អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើនេះជា​សម័យ​ដែល​គេ​និយម​ធ្វើ​រដ្ឋប្រហារ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

អាស៊ីកត់សំគាល់​ដោយ​រដ្ឋប្រហារយោធា​នៅភូមា ចំណែក ទឹកដី​អាហ្វ្រិក​កំពុង​ស្គាល់​រដ្ឋប្រហារ​យោធា​ដល់​ទៅ ៤ដង ក្នុង​រយៈពេល​តែ ១ឆ្នាំ។ បន្ទាប់ពី​មាន​រដ្ឋប្រហារ នៅក្នុង​រដ្ឋប្រហារ នៅប្រទេស​ម៉ាលី កងទ័ព​ហ្គីណេ​បាន​ធ្វើរដ្ឋប្រហារ​នឹង​គេដែរ ដើម្បី​ចូល​កាន់អំណាច កាលពី​ថ្ងៃ​អាទិត្យ កន្លងទៅ ពោល​គឺ​នៅតែ​ប៉ុន្មានខែ​ក្រោយ មេដឹកនាំ​យោធា​ជាន់ខ្ពស់ របស់ប្រទេស​ឆាដ បាន​ចូល​ដឹកនាំ​ប្រទេស បន្ត​ពី​ឪពុក​ដែលជា​ប្រធានាធិបតី ដោយ​គ្មាន​ឆ្លងកាត់ការបោះឆ្នោត។ តើ​រដ្ឋប្រហារ​យោធា​នៅអាហ្វ្រិក ជារឿង​ដែលគេ​ធ្វើតាម​ តៗ​គ្នា?

មេបញ្ជាការទ័ពហ្គីណេ  Mamady Doumbouya, រូបកណ្តាល​នៅថ្ងៃ​ប្រកាស​ធ្វើរដ្ឋប្រហារ​ទម្លាក់ប្រធានាធិបតី​នៅថ្ងៃអាទិត្យ​ទី ៥ កញ្ញា ២០២១
មេបញ្ជាការទ័ពហ្គីណេ Mamady Doumbouya, រូបកណ្តាល​នៅថ្ងៃ​ប្រកាស​ធ្វើរដ្ឋប្រហារ​ទម្លាក់ប្រធានាធិបតី​នៅថ្ងៃអាទិត្យ​ទី ៥ កញ្ញា ២០២១ AP
ផ្សាយពាណិជ្ជកម្ម

នៅម៉ាលី បន្ទាប់ពីធ្វើរដ្ឋប្រហារ​ទម្លាក់រដ្ឋាភិបាល​ស៊ីវិល​នៅ​ឆ្នាំមុន កងទ័ព​បានធ្វើរដ្ឋប្រហារ​ម្តងទៀត នៅ​ខែឧសភា​កន្លងទៅ។ នៅ​ឆាដ មេបញ្ជាការទ័ព Idriss Deby ដែល​ជា​កូនប្រុស​របស់​ប្រធានាធិបតី ទើប​ស្លាប់​ដោយសារ​ការប្រយុទ្ធ​ក្នុង​សមរភូមិ បាន​ចូលកាន់តំណែង​ជា​មេដឹកនាំ​ប្រទេស បន្ត​ពីឪពុក ដោយ​មើល​រំលង​អំណាច​របស់​ប្រធាន​សភា។ ហ្គីណេ ជា​ប្រទេស​អាហ្វ្រិក​ទី​៣ ដែល​ត្រូវ​ស្គាល់​រសជាតិ​រដ្ឋប្រហារ កាលពី​ថ្ងៃអាទិត្យ​ទី​៥កញ្ញា។

ការក្រសោប​ចូលកាន់អំណាច​របស់​មេដឹកនាំយោធា នៅបណ្តាប្រទេស​ភាគខាងលិច​អាហ្រ្វិក នៅ​មួយឆ្នាំមកនេះ បាន​ឆ្លុះបញ្ចាំង​ពីនិទណ្ឌភាព កំហឹង និង​ទុក្ខសោក ភាពអស់សង្ឃឹម​របស់​ប្រជាជន។

សម្រាប់​រដ្ឋប្រហារ​យោធា​នៅហ្គីណេ អង្គការ​សហគមន៍​សេដ្ឋកិច្ច​នៃ​បណ្តាប្រទេស​អាហ្វ្រិកCEDEAO និង​ប្រទេស​មួយចំនួន បានដំឡើង​សំឡេង​ថ្កោលទោស ដូចដែល​គេ​បានធ្វើ កាលពី​១ឆ្នាំ មុន សម្រាប់ រដ្ឋប្រហារ​នៅប្រទេស​ម៉ាលី។ ការទាមទារ​របស់​សហគមន៍​អន្តរជាតិ នៅតែ​ដដែល ដូចជា ទាមទារ​ឲ្យម្ចាស់ធ្វើរដ្ឋប្រហារ​ស្តារ​រដ្ឋធម្មនុញ្ញ​ឡើងវិញ ដោះលែងអ្នកទោស​នយោបាយ និង​ចុងក្រោយ គឺ រៀបចំ​ការបោះឆ្នោត ឲ្យបាន​ឆាប់បំផុត។

តាំងពី​ម៉ាលី រហូត​ដល់​ហ្គីណេ កងទ័ព​ដែលជាអ្នកធ្វើរដ្ឋប្រហារ ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល បាន​ប្រើពាក្យ សឹង​ដូចគ្នា​ទាំងស្រុង នោះ គឺគេ​សម្រេច​ដណ្តើមអំណាច ដោយសារ​អំពើពុករលួយ អសមត្ថភាព​របស់​រដ្ឋាភិបាលស៊ីវិល។ ដោយ​ធ្វើរដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល ស៊ីវិល កងទ័ព​អះអាង ស្តារសណ្តាប់ធ្នាប់ និង​សន្យា​រៀបចំ​ការបោះឆ្នោត។

អ្នកស្រាវជ្រាវ​ខាងប្រទេស​អាហ្រ្វិក របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​Amnesty International ​បាន​រំលឹកគេ​ឲ្យ​ប្រុងប្រយ័ត្ន និងកុំ​ឲ្យ​គិត​ឆោតល្ងង់ថា អ្វីនឹង​ប្រសើរឡើង នៅក្រោយ​រដ្ឋប្រហារ​យោធា នៅតាម​បណ្តាប្រទេស​ដែលកំពុង​ជួបអស្ថិរភាព វិបត្តិនយោបាយ។ បទពិសោធន៍នៅប្រទេស​ហ្គីណេ​បាន​បង្ហាញ​ថា មនុស្ស​មួយចំនួន​យល់គិតថា ការបិទបញ្ចប់​របបដឹកនាំ​របស់​ប្រធានាធិបតី Alpha Condé ជា​រឿង​ល្អ។ ប៉ុន្តែ គេ​មិនត្រូវភ្លេច​ថា វា​មិនមែនជា​លើកទី១ ទេ ដែលគេធ្លាប់​ការដាក់ក្តីសង្ឃឹម​លើ​ការផ្លាស់ប្តូរ​របប។ រាល់លើក ក្តីសង្ឃឹម​របស់ពួកគេ​ត្រូវ​រលាយដូច​អំបិលត្រូវទឹក ក្រមួនត្រូវថ្ងៃ។​

ជាក់ស្តែង នៅម៉ាលី មេទ័ព អាស៊ីមី ហ្គយតា ធ្លាប់បាន​សន្យា រៀបចំ​ការបោះឆ្នោត នៅ​ខែ កុម្ភៈ នៅ​ឆ្នាំ ២០២២។ ប៉ុន្តែ ការគ្រប់គ្រង​របស់របបសឹក នៅ​មួយឆ្នាំមកនេះ បានបង្កើត​ក្តីសង្ស័យ ដែល​ថា កងទ័ពទំនងជា​នឹង​មិនគោរព​តាមការសន្យា ហើយ​និងអាច​បន្តក្តោបអំណាច​យូរតទៅទៀត នៅម៉ាលី។

ហេតុអ្វី​បាន​ជា​រដ្ឋប្រហារ​កើតឡើង​ញឹកញាប់​នៅអាហ្វ្រិក?

សម្រាប់អ្នកជំនាញ​ ខាង​តំបន់​សាហ៊ែល ប្រចាំ​វិទ្យាស្ថាន International Crisis Group​ គេ​មិនអាច​និយាយ​ថា រដ្ឋប្រហារ​យោធា នៅម៉ាលី និង​នៅ​ឆាត ជាមូលហេតុ​ចំបង ធ្វើឲ្យ​ឲ្យកងទ័ព​នៅប្រទេស​ហ្គីណេ ធ្វើរដ្ឋប្រហារនោះទេ។ ប៉ុន្តែ គេ​ទទួលស្គាល់​ថា ការដែល​រដ្ឋប្រហារ​យោធា នៅម៉ាលី និង​នៅ​ឆាត មិនបាន​ទទួល​ការផ្តន្ទាទោស​ខ្លាំង ពី​សហគមន៍​អន្តរជាតិ និង​ប្រទេស​នៅក្នុង​តំបន់ គឺ បានទៅ​បង្កើត​បរិយាកាស​សមគួរឲ្យកើតមាន​ព្រឹត្តិការណ៍​រដ្ឋប្រហារ ដូចជា​នៅ​ហ្គីណេ។

ជាក់ស្តែង នៅម៉ាលី សហគមន៍អន្តរជាតិ​ធ្លាប់បាន​និយាយ​ចុងមាត់ ចុងក ទទួលស្គាល់អំណាច​របស់​មេដឹកនាំ​ធ្វើរដ្ឋប្រហារ ព្រោះថា​រដ្ឋប្រហារ​យោធា​ភាគច្រើន​សំដៅ​ទម្លាក់​ប្រធានាធិបតី​ដែល​ធ្លាក់កូដប្រជាប្រិយភាព។ ចំណែកនៅ ឆាត បារាំង ដែលជា​ដៃគូពាណិជ្ជកម្ម និង​សម្ព័ន្ធមិត្ត​យោធា​របស់​ឆាត មិនបាន​រិះគន់រដ្ឋប្រហារ ប៉ុន្តែ ផ្ទុយទៅវិញ បាន​ទទួលស្គាល់ ការចូលកាន់អំណាច​របស់​មេបញ្ជាការ​ទ័ព Idriss Déby ដែលបារាំង ចាត់ទុកថា ធ្វើឡើង ដោយ​ត្រឹមត្រូវ និង​គ្មានរដ្ឋប្រហារ​អ្វីនោះទេ។

មន្រ្តីរដ្ឋាភិបាល​ម៉ាលី​ម្នាក់ ដែលសុំ​មិន​បញ្ចេញឈ្មោះ បាននិយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មានបារាំង AFP ថា​ ចង់​ឬ​មិនចង់ រដ្ឋប្រហារ​នៅប្រទេស​ឆាត ដែល​បារាំង និង​ប្រទេស​ក្នុងតំបន់​អាហ្វ្រិកបាន​ទទួលស្គាល់ ផ្តល់​សុពលភាព ពេញទី នឹងអាច​ទៅ​បង្កើត​ឥទ្ធិពល​ដូមីណូ។ ដោយ​ឃើញ​ឧទាហករណ៍​នៅប្រទេស​ឆាត កងទ័ព​នៅ កន្លែងផ្សេង អាច​គិតថា ហេតុអ្វីបានជាគេ​មិនធ្វើរដ្ឋប្រហារ​នឹងគេដែរ?

ការបាក់បែក ខ្វែងគំនិតគ្នា និង​អវត្តមាន​របស់​សហគមន៍​អន្តរជាតិ ដើម្បី​ឆ្លើយតប ទៅនឹង​ព្រឹត្តិការណ៍ធ្វើរដ្ឋប្រហារ​នៅ​ម៉ាលី ឆាត អាច​ជំរុញ​លើកទឹកចិត្ត​ឲ្យ​ទាហាន ដែល​អាងអាវុធ​ក្នុង​ដៃ ចូល​ប្លន់អំណាច តាមរយៈ រដ្ឋប្រហារ។ សម្រាប់​កាសែតក្នុងស្រុកអាហ្វ្រិក សហគមន៍​អន្តរជាតិ គួរឈប់ ធ្វើនយោបាយ បែបធ្វើថ្លង់ធ្វើគ តទៅទៀត។ គេ​ក៏គួរតែ​ឈប់ និយាយ​ពាក្យ​ថ្កោលទោសស្រាលៗ ដដែលៗ ប៉ុន្តែ ផ្ទុយទៅវិញ គួរ​ចាត់វិធានការ​តឹងរ៉ឹង មុតមាំ ណាមួយ ដើម្បីដាក់ទោស ទណ្ឌកម្ម កុំ​ឲ្យយោធា មាន​ទឹកចិត្ត​ចង់​ធ្វើ​រដ្ឋប្រហារ ផ្តួល​រដ្ឋាភិបាលដែល​ចេញមកពីការបោះឆ្នោត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ