អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើឥណ្ឌា ឬប៉ាគីស្ថានដែលទទួលបានផលចំណេញពីការឡើងកាន់អំណាចរបស់ពួកតាលីបង់នៅអាហ្វហ្កានីស្ថាន?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោកអ៊ីមរ៉ាន់ ខាន់
នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោកអ៊ីមរ៉ាន់ ខាន់ AP - Anjum Naveed
ផ្សាយពាណិជ្ជកម្ម

សម្រាប់​ប្រទេស​ប៉ាគីស្ថាន​ក៏​ដូច​ជា​ប្រទេស​ឥណ្ឌា ការ​ឡើង​កាន់​អំណាច​ជា​ថ្មី​របស់​ពួក​តាលីបង់​នៅ​អាហ្វហ្កានីស្ថាន​ពេល​នេះ​មិន​បាន​ធ្វើ​ឲ្យ​អ្នក​ណា​ម្នាក់​ចំណេញ​ផ្តាច់​មុខ ឬ​ខាត​ផ្តាច់​មុខ​ទេ។ តែ​គេ​អាច​និយាយ​បាន​ថា គឺ​ប៉ាគីស្ថាន​ដែល​ជា​អ្នក​ដែល​កំពុង​ទទួល​បាន​ប្រយោជន៍​ត្រឡប់​វិញ និង​មាន​ប្រៀប​លើ​ឥណ្ឌា​ដែល​ជា​គូប្រជែង​ស៊ីសាច់ហុចឈាម​របស់​ខ្លួន​នៅ​ក្នុង​តំបន់។ អ្វី​ដែល​ច្បាស់​មិន​អាច​ប្រកែក​បាន​សម្រាប់​ទីក្រុង​អ៊ីស្លាម៉ាបាត ជ័យជំនះ​របស់​ពួក​តាលីបង់​នៅ​អាហ្វហ្កានីស្ថាន​ពេល​នេះ​មាន​បង្កប់​ដោយ​អត្ថន័យ​ចំនួន​ពីរ ទី១ ជា​ជ័យជំនះ​នៃ​យុទ្ធសាស្រ្ត​របស់​ខ្លួន​លើ​ទីក្រុង​ញូដែលី និង​ទី២ ជា​ជ័យជំនះ​នៃ​ការ​សងសឹក​ប្រវត្តិសាស្រ្ត។

ជា​ជ័យជំនះ​នៃ​យុទ្ធសាស្រ្ត​លើ​ទីក្រុង​ញូដែលី ព្រោះ​តាំង​ពី​អាមេរិក​រំលំ​របប​តាលីបង់​ក្នុង​ឆ្នាំ ២០០១ មក ទីក្រុង​អ៊ីស្លាម៉ាបាត​មិន​ត្រឹម​មិន​បាន​ផ្តាច់​ទំនាក់ទំនង​ជាមួយ​ពួក​តាលីបង់​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បាន​ផ្តល់​ជម្រក​ឲ្យ​ពួក​តាលីបង់​ទៀត​ផង។ ជា​ជ័យជំនះ​នៃ​ការ​សងសឹក​ប្រវត្តិសាស្រ្ត ព្រោះ​សង្រ្គាម​អាមេរិក​នៅ​អាហ្វហ្កានីស្ថាន​បាន​ធ្វើ​ឲ្យ​ប៉ាគីស្ថាន​បាត់បង់​សមរភូមិ​ក្រោយ និង​បាន​អនុញ្ញាត​ឲ្យ​ឥណ្ឌា​ពង្រឹង​ទំនាក់ទំនង​ជាមួយ​អាហ្វហ្កានីស្ថាន និង​អាមេរិក​នា​រយៈពេល ២០ឆ្នាំ​កន្លង​ទៅ​នេះ។ តែ​នៅ​២០ឆ្នាំ​ក្រោយ​មក លេខ​ឆ្នោត​ដែល​ប៉ាគីស្ថាន​បាន​ចាក់​តាំង​ពី​ដើម​ទី​ពិត​ជា​ត្រូវ​មែន។

អ៊ីចឹង​ហើយ​បាន​ជា​នៅ​ក្រោយ​ការ​វាយ​ចូល​ក្រុង​កាប៊ុល​ភ្លាម​របស់​ពួក​តាលីបង់ នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​លោក​អ៊ីមរ៉ាន់ ខាន់​បាន​ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍​ដោយ​រីករាយ​ថា ចៅហ្វាយ​ថ្មី​នៅ​អាហ្វហ្កានីស្ថាន​បាន​បំបែក​សង្វាក់​ទាសភាព​ជាមួយ​បស្ចិមលោក។ ផ្ទុយ​ទៅ​វិញ និង​ខុស​ពី​ប៉ាគីស្ថាន ឥណ្ឌា​មាន​ការ​ខក​ចិត្ត​ជា​ពន់ពេក និង​បាន​ចាត់​ទុក​ជ័យជំនះ​របស់​ពួក​តាលីបង់​ជា​បរាជ័យ​នៃ​យុទ្ធសាស្រ្ត​របស់​ខ្លួន។ ជា​បរាជ័យ​នៃ​យុទ្ធសាស្រ្ត ព្រោះ​គ្រាន់​តែ​របប​តាលីបង់​រលំ​ក្នុង​ឆ្នាំ ២០០១ និង​អាហ្វហ្កានីស្ថាន​មាន​រដ្ឋាភិបាល​ថ្មី​ភ្លាម ទីក្រុង​ញូដែលី​បាន​ចង​សម្ព័ន្ធមិត្ត​ជាមួយ​ទីក្រុង​កាប៊ុល​តាំង​ពី​ជំនាន់​ប្រធានាធិបតី​លោក​ហាមីដ កាហ្សៃ​រហូត​ដល់​លោក​អាស្រាហ្វ ហ្កានី​ដែល​ទើប​រត់ចោល​ស្រុក​នៅ​ពេល​តាលីបង់​វាយ​ចូល​ក្រុង​កាប៊ុល។

គិត​តាំង​ពី​ឆ្នាំ ២០០១ ឥណ្ឌា​បាន​ចំណាយ​លុយ​ប្រមាណ​ជា ៣ ០០០លានដុល្លារ​ដើម្បី​ជួយ​កសាង​ប្រទេស​អាហ្វហ្កានីស្ថាន​ឡើង​វិញ​តាម​រយៈ​ការ​សាងសាង់​សាលារៀន មន្ទីរពេទ្យ គ្លីនិក បណ្តាញអគ្គីសនី ផ្លូវថ្នល់ ឬ​មួយ​ក៏​ទំនប់​វារីអគ្គិសនី។ ជំនួយ​ទាំង​អស់​នេះ​បាន​ធ្វើ​ឲ្យ​ឥណ្ឌា​ក្លាយ​ជា​ប្រទេស​ផ្តល់ជំនួយ​ទី៥ ឲ្យ​អាហ្វហ្កានីស្ថាន។ ដូច្នេះ​វា​ជា​រឿង​ធម្មតា​ដែល​នាយករដ្ឋមន្រ្តី​ឥណ្ឌា​លោក​ណារិនដ្រា ម៉ូឌី​អួត​ដើម ក និយាយ​មិន​ចេញ​នៅ​ពេល​ឃើញ​ពួក​តាលីបង់​ចូល​កាន់​អំណាច​ជា​ថ្មី​ពេល​នេះ។ ភ្លាមៗ​នា​ពេល​នោះ ឥណ្ឌា​បាន​ប្រកាស​បិទទ្វារ​ស្ថានកុងស៊ុល​ចំនួន ៤ និង​ស្ថានទូត​នៅ​ក្នុង​ទីក្រុង​កាប៊ុល រួម​ទាំង​ជម្លៀស​ពលរដ្ឋ​ទាំង​អស់​របស់​ខ្លួន​ចេញ​ពី​ទឹកដី​អាហ្វហ្កានីស្ថាន។

សម្រាប់​ទីក្រុង​ញូដែលី ការ​ធ្លាក់​ទីក្រុង​កាប៊ុល​ក្នុង​ដៃ​តាលីបង់​ជា​ការ​បាត់​បង់​មិត្ត​ម្នាក់ និង​សម្ព័ន្ធមិត្ត​ម្នាក់​នៅ​ក្នុង​តំបន់។ សម្រាប់​ទីក្រុង​អ៊ីស្លាម៉ាបាត វា​ជា​ឱកាស​ល្អ​ដើម្បី​បង្កើន​ឥទ្ធិពល​បន្ថែម ពង្រឹង​ការ​អភិវឌ្ឃន៍​លើ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​អាស៊ីកណ្តាល​តាម​រយៈ​អាហ្វហ្កានីស្ថាន និង​ពង្រឹង​ទម្ងន់​នយោបាយ​របស់​ខ្លួន​នៅ​ក្នុង​តំបន់។ ក្រៅ​ពី​ប៉ាគីស្ថាន ចិន​ដែល​ជា​គូប្រជែង​របស់​ឥណ្ឌា​ក៏​ទទួល​បាន​ផល​ចំណេញ​ពី​ភាព​ក្រឡាប់​ចាក់​នៅ​អាហ្វហ្កានីស្ថាន​ពេល​នេះ​ដែរ។ ផល​ចំណេញ​នោះ គឺ​អវត្តមាន​របស់​អាមេរិក​ដែល​នឹង​អនុញ្ញាត​ឲ្យ​ទីក្រុង​ប៉េកាំង​អាច​បន្ត​គម្រោង​អភិវឌ្ឍ​រចនាសម្ព័ន្ធ​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ដោយ​លែង​មាន​អ្នក​យក​ជើង​រា​ទឹក​ទៀត​ឡើយ។

តើ​ការ​ធ្លាក់​អាហ្វហ្កានីស្ថាន​ទៅ​ក្នុង​ដៃ​តាលីបង់​ពេល​នេះ​ជា​មេរៀន​មួយ​ដែល​ឥណ្ឌា​ត្រូវ​សើរើ​ពិនិត្យមើល​ឡើង​វិញ​នូវ​យុទ្ធសាស្រ្ត​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ដែរ ឬ​យ៉ាង​ណា?។ «គួរ​ឲ្យ​សា្តយ ឥណ្ឌា​គ្មាន​យុទ្ធសាស្រ្ត​ច្រើន​ទេ » នេះ​ជា​ការ​យល់​ឃើញ​របស់​សាស្រ្តាចារ្យ​លោក Happymon Jacob។ ពិត​ណាស់ ជ័យជំនះ​របស់​ពួក​តាលីបង់​នៅ​អាហ្វហ្កានីស្ថាន​ពេល​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​តុល្យភាព​នៅ​ក្នុង​តំបន់​អាស៊ីខាងត្បូង ពិសេស​រវាង​ឥណ្ឌា និង​ប៉ាគីស្ថាន​ដែល​ជា​សត្រូវ​ស៊ូពូជ​នឹង​គ្នា។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ឥណ្ឌា និង​ប៉ាគីស្ថាន​ក៏​មាន​ក្តីបារម្ភ​ដូច​គ្នា​ពី​បញ្ហា​សន្តិសុខ​ផ្ទាល់​ខ្លួន​ដែរ។ នៅ​ក្នុង​អតីតកាល ឥណ្ឌា​បាន​រងគ្រោះ​ធ្ងន់ធ្ងរ​ពី​អំពើហិង្សា​ភេរវកម្ម​បង្ហូរ​ឈាម​របស់​ពួក​តាលីបង់។ ជាក់ស្តែង​ចុង​ក្រោយ​ក្នុង​ខែ​កក្កដា ឆ្នាំ ២០០៨ និង​ខែ​តុលា ឆ្នាំ ២០០៩ ស្ថានទូត​ឥណ្ឌា​ប្រចាំ​ក្រុង​កាប៊ុល​ជា​ផ្ទាំងស៊ីប​នៃ​អំពើ​ភេរវកម្ម​ចំនួន​ពីរ​ដោយ​បាន​ផ្តាច់​ជីវិត​មនុស្ស​ជាង ៦០នាក់។

សម្រាប់​ប៉ាគីស្ថាន​ដែល​មាន​ព្រំដែន​យ៉ាង​វែង​ជាប់​អាហ្វហ្កានីស្ថាន​វិញ ការ​ឡើង​កាន់​អំណាច​របស់​ពួក​តាលីបង់​នឹង​អាច​ផ្តល់​ថាមពល​បន្ថែម​ដល់​ក្រុម​ភេរវនិយម ដូច​ជា Tehrik-e-Taliban ប៉ាគីស្ថាន​ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០៧ និង​ដែល​ក្រុម​នេះ​បាន​សន្យា​រំលំ​រដ្ឋាភិបាល​ទីក្រុង​អ៊ីស្លាម៉ាបាត។ គេ​ចាំ​បាន​មិន​ភ្លេច​ក្នុង​ឆ្នាំ ២០១៤ ក្រុម​នេះ​បាន​វាយប្រហារ​លើ​សាលា​មួយ​សម្រាប់​បង្ហាត់​កូនៗ​របស់​កងទ័ព​ក្នុង​ទីក្រុង Peshawar ដោយ​បាន​ផ្តាច់​ជីវិត​មនុស្ស ១៥០នាក់ ក្នុង​នោះ​មាន​ក្មេង​សាលា​ចំនួន ១៣២នាក់។ រឿង​អាស្រូវ​មួយ​ទៀត​ដែល​ប៉ាគីស្ថាន​កំពុង​បន្ត​មាន​ជាមួយ​អាហ្វហ្កានីស្ថាន គឺ​ខ្សែបន្ទាត់​ព្រំដែន​គូសវាស​ដោយ​អង់គ្លេស​ក្នុង​ឆ្នាំ ១៨៩៣ ដើម្បី​ខ័ណ្ឌ​ចែក​ទឹកដី​ទាំង​ពីរ និង​ដែល​ទីក្រុង​អ៊ីស្លាម៉ាបាត​មិន​ដែល​ទទួល​ស្គាល់​ទេ។ តើ​វា​មិនមែន​រហស័​ពេក​ទេ​ឬ​ដែល​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​លោក​អ៊ីមរ៉ាន់ ខាន់​ចាត់​ទុក​ជ័យជំនះ​របស់​ពួក​តាលីបង់​ពេល​នេះ​ជា​ជ័យជំនះ​របស់​ខ្លួន​ដែរ​នោះ?៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ