អានតួអត្ថបទ
ហ្គីណេ-រដ្ឋប្រហារ

រដ្ឋប្រហារ​នៅ​ហ្គីណេ ប្រធានាធិបតីត្រូវ​បាន​​ចាប់ខ្លួន

​កង​កម្លាំង​ពិសេសហ្គីណេ បានដឹកនាំ​ធ្វើ​រដ្ឋប្រហារ និង​​ចាប់​ខ្លួន​ប្រធានាធិបតី​ហ្គីណេលោក អាល់ហ្វា កុងដេ Alpha Condéនៅ​ថ្ងៃ​អាទិត្យ​ទី ៥​កញ្ញា២០២១។ បើ​តាម​ក្រុមយោធា លោកប្រធានាធិបតី​វ័យ​៨៣​ឆ្នាំ មាន​សុខភាព​ល្អ​​​។ ប៉ុន្តែ​ក្រៅ​ពី​រូបភាព​និង​វីដេអូ​បង្ហោះ​ផ្សាយ​តាម​ប្រព័ន្ធ​សង្គម​ គេ​គ្មាន​ដំណឹង​ពី​លោក​ អាល់ហ្វាកុងដេ។ លោក​ កុងដេ ជា​អ្នក​នយោបាយ​​ដ៏​សំខាន់​មួយ​របស់​ហ្គីណេ តាំង​ពី​កន្លះ​សតវត្សរ៍​មក​ហើយ​។ លោក​ទើប​បាន​ជាប់​ឆ្នោត​អាណត្តិទី​បី បន្ទាប់​ពី​បាន​គ្រប់​គ្រង​ប្រទេស​អស់​១១ឆ្នាំ។ រដ្ឋប្រហារ​ទម្លាក់​លោក​នៅ​ពេល​នេះ ត្រូវ​បាន​ថ្កោល​ទោសយ៉ាង​ខ្លាំង​ពី​សំណាក់​​​សហគមន៍​អន្តរជាតិ។

មេដឹកនាំ​ធ្វើ​រដ្ឋប្រហារ​ ចេញ​ថ្លែងការណ៍​តាមកញ្ចក់​ទូរទស្សន៍​ជាតិ​ហ្គីណេ
មេដឹកនាំ​ធ្វើ​រដ្ឋប្រហារ​ ចេញ​ថ្លែងការណ៍​តាមកញ្ចក់​ទូរទស្សន៍​ជាតិ​ហ្គីណេ AP
ផ្សាយពាណិជ្ជកម្ម

ទោះ​បីមាន​ស្នូរ​កាំភ្លើងស្វ័យប្រវត្តិ​​លាន់​​ឮខ្លាំង​កណ្តាល​រដ្ឋ​ធានី​មែន ប៉ុន្តែ​រដ្ឋប្រហារ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​ការ​បង្ហូរ​ឈាម​ទេ។ គ្មាន​ពលរដ្ឋ​ស៊ីវិលណា​ម្នាក់​ត្រូវ​ស្លាប់​ឬ​រង​របួស​ឡើយ។

​វរសេនីយ៍​ ម៉ាម៉ាឌី ឌូមប៊ូយ៉ា Mamady Doumbouya ដែល​ជា​អ្នក​ដឹកនាំ​ធ្វើ​រដ្ឋប្រហារ​ ក្នុង​នាម​គណៈកម្មការ​ជាតិ​ប្រមូល​ផ្តុំ​និង​អភិវឌ្ឍន៍​ បាន​ប្រកាសដាក់​បម្រាម​គោរច​ទូទាំង​ប្រទេស និង​បិទ​ព្រំដែន ព្រមទាំង​ ​រំលាយ​រដ្ឋធម្មនុញ្ញ រដ្ឋាភិបាល ដោយ​​សន្យា​ពិគ្រោះ​ពិចារណា​ក្នុង​អត្ថន័យ​រួបរួម​គ្នា​នាំ​ប្រទេស​ឆ្លង​អន្តរកាលដោយ​សន្តិវិធី។​ ក្រុម​យោធា​​ដឹកនាំ​ធ្វើ​រដ្ឋប្រហារ​បាន​បញ្ជាក់​ថា លោក​ប្រធានាធិបតី​​​​ អាល់ហ្វា កុងដេ ស្ថិត​ក្នុង​កណ្តាប់​ដៃ​ពួកគេ និង​​មាន​សុខភាព​ល្អទេ តែនៅ​ក្នុង​​​វីដេអូ ​លោកកុងដេ ​មិន​ឆ្លើយ​នឹង​សំណួរ​របស់​ទាហាន​បិទ​មុខម្នាក់​ថា​លោក​មិន​បាន​រង​ទារុណកម្ម​ និង​អំពើ​ហិង្សា​ទេ។

តើ​ជោគវាសនា​របស់​លោក​​ប្រធានាធិបតី នឹង​ក្លាយ​ទៅ​ជា​យ៉ាងណា ? លោក​អាច​នឹង​បន្ត​មាន​តួនាទី​​នយោបាយ​នៅ​ហ្គីណេ​ទៀត​ឬ​យ៉ាងណា ? ឬ​ក៏​ត្រូវ​ក្រុមយោធា​ដោះលែង​ រួច​ចាក​ចេញ​ទៅ​បរទេស ដូច​មេដឹកនាំ​ប្រទេស​ជា​ច្រើន​ផ្សេង​ទៀត​ដែល​គេ​បណ្តេញ​ពី​អំណាច ? ទាំង​នេះ​សុទ្ធ​តែ​ជា​សំណួរ​​ដែល​ពុំ​ទាន់​មាន​ចម្លើយ។ ជា​មួយ​នឹង​ការ​ថ្កោលទោស​​ការ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ សហភាព​អាហ្វ្រិក អង្គការ​សហប្រជាជាតិ បាន​ទាមទារ​ជា​ឯកច្ឆ័ន្ទ​​ឱ្យ​ក្រុមយោធា​​ដោះលែង​និងគោរពភាព​ថ្លៃថ្នូរ លោកប្រធានាធិបតី​ កុងដេ ដោយ​គ្មាន​លក្ខខណ្ឌ។

សូម​បញ្ជាក់​ថា​លោក អាល់ហ្វា កុងដេ ជា​អ្នក​​នយោបាយដ៏​សំខាន់​ម្នាក់ របស់​​ហ្គីណេ ​​នា​​កន្លះសតវត្សរ៍​ចុងក្រោយ​នេះ។ នៅ​ឆ្នាំ​១៩៦០​ និង​នៅ​ជា​និស្សិត​សិក្សា​នា​ទីក្រុង​ប៉ារីស​នៅ​ឡើយ លោក​បាន​បង្កើត​ចលនា​ប្រឆាំងនឹង​របប​ផ្តាច់ការ​​ហ្គីណេ Sekou Touré ដែល​បាន​កាត់​ទោសប្រហារជីវិត​​លោក​ដោយ​កំបាំង​មុខ​​។ មេដឹកនាំ​ផ្តាច់​ការ​Touré​ស្លាប់ ហ្គីណេ​ចាប់​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ លោក កុងដេ បាន​ត្រលប់​ចូល​ប្រទេស​វិញ​ និង​បានបង្កើត​បក្ស​នយោបាយ​ តែ​ត្រូវ​បរាជ័យ​ក្នុង​សម័យ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​១៩៩៣-១៩៩៨ រួច​ត្រូវ​ប្រធានាធិបតី​ឈ្នះឆ្នោត​ចាប់​ដាក់​ពន្ធនាគារ មុន​នឹង​ដោះលែង​វិញ​ក្រោម​សម្ពាធ​អន្តរជាតិ។ គេ​ត្រូវ​រង់​ចាំ​ទាល់​តែ​មាន​រដ្ឋប្រហារ​ឆ្នាំ​២០០៨ ទើប​លោក​កុងដេ បានឡើងកាន់​អំណាច​ដឹកនាំ​ប្រទេស នៅ​ឆ្នាំ​២០១០ តាម​រយៈ​ការ​បោះ​​ឆ្នោត​ដ៏​ចម្រូង​ចម្រាស។ ក្នុង​រយៈ​ពេល​១០​ឆ្នាំ​នៃ​អំណាច លោក កុងដេ ជួន​ឯកា ជួន​ផ្តាច់ការ បើ​គ្រប់​ល្បិច​ដើម្បី​រក្សា​តំណែង​កំពូល រហូតប្រជាពលរដ្ឋ​ងើប​​តវ៉ា​ប្រឆាំង​ និង​បន្ទោស​លោក​ លួច​បន្លំ​សន្លឹកឆ្នោត​និង​រដ្ឋធម្មនុញ្ញ​ ដើម្បី​បាន​ជាប់​ឆ្នោត​ជា​លើ​កអាណត្តិទីបី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ