌​ដើម្បី​និយាយ​ពី​គុយបា​ទេ។

ចំណែក​រុស្ស៊ី​តាម​រយៈ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​បាន​ចេញ​មុខ​គាំទ្រ​គុយបា​ដោយ​បញ្ជាក់​ថា រុស្ស៊ី​មិន​អាច​ទទួល​យក​បាន​ទេ​ពី​ការ​លូកដៃ​របស់​បរទេស​ចូល​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​គុយបា។ ទោះ​បី​ជា​រុស្ស៊ី​មិន​បាន​និយាយ​ចំ​ឈ្មោះ​អាមេរិក​ក៏​ដោយ​ក៏​គេ​ដឹង​ថា រុស្ស៊ី​ចង់​និយាយ​ទៅ​កាន់​អាមេរិក។ ឃើញ​ថា​ចង់ ឬ​មិន​ចង់ បាតុកម្ម​របស់​ប្រជាជន​គុយបា​ពេល​នេះ​កំពុង​ត្រូវ​បាន​រុស្ស៊ី និង​អាមេរិក​ឆ្លៀត​ឱកាស​ទាញ​យក​ចំណេញ​នយោបាយ និង​ភូមិសាស្រ្ត​រៀងៗ​ខ្លួន។ មែនទែន​ទៅ ការ​លូកដៃ​របស់​អាមេរិក​គាំទ្រ​បាតុករ​ទៅ​លើ​គុយបា​ពេល​នេះ​មិនមែន​ជា​រឿង​ចៃដន្យ​ឡើយ។ មិន​ចៃដន្យ ព្រោះ​អាមេរិក​ចង់​ឃើញ​ការ​ដួលរលំ​របស់​របបដឹកនាំ​នៅ​គុយបា​តាំង​ពី​យូរ​មក​ហើយ។ ដូច្នេះ​សម្រាប់​ក្រុង​វ៉ាស៊ីនតោន អ្វី​ដែល​កំពុង​កើត​មាន​នៅ​គុយបា​ពេល​នេះ​ជា​ឱកាស​មួយ​ល្អ​ណាស់​ដើម្បី​ទម្លាក់​រដ្ឋាភិបាល​ក្រុង​ឡាហាវ៉ាន​តាម​រយៈ​ការ​ងើប​បះបោរ​របស់​ប្រជាជន។

ដូច្នេះ​ដើម្បី​បញ្ជៀស​ពី​ការ​ដួលរលំ រដ្ឋាភិបាល​គុយបា​ត្រូវ​ដោះស្រាយ​លើ​បញ្ហា​ប្រឈម​ដែល​ប្រទេស និង​ប្រជាជន​កំពុង​ជួប​ប្រទះ​ពេល​នេះ​ឲ្យ​បាន​ឆាប់​រហ័ស​បំផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ