អានតួអត្ថបទ
ឥណ្ឌា-ប៉ាគីស្ថាន

ឥណ្ឌា និងប៉ាគីស្ថានផ្ទុះអាវុធនៅព្រំដែនតំបន់កាស្មៀរដោយបណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងតិច ១០នាក់

នៅ​ថ្ងៃ​សុក្រ ទី១៣ វិច្ឆិកា កងទ័ព​ឥណ្ឌា និង​កងទ័ព​ប៉ាគីស្ថាន​បាន​ផ្លោង​គ្រាប់​កាំភ្លើងត្បាល់ និង​ផ្ទុះ​អាវុធ​ដាក់​គ្នា​នៅ​តាម​ខ្សែបន្ទាត់ព្រំដែន​ដែល​ខ័ណ្ឌ​ចែក​តំបន់​កាស្មៀរ​ដោយ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ១០នាក់ និង​របួស​ជា​ច្រើន​នាក់។ កងទ័ព​ឥណ្ឌា​បាន​ចោទ​កងទ័ព​ប៉ាគីស្ថាន​ពី​បទ​រំលោភ​ដោយ​ចេតនា​លើ​កិច្ចព្រមព្រៀង​ឈប់​បាញ់​ចុះ​ហត្ថលេខា​ឆ្នាំ ២០០៣។ កាល​ពី ៥ថ្ងៃ​មុន ការ​ផ្ទុះ​អាវុធ​នៅ​តាម​ព្រំដែន​ដដែល​បាន​បណ្តាល​ឲ្យ​ស្លាប់​ទាហាន​ឥណ្ឌា​ចំនួន ៣នាក់ និង​ជន​បះបោរ​ចំនួន ៣នាក់។ គួរ​រម្លឹក​ថា ជម្លោះ​ដណ្តើម​តំបន់​កាស្មៀរ​បាន​ធ្វើ​ឲ្យ​ឥណ្ឌា និង​ប៉ាគីស្ថាន​ធ្លាក់​ក្នុង​សង្រ្គាម​នឹង​គ្នា​ចំនួន ២ដង។

កងទ័ពឥណ្ឌា​នៅក្នុង​តំបន់​កាស្មៀរ​ឥណ្ឌា
កងទ័ពឥណ្ឌា​នៅក្នុង​តំបន់​កាស្មៀរ​ឥណ្ឌា AP - Dar Yasin
ផ្សាយពាណិជ្ជកម្ម

ការ​ផ្ទុះ​អាវុធ​ក្នុង​ថ្ងៃ​សុក្រ ទី១៣ វិច្ឆិកា​ជាលើកទី៥ គិត​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។ កងទ័ព​ឥណ្ឌា​បាន​បញ្ជាក់​ថា ការ​ផ្ទុះ​អាវុធ​បាន​កើត​ឡើង​នៅ​ពេល​ដែល​ក្រុម​យុទ្ធជន​ពី​ខាង​តំបន់​កាស្មៀរប៉ាគីស្ថាន​ព្យាយាម​ឆ្លង​ចូល​ក្នុង​តំបន់​កាស្មៀរឥណ្ឌា។ នៅ​ក្នុង​សេចក្តីប្រកាសព័ត៌មាន​របស់​ខ្លួន កងទ័ព​ឥណ្ឌា​បាន​បញ្ជាក់​ពី​ការ​វាយ​បក​ចាស់​ដៃ​ដោយ​បាន​ធ្វើ​ឱ្យ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​កងទ័ព​ប៉ាគីស្ថាន​ខូចខាត​យ៉ាង​ដំណំ​ជាមួយ​នឹង​ការ​ស្លាប់ និង​របួស។ សេចក្តីប្រកាសព័ត៌មាន​របស់​កងទ័ព​ឥណ្ឌា​ដដែល​បាន​ចោទ​ប៉ាគីស្ថាន​ពី​បទ​បាន​រំលោភ​ដោយ​ចេតនា​លើ​បទឈប់បាញ់​ចុះ​ហត្ថលេខា​ក្នុង​ឆ្នាំ ២០០៣។ តាម​កងទ័ព​ឥណ្ឌា កងទ័ព​ប៉ាគីស្ថាន​បាន​ប្រើ​គ្រាប់​កាំភ្លើងត្បាល់ និង​អាវុធ​ផ្សេង​ទៀត​បាញ់​សំដៅ​លើ​តំបន់​ស៊ីវិល​ដោយ​បណ្តាល​ឲ្យ​ស្លាប់​ទាហាន​ឥណ្ឌា​ចំនួន ៣នាក់ និង​របួស​ចំនួន ៣នាក់។

ចំណែក​ប៉ូលិស​ក្នុង​តំបន់​កាស្មៀរ​ឥណ្ឌា​បាន​ប្រាប់​ពី​ការ​ស្លាប់​ជនស៊ីវិល​ចំនួន ៣នាក់ និង​របួស​ធ្ងន់ ៣នាក់។ នៅ​ខាង​ប៉ាគីស្ថាន ប្រមុខ​រដ្ឋអំណាច​តំបន់​កាស្មៀរប៉ាគីស្ថាន​លោក​រ៉ាហ្សា ហ្វារុគ ហាយដឺ​បាន​បញ្ជាក់​ពី​មាន​មនុស្ស​ស្លាប់​ចំនួន ៥នាក់ និង​របួស​ចំនួន ៣១នាក់។ « តើ​យើង​ត្រូវ​ទទួល​រង​នូវ​ការ​បាត់បង់​យ៉ាង​ច្រើន​បែប​នេះ​រហូត​ដល់​ពេល​ណា​ទៅ? » នេះ​ជា​សំណួរ​ដែល​លោក​ហាយដឺ​ចោទ​សួរ​ទៅ​កាន់​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​លោក​អ៊ីម រ៉ាន់ខាន់។ ដោយឡែក និង​បើ​តាម​សារព័ត៌មាន​ឥណ្ឌា នាយករដ្ឋមន្រ្តី​ឥណ្ឌា​លោក​ណារិនដ្រា ម៉ូឌី​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ព្រំដែន​កាស្មៀរឥណ្ឌា​ក្នុង​ថ្ងៃ​សៅរ៍ ទី១៤ វិច្ឆិកា​ដើម្បី​សួរ​សុខទុក្ខ​កងទ័ព​នា​ឱកាស​បុណ្យពន្លឺ​ដែល​ជា​បុណ្យ​សាសនា​ហិណ្ឌូ​ដ៏​សំខាន់​ប្រចាំ​ឆ្នាំ។ លោក​ម៉ូឌី​តែង​ធ្វើ​ដូច​នេះ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​លោក​ឡើង​កាន់​អំណាច​ក្នុង​ឆ្នាំ ២០១៤។

គួរ​រម្លឹក​ថា តាំង​ពី​ទទួល​បាន​ឯករាជ្យ​ពី​ប្រទេស​អង់គ្លេស និង​ការ​ពុះ​ចែក​ទឹកដី​ក្នុង​ឆ្នាំ ១៩៤៧ តំបន់​កាស្មៀរ​ក៏​ត្រូវ​បាន​ពុះ​ចែក​ជា​ពីរ​ដោយ​ម្ខាង​ជា​របស់​ឥណ្ឌា​មាន​ឈ្មោះ​ហ្សាមូកាស្មៀរ និង​ម្ខាង​ទៀត​ជា​របស់​ប៉ាគីស្ថាន​មាន​ឈ្មោះ​អាហ្សាដកាស្មៀរ។ តំបន់​ទាំង​ពីរ​នេះ​ត្រូវ​បាន​ខ័ណ្ឌ​ចែក​ដោយ​ខ្សែត្រួតពិនិត្យ​ដែល​ក្លាយ​ជា​បន្ទាត់ព្រំដែន​ដោយ​ស្វ័យប្រវត្តិ​មាន​ប្រវែង ៧៤០គីឡូម៉ែត្រ។ តែ​ឥណ្ឌា និង​ប៉ាគីស្ថាន​ដែល​សព្វថ្ងៃ​ជា​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ​ដូច​គ្នា​កំពុង​បន្ត​ទាមទារ​ក្តោប​យក​តំបន់​កាស្មៀរ​ផ្តាច់មុខ។ ជម្លោះ​ជាង ៧០ឆ្នាំ​មួយ​នេះ​បាន​រុញ​ប្រទេស​ជិតខាង​ទាំង​ពីរ​ឲ្យ​ធ្លាក់​ក្នុង​សង្រ្គាម​នឹង​គ្នា​ចំនួន ២ដង និង​វិះ​ធ្លាក់​លើកទី៣៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ